កាំបិតដោតចូលក្នុងក្បាល តែទ្រាំទ្របានចំងាយ១០០គ.ម រហូតដល់មន្ទីរពេទ្យ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣១ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 31, 2014
- ប្រធានបទ: កម្រមាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«អ្នកជំងឺម្នាក់នោះ បានមកដល់មន្ទីរពេទ្យ នៅព្រឹកថ្ងៃអាទិត្យវេលាម៉ោង៤ទៀបភ្លឺ ហើយបានទទួលការវះកាត់ នៅពីរម៉ោងក្រោយមក។ ការវះកាត់បានប្រព្រឹត្តិទៅ ដោយប្រើរយៈពេលបីម៉ោង។ ប៉ុន្តែឥឡូវនេះ អ្នកជំងឺបានឆ្លងផុតគ្រោះថ្នាក់ ហើយកំពុងសម្រាកព្យាបាលជាធម្មតា នៅក្នុងមន្ទីរពេទ្យ។» នេះជាការអះអាងរបស់អ្នកស្រី អាណា ផ្លាវីយ៉ា ស័រ៉េស (Ana Flavia Soares) អ្នកនាំពាក្យមន្ទីរពេទ្យនៃទីក្រុង តេរ៉េស៊ីណា (Teresina ភាគកណ្ដាលខាងកើត នៃប្រទេសប្រេស៊ីល)។
បើតាមក្រុមគ្រូពេទ្យបានបញ្ជាក់ឲ្យដឹងថា កាំបិតបានចាក់ចូល នៅខាងក្រោមភ្នែកខាងឆ្វេង ហើយបានកាត់តាមមាត់ ចុះមកឈប់ នៅខាងលើឆ្អឺងថ្គាមក្រោមផ្នែកខាងស្ដាំ តែបន្តិចប៉ុណ្ណោះ។ ដោយឃើញអ្នកជំងឺ លោក ជូអាសេឡូ នូណេស (Juacelo Nunes) អាយុ៣៩ឆ្នាំរូបនេះ នៅមានភាពរវាសរវៃរហូត និងឆាប់ភ្ញាក់ដឹងខ្លួននោះ វេជ្ជបណ្ឌិតមួយរូប លោក ហ្សីប៊ែតូ អាលប៊ូគេក (Gilberto Albuquerque) បានថ្លែងដោយការភ្ញាក់ផ្អើលថា៖ «កាំបិតបានចាក់ចូល ដោយកាត់តាមសរសៃឈាម និងសរសៃប្រសាទជាច្រើន ហើយអាចសម្លាប់អ្នកជំងឺស្លាប់ភ្លាមមួយរំពេច»។
មិនត្រឹមតែកាំបិតមួយចូល ក្នុងក្បាលដ៏គួរឲ្យរន្ធត់នេះទេ តែអ្នកជំងឺ ជូអាសេឡូ មានស្នាមរបួសបីកាំបិតផ្សេងទៀត ពីរកាំបិតនៅលើ ស្លាបប្រជៀវ និងមួយកាំបិតនៅលើស្មា។
ហេតុការណ៍ដំបូងបានកើតឡើង រហូតដល់មានការកាប់ចាក់យ៉ាងសាហាវនេះ បន្ទាប់ពីមានជម្លោះពាក្យសម្ដី បានកើតឡើងក្នុងពិធីបុណ្យ ដែលបានប្រារព្ធធ្វើ នៅក្នុងក្រុង អាហ្គ័ ប្រានកា (Agua Branca) ទីក្រុងដាច់ស្រយ៉ាល និងក្រីក្រមួយ ស្ថិតនៅចំងាយជាង១០០គីឡូម៉ែត្រ ពីទីក្រុង តេរ៉េស៊ីណា។ លោក ជូអាសេឡូ នូណេស ត្រូវបានមិត្តភ័ក្រដឹងលោក តាមរថយន្ដពីទីក្រុងតូចនោះ មកកាន់មន្ទីរពេទ្យ ដោយប្រើរយៈពេលជាង២ម៉ោង។ ប៉ុន្តែអ្នករបួសធ្ងន់រូបនេះ នៅតែដឹងខ្លួននៅតាមផ្លូវរហូត។
បើតាមអ្នកស្រីអ្នកនាំពាក្យមន្ទីរពេទ្យខាងលើ បាននិយាយថា លោក នូណេស ត្រូវសម្រាកនៅមន្ទីរពេទ្យយ៉ាងហោច២ទៅបីថ្ងៃទៀត ព្រោះរបួសមួយក្នុងចំណោមរបួសទាំងបួនកន្លែង មានលក្ខណៈធ្ងន់ធ្ងរជាងគេ៖ «កាំបិតបានចាក់ចូល ទៅទម្លោះសួតរបសលោក»៕