អាមេិក៖ ទារកភ្លោះមួយគូរ កើតខុសពេលគ្នា ដល់ទៅ៣៩ថ្ងៃ (vdo)
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៣ ខែមិថុនា ២០១៤
- កែប្រែចុងក្រោយ: June 24, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទារកបងកើតនៅថ្ងៃទី២០ ខែមករា រីឯទារកប្អូន កើតនៅថ្ងៃទី២៦ ខែកុម្ភៈ។ ខុសពេលគ្នាដល់ទៅជាងមួយខែ ករណីដ៏ចម្លែកនេះបានបង្កការភ្ញាក់ផ្អើល បន្ទាប់ពីគ្រូពេទ្យអនុញ្ញាតក្រុមគ្រួសារម្ដាយកូន ឲ្យវិលត្រឡប់ទៅផ្ទះវិញ កាលពីប៉ុន្មានថ្ងៃមុននេះ។
កូនភ្លោះទាំងពីរ។ (រូបថតផ្ដិតពីវីដេអូ)
ពីនេះពីនោះ - ជាករណីដ៏កម្រមិនគួរឲ្យជឿ សម្រាប់ក្រុមគ្រូពេទ្យ និងឆ្មបអ្នកបង្កើតទារក។ នៅទីក្រុង កានសាស (Kansas) នៃរដ្ឋមីស៊ូរី (Missouri) សហរដ្ឋអាមេរិក ស្ត្រីជាតិអាមេរិកាំងមួយរូប ទើបនឹងប្រសូតបានកូនភ្លោះមួយគូរ ដែលចាប់កំណើតខុសពេលគ្នា ដល់ទៅ៣៩ថ្ងៃ។ នាង អេឡែន កូវ៉ាន (Elene Cowan) ជាម្ដាយរូបនេះ បាននិយាយថា៖ «រឿងដែលអ្នកឯងស្កាប់លឺនេះ វាបានកើតឡើងមែន ប៉ុន្តែអ្នកច្បាស់ជាគិតថា វាមិនដែលមានរឿងបែបនេះនោះទេ ជាពិសេសខ្លួនអ្នកផ្ទាល់»។
ទារកភ្លោះដំបូង បានកើតនៅត្រឹមតែសប្ដាហ៍ទី២៤ បើប្រៀបធៀបទៅនឹងការពរពោះធម្មតា ដែលមានរយៈពេលដល់ទៅ៩ខែ ហើយមានទម្ងន់ត្រឹមតែ ៦៣៥ក្រាមប៉ុណ្ណោះ។ ដោយហេតុនេះហើយ ទើបក្រុមគ្រូពេទ្យបានធ្វើការពន្យាពេល សម្រាប់ទារកប្អូន ដើម្បីមានសង្ឃឹមថានឹងបានរស់។
នាង អេឡែន បាននិយាយទៀតថា៖ «ការពរពោះរបស់ខ្លួន នៅថ្ងៃដំបូង មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ។ (...) ខ្ញុំក៏មិនដែលមានអារម្មណ៍ថា ឈឺផ្សា ឬមានបញ្ហាអ្វីនោះឡើយ»។ តែចាប់ពីសប្ដាហ៍ទី២៣មក សភាពជិតឆ្លងទន្លេ បានធ្វើឲ្យនាងមានអារម្មណ៍ឡើង រហូតមកដល់ថ្ងៃទី២០ ខែមករា ថ្ងៃដែលទារកបង បានកើត។ នាងជាម្ដាយបានបន្តទៀតថា៖ «កូនបងមានទំហំតូចមែនទែន ... មានទម្ងន់ត្រឹមតែ៦៣៥ក្រាមប៉ុណ្ណោះ ... ក្ដីសង្ឃឹមថានៅរស់ សឹងតែមិនមានផង»។
ក្រុមគ្រូពេទ្យបានសម្រេចចិត្ត ពន្យាពេលទារកទីពីរ បើទោះជាទងសុក ត្រូវបានកាត់ផ្ដាច់ចេញ ពីទារកទីមួយរួចហើយក៏ដោយ (ផ្ដាច់ទងសុក អាចបង្កហនិភ័យឲ្យទារកទីពីរ)។ ស្ត្រីជាម្ដាយត្រូវបានគ្រូពេទ្យចាក់ថ្នាំយ៉ាងច្រើន ដើម្បីឲ្យទ្វាប្រសូតបានបិតវិញ ដើម្បីទុកទារកទីពីរនៅក្នុងពោះសិន។ នាង អេឡែន បាននិយាយថា៖ «ខ្ញុំបារម្ភខ្លាចបាត់ពួកវាទាំងពីរ»។
ទីបំផុតទៅ នៅ៣៩ថ្ងៃក្រោយមក ទារកទីពីរបានកើតចេញ តែក៏មិនជាធំអីណាស់ណាដែរ ដោយមានទម្ងន់ត្រឹមតែ១,៣គីឡូក្រាមប៉ុណ្ណោះ។ ប៉ុន្តែទារកប្អូននេះ មានសុខភាពល្អប្រសើរណាស់។ ម្ដាយនិយាយរៀបរាប់បន្ថែម ដោយក្ដីអំណរថា៖ «ខុសពីកូនបង កូនប្អូននេះមិនចាំបាច់ជំនួយ ក្នុងការដកដង្ហើមនោះឡើយ»៕
សូមទស្សនាវីដេអូ ទាក់ទងនឹងគ្រួសារទាំងមូលដូចតទៅ៖