បារាំងជើងឯកបាល់ទាត់ពិភពលោក២០១៨ បន្ទាប់ពីបំបាក់ក្រូអាស៊ី ៤-២
នៅទីបញ្ចប់នៃការប្រកួត គឺក្រុមបាល់ទាត់មាន់គក បារាំង ជាអ្នកលើកពានបាល់ទាត់ពិភពលោក ក្នុងឆ្នាំ២០១៨ សម្រាប់រយៈពេល៤ឆ្នាំទៅមុខ។ ក្រុមបារាំង បានបំបាក់ក្រុម ក្រូអាស៊ី ដោយគ្រាប់បាល់ ៤-២ នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រមួយ ប្រកបដោយភាពស្វិតស្វាញ ពីសំណាក់ក្រុមបាល់ទាត់ទាំងសងខាង នាកីឡដ្ឋានរដ្ឋធានី ម៉ូស្គូ ប្រទេសរ៉ូស្ស៊ី ក្នុងល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨នេះ។
ជាពានរង្វាន់ ដែលគ្រូដឹកនាំក្រុមបារាំង លោក ឌីឌីយ៉េ ដេឆម (Didier Deschamps) ធ្លាប់បានលើកម្ដងហើយ កាលពី២០ឆ្នាំមុន (ឆ្នាំ១៩៩៨) ក្នុងឋានៈលោកពេលនោះ ជាកីឡាករមួយរូប។ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំនេះទៀតសោធ លោក ដេឆម មិនបានបង្កើតយុទ្ធសាស្ត្រអ្វីខ្លាំងក្លា សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិ ដែលស្ថិតក្រោមការដឹកនាំ របស់លោកនោះទេ។ អ្វីដែលលោកធ្លាប់និយាយ ទៅកាន់អ្នកសារព័ត៌មាន គឺយុទ្ធសាស្ត្របាល់ទាត់របស់លោក ជា«ការសម្រប»ទៅនឹងក្រុមគូប្រជែង។
[...]