ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទមណ្ឌលគីរី រងបណ្តឹង«ពុករលួយ» ទៅគណកម្មការទី១០ នៃរដ្ឋសភា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍ ៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 31, 2014
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមពាក្យបណ្តឹងចុះថ្ងៃទី៣០ ខែធ្នូ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទើបនឹងទទួលបាន ក្នុងថ្ងៃទី៣១ ខែធ្នូនេះ មន្រ្តីរាជការដែលបំរើការងារនៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគីរី បានប្តឹងលោក យន់ សារ៉ោម ប្រធានមន្ទីរ លោកស្រី ធា ប៊ុនធឿន អនុប្រធានមន្ទីរ និងលោក ទូច ម៉ាឡា ប្រធានការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទៅកាន់គណកម្មការទី១០ នៃរដ្ឋសភា ថាបានប្រព្រឹត្តិអំពើពុករលួយ។
ក្នុងពាក្យបណ្តឹងនោះ បានសរសេរថា លោក យន់ សារ៉ោម, លោកស្រី ធា ប៊ុនធឿន និងលោក លោក ទូច ម៉ាឡា បានឃុបឃិតគ្នាតាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន ក្នុងការកេងប្រវ័ញ្ញប្រាក់រដ្ឋ និងយកទ្រព្យសម្បតិ្តរបស់រដ្ឋ (ឡាន ម៉ូតូ សាំង) ទៅបំរើគ្រួសាររបស់ខ្លួន។ ពាក្យបណ្តឹងនេះបានសរសេរទៀតថា ក្រោយការឡើងកាន់ដំណែង ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគីរី មានប្រាក់ខែត្រឹមតែជាងមួយលានរៀលនោះ លោក យន់ សារ៉ោម ដែលមានភរិយាជាមន្រ្តីធម្មតាបំរើការ នៅសាលាខេត្ត តែលោកមានលទ្ធភាពរហូតមានដីជាកម្មសិទ្ធិរាប់សិបកន្លែង ជាមួយនិងការដើរស៊ីចាយ ហ៊ឺហារ ព្រោះតែការកិបកេងលុយរដ្ឋជាបន្តបន្ទាប់រៀងមក។
ផ្លូវក៏មិនបានធ្វើ ឯប្រាក់ក៏ដក...
មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីការកេងប្រវ័ញ្ញក្នុងមន្ទីរ នៅមានការឃុបឃិតជាមួយឈ្មួញខាងក្រៅ ដូចជាមួយក្រុមហ៊ុន ខូវ ម៉េង ក្នុងការកសាងផ្លូវជាដើម ដែលដកប្រាក់រាប់រយលានរៀលមកធ្វើផ្លូវ ហើយផ្លូវក៏មិនបានធ្វើ ឯប្រាក់ក៏ដក តែគឺដើម្បីតែចែកគ្នាប៉ុណ្ណោះ។ នេះបើតាមពាក្យបណ្ដឹងដដែលនោះ។
ចំពោះការចោទប្រកាន់ របស់មន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគីរី នេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់ស្វែងប្រតិកម្មតបពីលោក យន់ សារ៉ោម, លោកស្រី ធា ប៊ុនធឿន និងលោក លោក ទូច ម៉ាឡា បាននៅឡើយ។
ត្រូវរ៉ូវគ្នា... ត្រូវគ្នារឿងអី?
បើយោងតាមពាក្យបណ្តឹងដដែលបានបន្ថែមថា កន្លងមកក៏មានការចុះធ្វើអធិការកិច្ច ដោយក្រសួងទំនាក់ទំនងព្រឹទ្ធភា រដ្ឋសភា និងអធិការកិច្ច ហើយក៏រកឃើញ និងចាប់កំហុសយ៉ាងធ្ងន់ធ្ងរលើលោក យន់ សារ៉ោម និងបក្សពួកដែរ តែពួកគេនៅតែរួចខ្លួន ក្រោមពីមានការ«ត្រូវរ៉ូវ»គ្នា។ តាំងពីពេលនោះមកពួកគេរឹតតែបានដៃ និង ប្រព្រឹត្តិអំពើពុករលួយកាន់តែខ្លាំងឡើងៗរហូតដល់បច្ចុប្បន្ននេះ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក៏មិនអាចទំនាក់ទំនង ជាមួយប្រធានគណកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភាលោក ហូរ វ៉ាន់ មកពីគណបក្សសង្គ្រោះជាតិបានដែរ ដោយទូរស័ព្ទគ្មានអ្នកលើក។ តែសួរថា តើគណកម្មការទី១០ នៃរដ្ឋសភានេះ មានលទ្ធភាពដល់កម្រិតណា ក្នុងការចូលរួមទប់ស្កាត់ និងបំបាត់អំពើពុករលួយ នៅក្នុងស្ថាប័នដ្ឋនោះ វាហាក់ដូចជាស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។
កន្លងមក លោក ហូរ វ៉ាន់ ធ្លាប់បានបញ្ជាក់ជាមួយអ្នកសារព័ត៌មាននៅរដ្ឋសភាថា គណកម្មការរបស់លោក គ្រាន់តែជាស្ថាប័ន«និតិបញ្ញត្តិមានតួនាទី តាមឃ្លាំមើលការអនុវត្តច្បាប់នានា របស់ស្ថាប័ននីតិប្រតិបត្តិ»ប៉ុណ្ណោះ។
ទន្ទឹមគ្នានឹងការលើកឡើង របស់លោក ហូវ៉ាន់ នេះ លោក ឱម យិនទៀង ក៏ធ្លាប់បាន«បក» និងព្រមានទៅប្រធានគណកម្មការទី១០ នៃរដ្ឋសភាវិញថា គណកម្មការនេះជាកូនពៅ ដែលទើបនឹងកើតប៉ុណ្ណោះ គ្មានសិទ្ធិអំណាច គ្មានលទ្ធភាព និងសមត្ថកិច្ចគ្រប់គ្រាន់តាមផ្លូវច្បាប់ ទាក់ទងនឹងការស៊ើបអង្កេតអំពើពុករលួយនោះទេ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានបញ្ជាក់ទៀតថា៖ «សូម្បីតែស្ថាប័នតុលាការ ក៏មិនអាចធ្វើការស៊ើបអង្កេតរឿងនេះបានដែរ ត្រូវតែឃ្វាលចេញ និងប្តឹងបកមកអង្គភាពប្រឆាំងអំពើពុករលួយ។ (...) មានតែអង្គភាពប្រឆាំងអំពើពុករលួយតែមួយគត់ ដែលមានសមត្ថកិច្ច ស៊ើបអង្គេតបញ្ហាអំពើពុករលួយ។ ស្ថាប័នផ្សេងទៀត ដឹងពីបញ្ហាអំពើពុករលួយ ត្រូវប្តឹងមកអង្គភាពប្រឆាំងអំពើពុករលួយ មិនអាចយករឿងអំពើពុករលួយ ទៅបើកស៊ើបអង្កេតដោយខ្លួនឯងបានទេ។ នេះយើងច្បាស់ជាមួយគ្នា។»
» សូមអានអត្ថបទដែលពាក់ព័ន្ធ ដោយចុចលើទីនេះ។
សូមអានពាក្យបណ្តឹងទាំងស្រុងដូចខាងក្រោម (សូមចុចលើរូប ដើម្បីពង្រីកអាន)៖