រដ្ឋសភាគាំទ្រ អ៊ឹម សួស្ដី ឲ្យក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 16, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានអតីតភាព ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក អ៊ឹម សួស្ដី បានក្លាយជាសមាជិក នៃក្រុមប្រឹក្សាធម្មនុញ្ញ ជាផ្លូវការហើយ បន្ទាប់ពីរដ្ឋសភាកម្ពុជា បានប្រជុំបោះឆ្នោតសម្រេច ផ្ដល់ការគាំទ្រជូនលោក នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភានេះ។ លោក សួស្ដី ត្រូវបានជ្រើសតាំង ដើម្បីជំនួសលោក ពិត តាំងសាន អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលទើបទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមេសាកន្លងមក។
ពីក្នុងចំណោមសមាជិកតំណាងរាស្ត្រ ចំនួន ៨២រូប (តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មានចំនួន ៦៥រូប និងគណបក្សសង្គ្រោះជាតិ ចំនួន ១៧ រូប) ដែលចូលរួមកិច្ចប្រជុំ ពេញអង្គរដ្ឋសភា លើកទី០៨ នីតិកាលទី៥ ក្នុងថ្ងៃអង្គារនេះ លោក អ៊ឹម សួស្ដី ទទួលបានសម្លេងគាំទ្រចំនួន ៦៦រូប ប្រឆាំង ១៤រូប និងអនុប្បវាទ ២រូប ក្នុងការបោះឆ្នោតជាសម្ងាត់ តាមរយៈការគូសសន្លឹកឆ្នោត របស់រដ្ឋសភា។
ចេញពីតំណែងជាទេសរដ្ឋមន្ត្រី មកធ្វើសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ...
ជាមួយនឹងការប្រទាំងប្រទើស និងការរិះគន់ ពីឯករាជ្យភាពរបស់លោកនោះ លោក អ៊ឹម សួស្តី បានកាន់តំណែង ជាប្រធានគ.ជ.ប បានរយៈពេល១៣ឆ្នាំ ចាប់ពីអាណត្តិទី២ នៅឆ្នាំ២០០២ រហូតដល់ខែមេសា ឆ្នាំ២០១៥។ បន្ទាប់ពីចេញ ពីប្រធានស្ថាប័ន គ.ជ.ប លោក សួស្ដី ត្រូវបានលោក ហ៊ុន សែន តែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ហើយនៅ ៤ ថ្ងៃបន្ទាប់មកទៀត លោក ហ៊ុន សែន បានសម្រេចស្នើដំឡើងឋានៈលោក ឲ្យក្លាយជាទេសរដ្ឋមន្ត្រី ទទួលបន្ទុក«បេសកកម្មពិសេស»។
អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី១០ ខែឧសភាថា លោក អ៊ឹម សួស្ដី ជាបេក្ខជនតែម្នាក់ ពីក្នុងចំណោមបេក្ខជនបីនាក់ ដែលបំពេញបាន នូវលក្ខខណ្ឌច្បាប់ សម្រាប់ក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ លោក ប៉េងឡុង បានថ្លែងឲ្យដឹងថា៖ «ក្នុងច្បាប់ ដើម្បីក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបំពេញនូវលក្ខខណ្ឌបី គឺ មានអាយុ៤៥ឆ្នាំយ៉ាងតិច មានកំរិតសិក្សាថ្នាក់ឧត្តមសិក្សា ថ្នាក់ច្បាប់ រដ្ឋបាល ការទូត ឬសេដ្ឋកិច្ច និងមានបទពិសោធការងារ ចំនួន១០ឆ្នាំ ត្រូវមានលិខិតបញ្ជាក់ថា គ្មានទោស និងមានការគាំទ្រ ដោយសមាជិកសភាយ៉ាងតិច១៣រូប»។
ក្រោយពីក្លាយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សំនួរដែលត្រូវសួរ ថាតើលោក អ៊ឹម សួស្ដី នឹងមានជំហរអព្យាក្រិត្យឬទេ ក្នុងករណីមានបណ្ដឹង ឲ្យបកស្រាយច្បាប់ ឬពីទំនាស់សារទុក្ខទាំងឡាយ ដែលចេញពីការបោះឆ្នោត?