អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី ហៅភរិយា ម៉ាក្រុង ថាជាម្ដាយ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០១ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 11, 2017
- ប្រធានបទ: ជនល្បីៗ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ជាក្មេងប្រុសអាយុ៣៩ឆ្នាំម្នាក់ មានពោរពេញទៅដោយបទពិសោធន៍ ក្នុងការងារ និងមានម្ដាយដ៏ស្អាតម្នាក់ ដែលបានថែរក្សាក្មេងប្រុសម្នាក់នេះ នៅក្នុងស្លាបរបស់ខ្លួន នៅពេលដែល ម៉ាក្រុង នៅមានវ័យក្មេងនៅឡើយ» នេះជាឃ្លា ដែលអតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi) បានថ្លែងឡើង នៅក្នុងអង្គប្រជុំមួយ ក្នុងក្រុង «Monza» ភាគខាងជើងប្រទេសអ៊ីតាលី ហាក់ចង់ដៀមដាម ឌឺដងឲ្យប្រធានាធិបតីបារាំង ដែលទើបចូលកាន់អំណាចថ្មីថ្មោង។
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ដែលទើបនឹងជាប់ឆ្នោត និងទើបានចូលកាន់តំណែង ជាប្រធានាធិបតី ដែលមានវ័យក្មេងបំផុត រាប់ចាប់តាំងពីអធិរាជ ណាប៉ូឡេអុង (Napoléon) មក។ លោក ម៉ាក្រុង បានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹងអ្នកស្រី ប្រឺស៊ីត ម៉ាក្រុង (Brigitte Macron) ដែលមានវ័យចាស់ជាង ដល់ទៅ២៤ឆ្នាំ (ខ្មែរហៅថា បងពីរជួរ)។ បានសេចក្ដីថា អ្នកស្រី ប្រឺស៊ីត មានអាយុនៅ៦៤ឆ្នាំ នៅថ្ងៃនេះ ខណៈលោក ម់ាក្រុង ទើបមានអាយុ៣៩ឆ្នាំ ចូល៤០ឆ្នាំប៉ុណ្ណោះ។
ដោយឡែក ចំពោះអតីតនាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីតាលីវិញ តែងមានឈ្មោះល្បីល្បាញណាស់ ទាក់ទងនឹងស្ត្រីក្មេងៗ ដែលបានចេញចូល ក្នុងគេហដ្ឋានរបស់លោក។ នៅថ្ងៃនេះ លោក ប៊ែរលូស្កូនី ដែលមានអាយុ៨០ឆ្នាំ កំពុងរស់នៅជាមួយគូកំណាន់ម្នាក់ នាង ហ្វ្រង់សេស្កា ប៉ាស្កាល់ (Francesca Pascale) ដែលទើបតែមានអាយុ... ៣១ឆ្នាំប៉ុណ្ណោះ។
ការថ្លែងចអក ឬការភ្លាត់សំដីរបស់លោក ប៊ែរលូស្កូនី មិនមែនទើបតែមានជាលើកទីមួយទេ។ កាលពីខែវិច្ឆិកា ឆ្នាំ២០០៨ អតីតប្រមុខរដ្ឋាភិបាលអ៊ីតាលីរូបនេះ ក៏បាននិយាយហៅលោក ប៉ារ៉ាក់ អូបាម៉ា (Barack Obama) ដែលកាលនោះទើបនឹងជាប់ ជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី២ ថាមានសម្បុរ«ប្រផេះ»។ លោកបានថ្លែងនៅពេលនោះថា៖ «អូបាម៉ា សង្ហាណាស់ ក្មេងវ័យ និងថែមទាំងមានសម្បុរប្រផេះថែមទៀត។»៕