ត្រាំ អបអរ ម៉ាក្រុង ដែលទើបជាប់ឆ្នោត ជាប្រធានាធិបតីបារាំង

តែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីលទ្ធផល នៃការស្ទង់មតិជំហានដំបូងៗ បានផ្ដល់ជ័យជំនះទៅលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បេក្ខជននិយមកណ្ដាល ឲ្យក្លាយទៅជាប្រធានាធិបតីបារាំង ជំនាន់ទី៨នោះ មេដឹកនាំនៅជុំវិញពិភពលោក ចាប់ផ្ដើមទូរស័ព្ទមកផ្ទាល់ និងផ្ញើរសារ ថ្លែងការអបអរសាទររបស់ពួកគេ ជូនលោក ម៉ាក្រុង និងប្រជាជនបារាំង។ នៅក្នុងចំណោមនោះ មានជាពិសេស លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក និងអ្នកស្រី អង់ជឺឡា ម៉ែគែល (Angela Merkel) អធិការបតីនៃប្រទេសអាល្លឺម៉ង់នោះផង។
ត្រាំ អបអរ ម៉ាក្រុង ដែលទើបជាប់ឆ្នោត ជាប្រធានាធិបតីបារាំង
ពីឆ្វេងទៅស្ដាំ៖ លោក អេម៉ានុយអែល ម៉ាក្រុង ជាប់ឆ្នោតជាប្រធានាធិបតីបារាំង និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីបារាំង។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី០៧ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 07, 2017
  • ប្រធានបទ: ឆ្ពោះទៅអេលីហ្សេ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេដឹកនាំនៅជុំវិញពិភពលោក បានសំដែងការអបអរសាទរ ជ័យជំនះរបស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលទើបនឹងជាប់ឆ្នោត ជាប្រធានាធិបតីបារាំងជំនាន់ទី៨ នៅក្នុងការបោះឆ្នោតជុំទីពីរ នាថ្ងៃអាទិត្យទី៧ ខែឧសភានេះ។

មុនគេបង្អស់ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានយកទំព័រទ្វីសធើររបស់លោក ដើម្បីថ្លែងពីទឹកចិត្តរបស់លោក ចំពោះលោក ម៉ាក្រុង និងបានអះអាងថា លោករង់ចាំ​ធ្វើការ​ជាមួយលោក ម៉ាក្រុង ខ្លាំងណាស់។ លោក ត្រាំ បានសរសេរថា៖ «អបអរសាទរ ជូនលោក អេម៉ានុយអែល ម៉ាក្រុង ចំពោះជ័យជំនះដ៏ធំធេងរបស់លោក នៅថ្ងៃនេះ ដើម្បីក្លាយជាប្រធានាធិបតីថ្មី របស់ប្រទេសបារាំង។ ខ្ញុំកំពុងរង់ចាំយ៉ាងអន្ទះសារ ដើម្បីធ្វើការរួមគ្នាជាមួយលោក។»។

បន្ទាប់មកទៀត អ្នកស្រី អង់ជឺឡា ម៉ែរគែល (Angela Merkel) អធិការបតីនៃប្រទេសអាល្លឺម៉ង់ ក៏បានទរស័ព្ទមកអបអរដោយផ្ទាល់ ជូនទៅលោក ម៉ាក្រុង ដែរ។ នេះ បើតាមអ្នកស្រី «Laurence Haïm» អ្នកនាំពាក្យរបស់លោក ម៉ាក្រុង។ អ្នកនាំពាក្យរូបនេះ បានអះអាងថា នេះ ជាការជជែកដោយផ្ទាល់បំបូងគេបង្អស់ របស់លោក អេម៉ានុយអែល ម៉ាក្រុង ជាមួយមេដឹកនាំបរទេស។

បន្ទាប់មកទៀត មេដឹកនាំសឹងតែទាំងអស់ នៅអ៊ឺរ៉ុបខាងលិច និងក្នុងសហភាពអ៊ឺរ៉ុប ក៏សុទ្ធតែបានផ្ញើរសារ ដើម្បីថ្លែងសាទរ ទៅដល់ជ័យជំនះមួយនេះ ដែលត្រូវបានចាត់ទុក ជាជ័យជំនះសម្រាប់«សហភាពអ៊ឺរ៉ុបមួយ ខ្លាំង និងយុត្តិធម៌»។

លោក «Jean-Claude Juncker» ប្រធានគណៈកម្មការអ៊ឺរ៉ុប បានសរសេរ នៅលើទំព័រទ្វីសធើររបស់លោកថា៖ «រីករាយណាស់ ដែលប្រជាជនបារាំង បានជ្រើសរើសអនាគត (នៅក្នុង) សហភាពអ៊ឺរ៉ុប។ រួមគ្នា ដើម្បីសហភាពអ៊ឺរ៉ុបមួយ ដែលខ្លាំង និងយុតិធម៌ជាងមុន។»។

ចំពោះលោក «Donald Tusk» ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប បានចាត់ទុកជម្រើសរបស់ប្រជាជនបារាំង ថាពោរពេញទៅដោយ «សេរីភាព សមភាព និងភេតរភាព» ដែលជាបាវចនាទាំងបី របស់សាធារណរដ្ឋបារាំង។ រីឯលោក «Antonio Tajani» ប្រធានសភាអ៊ឺរ៉ុប បានសរសេរនៅលើបណ្ដាញសង្គមដែរថា៖ «យើងទុកចិត្តទាំងស្រុង ចំពោះប្រទេសបារាំង នៅក្នុងបេះដូងនៃសហភាពអ៊ឺរ៉ុប ដើម្បីការផ្លាស់ប្ដូរ និងការខិតទៅជិត ពលរដ្ឋអ៊ឺរ៉ុប»។

សម្រាប់នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី ថេរីសា មេ (Theresa May) វិញ បានអបអរសាទរ «យ៉ាងកក់ក្ដៅ» ជាទីបំផុត ចំពោះជ័យជំនះរបស់លោក ម៉ាក្រុង និងបានអះអាងថា អ្នកស្រីនឹងរង់ចាំធ្វើការ ជាមួយលោក នៅក្នុងសំនុំរឿងជាអទិភាពជាច្រើន។ «យើងសហការរួមគ្នា ទាំងនៅក្នុងប្រទេសបារាំង និងអេស្ប៉ាញ ដើម្បីសហភាពអ៊ឺរ៉ុបមួយមានស្ថិរភាព និងរួបរួមគ្នាជាងមុន» នេះ បើតាមលោក ម៉ារីយ៉ាណូ រ៉ាហ័យ (Mariano Rajoy) នាយករដ្ឋមន្ត្រីអេស្ប៉ាញ។

លោក «Charles Michel» នាយករដ្ឋមន្ត្រី នៃរាជាណាចក្រ​ប៊ែលហ្សិក បានចាត់ទុកជ័យជំនះ របស់លោក ម៉ាក្រុង ជាការទាត់ចោលពីសំណាក់ប្រជាជនបារាំង នូវកម្មវិធីនយោបាយដ៏គ្រោះថ្នាក់ និងពោរពេលដោយការស្អប់ខ្ពើម របស់ក្រុមស្ដាំនិយមជ្រុល របស់ប្រទេសបារាំង។ ព្រះបរមរាជវាំងប៊ែលហ្សិក ក៏បានថ្លែងអះអាងដែរថា ប្រជាជនបារាំងបញ្ចេញសម្លេង ដើម្បីប្រទេសបារាំង និងដើម្បីសហភាពអ៊ឺរ៉ុប។

អនាគតប្រធានាធិបតីបារាំង ដែលទើបនឹងជាប់ឆ្នោត លោក អេម៉ានុយអែល ម៉ាក្រុង នឹងចូលស្បថកាន់តំណែង នៅថ្ងៃទី១៤ ខែឧសភាខាងមុខ (នៅមិនទាន់កំណត់ជាផ្លូវការនៅឡើយ)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...