បែកធ្លាយថាស្ត្រីសមាជិក គ.ជ.ប ថ្មី ជាប្អូនស្រី សម រង្ស៊ី?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី៨ មេសា ២០១៥
- កែប្រែចុងក្រោយ: April 08, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីបំណង ក្នុងការបញ្ចូលកូនស្រី របស់លោក កឹម សុខា គឺកញ្ញា កឹម មនោរវិទ្យា ទៅក្នុងសមាសភាព នៃសមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ត្រូវបានអាក់ខាននោះមក ប្រភពមួយ ដែលស្និតនឹងគណបក្សសង្គ្រោះជាតិ បានទម្លាយឲ្យដឹង ក្នុងថ្ងៃនេះថា សមាជិកជាស្ត្រីមួយរូប ក្នុងចំណោមសមាជិកទាំងបួន មកពីគណបក្សប្រឆាំង មានជាប់សាច់ឈាម ជាមួយប្រធានគណបក្ស។
សមាជិកជាស្ត្រីម្នាក់នេះ អាចនឹងធ្វើឲ្យ អង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើសកម្មភាពតស៊ូមតិ សុំឲ្យមានវត្តមានស្ត្រី នៅក្នុង គ.ជ.ប នោះ ទំនងជាបានសប្បាយចិត្ត នឹងឃើញវត្តមានអ្នកស្រី តែ ម៉ានីរ៉ុង នៅក្នុងសមាសភាពទាំងបួននាក់ ដែលតំណាងឲ្យគណបក្សសម្លេងភាគតិច នៅក្នុងរដ្ឋសភា ដែលខុសពីសមាសភាព ទាំងបួននាក់ផ្សេងទៀត មកពីគណបក្សកាន់អំណាច។ នេះបើគេយោង ទៅលើលិខិត របស់គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភានីតិកាលទី៥ ចុះថ្ងៃទី០៧ ខែមេសាម្សិលម៉ិញ និងលិខិតរបស់លោក សម រង្ស៊ី ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ ក្នុងការអនុម័ត ទៅលើបញ្ជីឈ្មោះបេក្ខជន ដែលបានដាក់ពាក្យឈរឈ្មោះ ជាសមាជិក គ.ជ.ប ថ្មី។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា អ្នកស្រី តែ ម៉ានីរ៉ុង ត្រូវជាប្អូនជីដូនមួយ របស់លោក សម រង្ស៊ី ដែលជាប្រធានគណបក្ស។ ប្រភពដដែលនោះ បានបញ្ជាក់ដូច្នេះថា «តែ ម៉ានីរ៉ុង មកពីគណបក្សសង្គ្រោះជាតិ? ហេតុម្តេច មិនដែលលឺឈ្មោះ? មិនដែលឃើញ មកធ្វើការផងហ្នឹង! ចុះដាក់ពាក្យទៅរដ្ឋសភា អ្នកណាជាអ្នកចុះហត្ថលេខា?»។
ទស្សនាវដ្តី បានព្យាយាម សុំការស្រាយបំភ្លឺ ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ តែមិនទទួលបានជោគជ័យទេ ដោយលោកមិនទទួលទូរស័ព្ទ។ ដោយឡែក អ្នកស្រី តែ ម៉ានីរ៉ុង ផ្ទាល់ ក៏មិនអាចភ្ជាប់ ទំនាក់ទំនងបានដែរ។
គេនៅមិនទាន់ដឹងថា ការលើកឡើង របស់ប្រភពខាងលើ អាចជាការរិះគន់ ដែលចំមុខ ទៅលើប្រព័ន្ធបក្ខពួក ឬគ្រួសារនិយម ដែលចាក់ស្រែះស្រាយមិនចេញ នៅក្នុងសង្គមកម្ពុជា ដែលមានរហូតដល់គណបក្សប្រឆាំងនេះ ឬយ៉ាងណាទេ។ ប៉ុន្តែគណបក្សសង្ក្រោះជាតិ បានរងការរិះគន់ម្ដងរួចហើយ ជុំវិញករណី នៃការប៉ុនប៉ងដាក់បញ្ចូលកញ្ញា គឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ជាអនុប្រធានគណបក្ស ទៅក្នុងសមាសភាសសមាជិក គ.ជ.ប ថ្មីនេះ។
» សូមអានអត្ថបទដែលទាក់ទង៖ «កូនស្រី កឹម សុខា ជាសមាជិក គ.ជ.ប» បញ្ហាគ្រួសារនិយមវាយលុក?
សូមរំលឹកថា បន្ទាប់ពីបញ្ចប់ជំនួប ប្រជុំសម្ងាត់ នាវិមានរដ្ឋសភា កាលពីថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០១៤ លោក ប៊ិន ឈិន ប្រធានក្រុមការងារ នៃគណបក្សប្រជាជនកម្ពុជា បានលើកឡើងជាថ្មីថា បញ្ហា«សញ្ជាតិ» និង«ញាតិលោហិត» ជាចំណុចចំបង នៃស្ថាប័ន គ.ជ.ប នេះ ដែលមិនអាច ឲ្យមានការទាក់ទង និងថ្នាក់ដឹកនាំនៃគណបក្សនយោបាយឡើយ ហើយលោកបាននិយាយថា ចំណុចទាំងពីរនេះ នឹងទុកឲ្យថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំងពីរ ជាអ្នកសម្រេច។
យ៉ាងណាក៏ដោយ តាមមាត្រា៥ ចំណុច៦ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបត្រូវបាន ឡាយព្រះហស្ថលេខា ដោយអង្គព្រះមហាក្សត្រថ្មីៗនោះ បានចែងថា៖ «មិនត្រូវជាសហព័ន្ធ ឬញាតិលោហិត ឬញាតិព័ន្ធ រហូតដល់ថ្នាក់ទីបី របស់ប្រធាន ឬអនុប្រធានគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត»៕