សម រង្ស៊ី៖ ហ៊ុន សែន ទៅយួនប៉ុន្មានថ្ងៃមកវិញផ្ទុះហិង្សាតែម្តង
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: January 05, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហាញនូវការចាប់អារម្មណ៍របស់ខ្លួន ចំពោះវត្តមាននៃលោក ហ៊ុន សែន នៅក្នុងប្រទេសវៀតណាមថា លោក ហ៊ុន សែន បន្ទាប់ពីទៅប្រទេស«យួន»ប៉ុន្មានថ្ងៃ ត្រលប់មកវិញផ្ទុះអំពើហិង្សាតែម្តង។ ផ្ទុះហិង្សា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ បានស្លាប់បាត់បង់ជីវិត និងរងរបួសចំនួន ៣០ នាក់។
លោក សម រង្ស៊ី នៅមុខសំណាក់ព្រះអង្គចេកព្រះអង្គចម ក្រុងសៀមរាប-អង្គរ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា -គ្រាន់តែឆ្នាំថ្មីឆ្នាំ ២០១៤ ឈានចូលមកដល់មិនបានប៉ុន្មានថ្ងៃផង កម្ពុជាបានរីកមុខល្បីសុសសាយនៅពាសពេញសកលលោក។ ភាពល្បីល្បាញរបស់កម្ពុជាប្រាប់ទៅពិភពលោក គឺការកាប់សម្លាប់បង្ហូឈាមខ្មែរគ្នាឯង ដែលគ្មានជនណាមួយចេញមកទទួលខុសត្រូវនោះទេ ពោលគឺអ្នកស្លាប់ទាំងអយុត្តិធម៌ក្រៃពេក។ ការផ្ទុះហិង្សាសម្លាប់ខ្មែរគ្នាឯងបែបនេះ សម្រាប់ក្រសែភ្នែកមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី បានមើលឃើញថា កើតឡើងក្រោយពីលោក ហ៊ុន សែន ត្រលប់ពីប្រទេសវៀតណាមវិញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងសន្និសិទការសែត នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ កាលពីម្សិលមិញដោយបាននិយាយចំអកនិងដៀមដាមឲ្យលោក ហ៊ុន សែន ថា «ខ្ញុំចាប់អាម្មណ៍ បន្ទាប់ពីលោក ហ៊ុន សែន ទៅយួន ហើយមកវិញបានប៉ុន្មានថ្ងៃផ្ទុះហិង្សាតែម្តង គាត់ទៅយួនឲ្យមិត្តគាត់ការពារ មិនដឹងថា មិត្តគាត់បានផ្តល់យោបល់អ្វីខ្លះទេ បានជាត្រឡប់មកវិញផ្ទុះអំពើហិង្សាតែម្តង»។
ប្រធានគណបក្សសង្គ្រោះជាតិរូបនេះបន្តថា អំពើហិង្សាដែលកើតឡើងនេះ មិនមែនភាគីទី ៣ មកពីណានោះទេ គឺមានតែភាគីទី ២ ភាគគីទី ២ គឺគណបក្សប្រជាជនកម្ពុជានេះឯង។ លោក សម រង្ស៊ី ក៏បានស្នើឲ្យសហគមអន្តរជាតិ បើកកការស៊ើបអង្កេតរក្នុងរឿងនេះ ឲ្យបានច្បាស់លាស់ផងដែរ។
ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះ លោក ជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានចាត់ទុកសម្តីរបស់លោក សម រង្ស៊ី ថា គ្មាននមូលដ្ឋានច្បាស់លាស់នោះទេ។ លោកថា រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជារដ្ឋាភិបាលឯករាជ្យ មិនស្តាប់បង្គាប់បរទេសណានោះឡើយ។
បណ្ឌិតរូបនេះ បានបដិសេធមិនអាចទទួលយកបាននោះទេចំពោះសម្តីរបស់លោក សម រង្ស៊ី។ ម្យ៉ាងវិញទៀត ទាក់ទងនឹងការផ្ទុះហិង្សានេះ លោក សម រង្ស៊ី ទៅវិញទេ ដែលជាអ្នកបង្កឡើង ហើយត្រវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្តនូវអំពើដែលខ្លួនធ្វើ ព្រោះគណបក្សប្រជាជនកម្ពុជា មិនមានមានជាប់ពាក់ព័ន្ធទាល់តែសោះ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអាដហុក បានឲ្យដឹងថា ហិង្សាដែលបានកើតឡើងរវាងអាជ្ញាធរ និងក្រុមអ្នកតវ៉ា នៅតាមបណ្តោផ្លូវវេងស្រេង សួនកាណាឌីយ៉ា កាលពីថ្ងៃទៅ ០៣ ខែមករា គិតត្រឹមថ្ងៃសៅរិ៍ទី ០៤ ខែមករា មានមនុស្សចំនួន ៥ នាក់ បានស្លាប់បាត់តបង់ជីវិត និងមនុស្សយ៉ាងហោចណាស់ ៣០ នាក់ បានរងរបួសធ្ញន់និងស្រាល។
ដោយឡែកក្រៅពីការបង្ក្រាបនៅផ្លូវវេងស្រេងកាលពីថ្ងៃទី ០៣ ខែមករា នៅឯទីលានប្រជាធិបតេយ្យ ដែលជាទីគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មឯណេះវិញកាលពីម្សិលមិញ ក៏ត្រូវបានកងកម្លាំងរបស់លោក ហ៊ុន សែន មានស៊ីវិល និងប្រដាប់ដោយអាវុធ ប្រមាណជាង ១ ពាន់នាក់បើកយុទ្ធនាការបោះសម្អាតបាតុករ និងសម្ភារៈនៅទីនោះអស់រលីង មិនឲ្យគណបក្សនេះធ្វើបាតុកម្មបន្តទៀត។ ការបំបែកមិនឲ្យធ្វើបាតុកម្មនៅទីលានប្រជាធិតេយ្យនេះ ត្រូវបានអ្នកសិទ្ធិមនុស្ស អ្នកច្បាប់ចាត់ទុកថា ជាការរំលោភច្បាប់ និងរំលោភសិទ្ធិមនុស្សនៅកម្ពុជាយ៉ាងធ្ញន់ធ្ញរ និងធ្វើឲ្យលិទ្ធិប្រជាធិបតេយ្យដើរថយក្រោយ៕
-----------------------------------------
ដោយៈ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៤
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ