«ក្រុម​បន្លំ​ខ្លួន​ជា​កង​រំដោះ​ទាំង​នេះ ត្រូវ​សម្លាប់​ចោល​ទាំង​អស់»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកឡើងវិញ ពីហេតុការណ៍មួយ ដែលមិនសូវមាននរណាដឹង នៅក្នុងព្រឹត្តិការណ៍ ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដោយបង្ហោះរូបថតមួយសន្លឹក នៅលើបណ្ដាញសង្គម និងអះអាងថា មនុស្សច្រើន​នាក់ ដែលស្ថិតក្នុងរូបថតនោះ សុទ្ធសឹងជា​ក្រុមបន្លំខ្លួន ជាកងទ័ពរំដោះ។
«ក្រុម​បន្លំ​ខ្លួន​ជា​កង​រំដោះ​ទាំង​នេះ ត្រូវ​សម្លាប់​ចោល​ទាំង​អស់»
ក្រុមទាហានពាក់អាវគគី ដែលត្រូវបានអះអាងថា បានបន្លំខ្លួន ជាកងទ័ពរំដោះ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 18, 2018
  • ប្រធានបទ: ប្រវត្តិសាស្ត្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបថតមួយសន្លឹកនេះ ត្រូវបានថតនៅខាងមុខ ក្រសួងឃោសនាការ (អាគារនៅក្បែរវត្តភ្នំ) នៅថ្ងៃដែលក្រុមខ្មែរក្រហម បានឈ្នះសង្គ្រាម និងចូលកាន់កាប់ជាស្ថាពរ រាជធានីភ្នំពេញ ដែលជាបន្ទាយចុងក្រោយ របស់រដ្ឋាភិបាលនៃសាធារណរដ្ឋខ្មែរ។ ប៉ុន្តែមនុស្សប៉ុន្មាននាក់ នៅក្នុងរូបថត ដែលស្លៀកពាក់​ពណ៌​គគី ជាទាហានទាំងនេះ ត្រូវបានម្ចាស់រូបថត គឺលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អះអាងថា ជាក្រុមមនុស្សបន្លំ ជាកងទ័ពរំដោះ។

លោករដ្ឋមន្ត្រី បានសរសេរបញ្ជាក់ថា នៅវេលាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥នោះ ក្រុមមនុស្សទាំងប៉ុន្មាននាក់ខាងលើ ត្រូវបានខ្មែរក្រហមសម្លាប់ចោលទាំងអស់។

 

មនុស្សវ័យចំណាស់មួយរូប ដែលបានឃើញរូបថតនេះ បានលើកឡើងថា នេះអាចជាកងទ័ពរបស់របប លុន ណុល ដែលបានទម្លាក់អាវុធចុះ ហើយមិនដឹងត្រូវធ្វើដូចម្ដេច ក៏ចូលមកក្នុងរាជធានីភ្នំពេញ ដូចកងទ័ពខ្មែរក្រហម ដែលបានតាំងខ្លួន ថាជាកងទ័ពរំដោះ។ លោកថា កុំថាឡើយ ដល់ទៅបន្លំខ្លួន ព្រោះមន្ត្រីជាន់ខ្ពស់ មេទាហាន និងកូនទាហាន របស់របប​សាធារណរដ្ឋខ្មែរ​ទាំងឡាយណា ដែលក្រុមខ្មែរក្រហមស្គាល់មុខនោះ ក៏​ត្រូវបានយកទៅសម្លាប់​ចោល​ទាំងអស់ដែរ។

អាថ៌កំបាំង...

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺ ៤៣ឆ្នាំកន្លងទៅហើយ ជាថ្ងៃដែលបានលងប្រវត្តិសាស្ត្រ នៃប្រទេសកម្ពុជា ហើយក៏ជាថ្ងៃ នៃការចាប់ផ្ដើមរបបវាលពិឃាត ដ៏សោកសៅ ដែលបានសម្លាប់ប្រជាជនកម្ពុជា ជាច្រើនលាននាក់។ គេនៅមិនទាន់អាចស្វែងយល់ ឲ្យបានច្បាស់នៅឡើយ ពីមូលហេតុដែលនាំទៅដល់ការសម្លាប់មនុស្ស ឬជម្លៀសប្រជាជនច្រើនម៉ឺនសែននាក់ ឲ្យចេញពីក្រុង នៅពេលនោះ។

លោកបណ្ឌិត ចិន្ត ច័ន្ទរតនា បានចោទជាសំនួរឡើងថា៖ «គេនៅតែរកចម្លើយមិនឃើញថា មូលហេតុអ្វីបាន ខ្មែរក្រហមមាននយោបាយ ជម្លៀសប្រជាជនចេញពីក្រុង ហើយសំលាប់អ្នកចេះដឹងចោល។ អៀង សារី និង ខៀវ សំផន សុទ្ធសឹងតែទម្លាក់កំហុសទាំងអស់ ទៅលើបងធំទី១។ ប៉ុល ពត ក៏មិនដែលទទួលកំហុសរបស់ខ្លួន នៅក្នុងបទសម្ភាសន៍ ជាមួយ "Nate Thayer" (អ្នកកាសែតអាមេរិក) នៅអន្លង់វែង ក្នុងឆ្នាំ១៩៩៧។»

លោកបណ្ឌិត ជំនាញខាងបុរាណវិទ្យារូបនេះ បានថ្លែងបន្តថា៖ «បញ្ហាខ្មែរក្រហម នៅតែស្ថិតក្នុងអាថ៌កំបាំង ជារៀងរហូត»។

លោក ខៀវ កាញារីទ្ធ បានឆ្លើយតបថា៖ «តាំងពីដើមទសវត្សរ៍ ៦០ ម្ល៉េះ គេតែងអប់រំប្រជាជន នៅតំបន់ដាច់ស្រយាលថា ពេលពួកគេឈ្នះ គេយកផ្ទះឲ្យអ្នកក្រនៅ។ តែក្រៅពីទ្រឹស្តី ការបណ្តេញប្រជាជន ជាមធ្យោបាយតែមួយគត់ ដើម្បីបំបែកកំលាំង ដែលអាចងើបប្រឆាំងពួកគេបាន ព្រោះកំលាំងខ្មែរក្រហមមិនប្រាកដថា មិនត្រូវបរិយាកាសទីក្រុងពង្វក់បាននោះទេ ទន្ទឹមនោះ កំលាំងទ័ពលន់នល់ ក៏មិនមែនបែកខ្ចាយនោះដែរ។»។

ទន្ទឹមនឹងការលើកឡើង របស់លោក ខៀវ កាញារីទ្ធ ខាងលើ ប្រិយមិត្តម្នាក់របស់លោករដ្ឋមន្ត្រី គឺលោក លីវ៉ាន់ សោភ័ណ្ឌ (Sophoan Livan) បានពន្យល់ថា៖ «បើអានប្រវត្តិ ដែលម៉ៅរំដោះប្រទេសបាន ជាពិសេស បុត្រីទាំងបី ដែលម្នាក់នោះ ជាប្រពន្ធរបស់ លី ប៉េង គឺលំនាំដូចគ្នា!»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...