ខៀវ កាញារីទ្ធ៖ បាតុកម្ម​បក្ស​សង្រ្គោះ​ជាតិ មាន​ចរិត​ផ្តួល​រំលំ​រដ្ឋាភិបាល

រដ្ឋមន្រ្តីក្រសួងព័ត៌មានរបស់រដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា លោក ខៀវ កាញារីទ្ធ បានចោទប្រកាន់បាតុកម្ម របស់គណបក្សសង្រ្គោះជាតិ ដែលបានធ្វើកាលពីពេលកន្លង ថាបានដើរហួសគន្លងលិទ្ធិប្រជាធិបតេយ្យ ហើយ​មាន​ចេតនាបង្កចលាចល សេដ្ឋកិច្ច និងសង្គម ដើម្បីឈានទៅផ្តួលរំលំរដ្ឋាភិបាល តាមរយៈការបោះឆ្នោតឡើងវិញ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៧ កុម្ភៈ ២០១៤ Read more at http://monoroom.info/news/post/2815#APfiDlZmhfMlXEE3.99
  • កែប្រែចុងក្រោយ: February 27, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

 

នយោបាយកម្ពុជា - ក្នុងពិធីមួយនៅក្រសួងព័ត៌មាន ថ្ងៃទី២៦ ខែកុម្ភៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអត្ថាធិប្បាយថា រដ្ឋាភិបាល និងរដ្ឋសភា បច្ចុប្បន្ននេះ គឺបង្កើតឡើង​ស្រប​តាមរដ្ឋធម្មនុញ្ញ តាមរយៈការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ ហើយកំពុងបំពេញភារៈកិច្ចជាប្រក្រតី និងមាន​ការទទួលខុសត្រូវខ្ពស់ ចំពោះប្រជាពលរដ្ឋម្ចាស់ឆ្នោត។

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដដែលនេះ បានបន្ថែមថា ការញុះញង់ អុជអាល បញ្ឆេះកំហឹង បង្កភាពអនាធិបតេយ្យ បិទផ្លូវសាធារណៈ វាយកំទេចទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិតាមរោងចក្រនានា ជាដើមនោះ គឺបានឆ្លុះ​បញ្ចាំង ថាការទាមទាររបស់គណបក្សជំទាស់ មិនមែត្រឹមតែការស្វែងរកយុត្តិធម៌ ចំពោះលទ្ធផលបោះឆ្នោតនោះទេ តែជាការបង្កការលំបាកគ្រប់បែបយ៉ាង ក្នុងចេតនាដាក់សម្ពាធលើរដ្ឋាភិបាល និងទាមទារឲ្យមានការ​បោះឆ្នោត​ឡើងវិញ មុនបញ្ចប់អាណត្តិ ដែលទង្វើបែបនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញកម្ពុជា និងគោលការណ៍​លិទ្ធិ​ប្រជាធិបតេយ្យ។

បើទោះជាលោក ខៀវ កាញារីទ្ធ បានចោទប្រកាន់យ៉ាងនេះក៏ដោយ ក៏លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ នៅថ្ងៃទី២៦ ខែកុម្ភៈ បានថ្លែងទៅកាន់សកម្មជនគាំទ្រ នៅខេត្តកណ្តាល ថា គណបក្ស​សង្រ្គោះជាតិ និងអ្នកគាំទ្រ នៅតែប្រកាន់គោលជំហរដដែល នោះគឺការទាមទារឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា ឲ្យ​បាន​ដាច់ខាត តាមរយៈគោលការណ៍អហិង្សា គឺការបោះឆ្នោតឡើងវិញមុនបញ្ចប់អាណត្តិ។ ប្រធានគណបក្សជំទាស់ រូប​នេះបញ្ជាក់៖ «មិនយូរទេ នឹងមានការផ្លាស់ប្តូរនៅកម្ពុជា ដោយសន្តិវិធី»។

គួរកត់សម្គាល់ថា ប្រទេសកម្ពុជា មានភាពជាប់គាំងផ្នែក នយោបាយជាង៦ ខែមកហើយ តាំងពីក្រោយការបោះឆ្នោត​ជាតិខែកក្កដា ឆ្នាំ២០១៣។ ការអូសបន្លាយវិបត្តិនយោបាយនេះ ក៏ព្រោះតែគណបក្សសង្រ្គោះជាតិ ដែលជា​គណបក្ស​ជំទាស់ បដិសេធលទ្ធផលបោះឆ្នោត ដ៏ចម្រូងចម្រាសនោះ ថាមានភាពមិនប្រក្រតីធ្ងន់ធ្ងរ និងមិនបានទទួលស្គាល់​រដ្ឋសភា និងរដ្ឋាភិបាល បច្ចុប្បន្ននោះទេ ហើយទាមទារឲ្យមានការបោះឆ្នោតឡើងវិញ មុនបញ្ចប់អាណត្តិ ក្រោយ​ការ​ធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...