បែកធ្លាយថា ទ្រង់រណឫទ្ធិ បង្កើត«បក្ស»ថ្មី ជាបញ្ជាពី ហ៊ុន សែន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: February 27, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបង្កើតគណបក្សថ្មីរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ អាចធ្វើទៅកើត ដោយសារតែទ្រង់បានទទួលភ្លើង«ខៀវ» ពីគណបក្សកាន់អំណាច ក្នុងគោលបំណងទាញយកសម្លេងឆ្នោត ពីបក្សប្រឆាំងក្នុងពេលខាងមុខ។ នេះជាការបង្ហើបឲ្យដឹងពីប្រភពមួយដែលស្និតនឹងគណបក្សប្រជាជនកម្ពុជា។
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង នៃព្រះបុរមសពនរោត្ដម សីហនុ។ រូបថត wikimedia.org
របាយការណ៍ពិសេស - តើការបង្កើត«គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ» របស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ពិតជាមានការ«គាំទ្រ»ដោយគណបក្សប្រជាជនឬយ៉ាងណា? តើរាជបុត្ររបស់អតីតព្រះមហាវិរៈក្សត្រ បានក្លាយទៅជា«កូនជឹង»របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅហើយមែនឬ?
តាមប្រភពខាងលើ ដែលថ្លែងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះថា មានគណបក្សតូចៗមួយចំនួន ដែលមានឈ្មោះនាពេលកន្លងមកនេះ ត្រូវបានទទួលការ«គាំទ្រ»ទាំងផ្នែកច្បាប់ និងថវិការ ពីគណបក្សប្រជាជនកម្ពុជាទាំងអស់ ក្នុងគោលបំណង«បំបែក»សម្លេងឆ្នោតពីគណបក្សសង្គ្រោះជាតិ។
ការលើកឡើងរបស់មន្ត្រីរូបនេះ ជាមួយនឹងការអនុញ្ញាតឲ្យថតសម្លេងទុកនោះ បានបន្ថែមទៀតថា ទាំងនេះសុទ្ធតែជារឿង«នយោបាយ» ដែលអ្នកនយោបាយនីមួយៗព្រោះតែចង់ឈ្នះរៀងៗខ្លួន ត្រូវតែប្រើនូវ«កលល្បិច» ដើម្បី«អំណាច»។ លោកបញ្ជាក់យ៉ាងដូច្នេះថា «មានសញ្ញាពិសេសពីគណបក្សប្រជាជនកម្ពុជា ហើយមានគម្រោងយូរដែរមកហើយ ទើបតែពេលនេះបានការបង្ហាញនូវព័ត៌មានជាផ្លូវការប៉ុណ្ណោះ។ (…) គណបក្សតូចៗមួយចំនួននោះ ត្រូវបានរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងធ្វើជាអ្នកប្រឆាំង ស្រូបយកសន្លឹកឆ្នោត។»
ប្រភពដដែលនេះបានបន្តរថា គណបក្សថ្មីរបស់ព្រះអង្គម្ចាស់ រណឬទ្ធិ នឹងគ្មានការគាំទ្រពីប្រជាពលរដ្ឋទៀតឡើយ ព្រោះក្នុងកំឡុងឆ្នាំ១៩៩៧ បន្ទាប់ពីព្រឹត្តិការណ៍បាញ់បោះថ្ងៃទី៥-៦ ខែកក្កដាបានកើតឡើងនោះមក គណបក្សដែលដឹកនាំដោយទ្រង់ រណឫទ្ធិ នៅតែចូលរួមការងារជាមួយគណបក្សប្រជាជនកម្ពុជាដូចដើម។ ម្យ៉ាងទៀត ព្រះអង្គម្ចាស់អស់ការគាំទ្រ ដោយសារតែសមាជិកភាគច្រើនដែលធ្លាប់ស្និតជាមួយទ្រង់ បានរត់ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា រហូតមកដល់សព្វថ្ងៃនេះសឹងតែទាំងអស់ទៅហើយ។
ដូច្នេះអ្វីដែលអាចឲ្យក្ដីសង្ឃឹមទៅគណបក្សថ្មីនេះ គឺទាក់ទាញយកក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមានសន្ទុះកើតឡើងយ៉ាងខ្លាំងក្លា បន្ទាប់ពីក្រុមមេដឹកនាំគណបក្សប្រឆាំងពីរ គឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានរួបរួមគ្នាជាគណបក្សមួយនោះមក។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ព្យាយាមសុំប្រតិកម្មតបពីលោក ប៉ែន សង្ហា អ្នកនាំពាក្យរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ តែលេខរបស់លោក មិនអាចភ្ជាប់ទំនាក់ទំនងបាន។ គួររំលឹកឡើងវិញថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៨ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានទទួលតំណែងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើ«នាយករដ្ឋមន្ត្រី» ក្រោយពេលព្រះអង្គបានសម្រេចព្រះទ័យ លាឈប់ពី«ឆាក»នយោបាយ។
សម្រាប់មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប វិញ ទស្សនាវដ្ដីក៏មិនអាចសុំប្រតិកម្មតបបាននៅឡើយដែរ ព្រោះតែទូរស័ព្ទហៅចូល តែមិនមានការទទួល។
កាលពីឆ្នាំ២០០៨ ក្រោយព្រះអង្គម្ចាស់អង្គនេះ បានប្រកាសថាមិនចូលប្រឡូកក្នុងរឿងនយោបាយនោះ បែរជាមានពាក្យចចាមរាមមួយ បានលើកឡើងថា ទ្រង់នៅ«ប្រកាន់»ជំហរចូលរួម ក្នុងរឿងនយោបាយ ដោយសារតែមានការគាំទ្រពីលោក ហ៊ុន សែន។ ភ្លាមៗនោះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារនយោបាយបន្ទាន់មួយ ជាលាយលក្ខណ៍អក្សរ ដើម្បីបដិសេធ និងបញ្ចប់ពាក្យចចាមអារ៉ាមដែលថារូបលោក (នាយករដ្ឋមន្ត្រីហ៊ុន សែន) ជាអ្នកបើកភ្លើងខៀវ ឬគាំទ្រទ្រង់ រណឬទ្ធិ អោយចូលក្នុងឆាកនយោបាយក្នុងអំឡុងពេលនោះ។
ទស្សនាវដ្ដីបានសាកសួរលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដើម្បីបំភ្លឺជុំវិញការលើកឡើងខាងលើ លោកបានយល់ស្របថា បើ«គ្មានការគាំទ្រពីខាងណាមួយនោះទេ ទ្រង់ក៏នឹងមិនអាចបើកបានដែរ»។ លោកបញ្ជាក់យ៉ាងដូច្នេះថា «តាមមើលលោក មិនជាចង់ចូលរួមក្នុងឆាកនយោបាយ(វិញ)ប៉ុន្មានទេ ប៉ុន្តែមានគេជំរុញ គេលើកឡើងថា អាចមានតែព្រះអង្គទេ ដែលអាចដោះស្រាយបញ្ហាកំពុងតែមានសព្វថ្ងៃ។»
សម្រាប់អង្គការសង្គមស៊ីវិលវិញ នៅមិនទាន់មើលឃើញថា មិនមាននូវចំណុចណាមួយ ដែលនាំអាទិ៍មិនឲ្យទ្រង់បង្កើតគណបក្សថ្មី ដើម្បីចូលរួមធ្វើនយោបាយនោះទេ នោះជារឿងបុគ្គលរបស់ទ្រង់។ ថ្លែងប្រាប់ទស្សនាវដ្ដីតាមទូរស័ព្ទ អនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត បានបញ្ជាក់ថា តែបើទ្រង់ត្រូវបានគេគម្រាមកំហែង ទ្រង់មានសិទ្ធិក្នុងការប្តឹង ឬប្រកាសព័ត៌មានជាសាធារណៈពីបញ្ហាគៀបសង្កត់ និងគម្រាមកំហែងទាំងនោះឲ្យបានទូលំទូលាយ ថាតើ (វា) អាចបណ្តាលមកពីមូលហេតុអ្វី? តែមន្ត្រីសង្គមស៊ីវិលរូបនេះ នៅតែបង្ហាញនូវការព្រួយបារម្ភក្នុងចិត្តដែរ ប្រសិនបើគណបក្សថ្មីរបស់ព្រះអង្គម្ចាស់ រណឫទ្ធិ ពិតជាត្រូវបានបង្កើតឡើង ក្រោមការគាំទ្រពីគណបក្សណាមួយមែននោះ។
ទោះយ៉ាងណាក៏ដោយក្នុងនាមលោក ជាសង្គមស៊ីវិល លោក ចាន់ សុវេត ក៏មិនចង់ឲ្យមានការ«រើសអើង»ផ្នែកនយោបាយណាមួយនោះទេ។ ព្រោះបញ្ហានៃការរើសអើងនេះ អាចបណ្តាលឲ្យកើតមាននូវអំពើហិង្សា។ លោកបានថ្លែងបញ្ជាក់ថា «យើងចង់ឲ្យរដ្ឋាភិបាលជាអ្នកធានា និងមានការតព្វកិច្ចការពានូវសិទ្ធិសេរីភាពរបស់មនុស្ស និងផ្តល់នូវសិទ្ធិសេរីភាពដល់មនុស្ស ដែលត្រូវតែមានភាពស្មើគ្នា៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤