ហ៊ុន សែន បាន​ស្នើ កឹម សុខា ឲ្យ​ធ្វើ​បក្ស​ប្រហារ​ទម្លាក់ សម រង្ស៊ី?

តើលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាបានប្រាប់លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធាន​ស្ដីទី) របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ធ្វើ​«បក្ស​ប្រហារ» ដើម្បីឡើងធ្វើជាប្រធានគណបក្ស ជំនួស​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​ឬ? ពាក្យ​លេច​ឭ​នេះ បាន​កើត​ឡើង នៅ​មុន​ការ​បង្ហោះ​ខ្សែ​អាត់​សម្លេង​ជា​ច្រើន​តាមបណ្ដាញ​សង្គម ដែលសារព័ត៌មាន​ជាច្រើន​ចោទ​ថា ជាសម្លេងរបស់លោក កឹម សុខា និង​ស្ត្រី​ជាងធ្វើ​សក់​ម្នាក់ឈ្មោះ ខុម ចាន់តារាទី ហៅ​ស្រីមុំ។
ហ៊ុន សែន បាន​ស្នើ កឹម សុខា ឲ្យ​ធ្វើ​បក្ស​ប្រហារ​ទម្លាក់ សម រង្ស៊ី?
រូបខាងមុខ ពីឆ្វេងមកស្ដាំ៖ លោក កឹម សុខា លោក សម រង្ស៊ី និងលោក ហ៊ុន សែន។ (រូបថត MONOROOM.info/ U. Bory)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៦ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 06, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកសារព័ត៌មាន របស់វិទ្យុសម្លេងអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បានបង្ហើបពីព័ត៌មាននេះ ដោយ​ស្រង់​ប្រភព​ពី​អ្នក​ប្រើប្រាស់​​បណ្ដាញសង្គម ហើយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ខ្លួន​លោក ក៏និយាយ​ថា លោក​បាន​ទទួល​​ព័ត៌មាននេះដូចគ្នា តែលោកមិនធ្វើការអះអាង ថាជាការពិត ឬយ៉ាងណានោះទេ។

លោក ច័ន្ទបុត្រ បានឲ្យដឹងថា អ្នកប្រើប្រាស់ហ្វេសប៊ុក បានបញ្ជូនសារមកប្រាប់លោក ថានៅមុន​ការ​បង្ហោះ​ខ្សែ​​អាត់​សម្លេង​ជា​ច្រើន ដែលសារព័ត៌មានជាច្រើន បានចោទប្រកាន់​ជាសម្លេងរបស់លោក កឹម សុខា អនុប្រធាន (សព្វ​ថ្ងៃ​ជា​ប្រធាន​ស្ដីទី) គណបក្សសង្គ្រោះជាតិ និងស្ត្រីធ្វើសក់មួយរូប ឈ្មោះ ខុម ចាន់តារាទី ហៅ​ស្រី​មុំ​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅលោក កឹម សុខា ឲ្យធ្វើ«បក្សប្រហារ» ដោយ​ប្រកាស​ខ្លួន ឡើង​ធ្វើ​ជា​ប្រធាន​គណបក្ស និងទាត់លោក សម រង្ស៊ី ចោល។ ប៉ុន្តែដោយ​សារ​លោក កឹម សុខា មិន​ព្រម ទើប​មានរឿងរ៉ាវ​ផ្ទុះ​ចេញ​ជា​ខ្សែ​អាត់​សម្លេង ឬ​រឿងរ៉ាវ​ស្នេហា​នេះ​ឡើង ដើម្បីបំបាក់មុខ ឬធ្វើកទៅលើលោក កឹម សុខា។

បើទោះជាគ្មានការអះអាង ពីប្រភពច្បាស់ការណ៍ណាផ្សេង ទាក់ទងនឹងការស្នើ​របស់​លោក ហ៊ុន សែន ក៏​​ដោយ តែ​សេណារីយ៉ូ (Scénario) របៀប​នេះ មិនមែន​ថា​មិន​ដែល​កើត​មាន​ទេ នៅក្នុងពេលកន្លង​មក យ៉ាង​ហោច​ណាស់ ទៅ​លើ​គណបក្សប្រជាធិបតេយ្យព្រះពុទ្ធសាសនា ក្រោមការដឹកនាំ​​របស់​លោក សឺន សាន និង​ទៅ​លើ​គណបក្ស​ហ្វុនស៊ីនប៉ិច ក្រោមការដឹកនាំ​របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។

ហើយការលេចឭព័ត៌មានខាងលើ ក៏បានធ្លាយទៅដល់ត្រជៀក របស់លោក សម រង្ស៊ី ដែរ។ ប៉ុន្តែ​ប្រធានគណបក្ស​ប្រឆាំង ដែលកំពុងនិរទេសខ្លួនរូបនេះ មិនបានអះអាងថា នោះជាការពិតឬយ៉ាងណាទេ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី បានលើកឡើងត្រឡប់មកវិញថា វាពិតជាមានមែន ក្នុងករណី​ដែល​លោក ហ៊ុន សែន ស្នើ​ឲ្យលោក​បំបែក​សម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា ជាមួយនឹងកិច្ចសន្យា ប្រគល់លាភសង្ការៈមួយចំនួន។

នៅក្នុងចម្លើយ ឆ្លើយតបទៅលោក ជុន ច័ន្ទបុត្រ វិញ លោក សម រង្ស៊ី បានថ្លែងឲ្យដឹងថា៖  «លោក ហ៊ុន សែន គាត់​បាន​និយាយ​ត្រង់ៗ ជាមួយខ្ញុំ សម រង្ស៊ី គាត់ថាអូជាមួយឯកឧត្តម ខ្ញុំចូលចិត្តណាស់ ខ្ញុំ​អត់​មាន​បញ្ហា យើង​ធ្វើការ​ជាមួយ​គ្នា​បាន​ល្អ​ណាស់ ប៉ុន្តែខ្ញុំមិនអាចធ្វើការជាមួយឯកឧត្តម កឹម សុខា មាន​ន័យ​បើ​ចង់​ឲ្យ​ខ្ញុំ​ហ្នឹង មានទំនាក់​ទំនង​ល្អ​ជា​មួយ​លោក ហ៊ុន សែន បើខ្ញុំចង់ទទួលបាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន លាភ​សក្ការៈ​អី​ហ្នឹង ឲ្យ​ខ្ញុំបែក​ពី កឹម សុខា»។

យុទ្ធសាស្ត្រ«សាមកុក»

ប៉ុន្តែការលើកឡើង របស់លោក សម រង្ស៊ី នេះ ត្រូវបានអ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រកាស​ទាត់​ចោល ដោយចាត់ទុកថា ជាការលើកឡើង ដោយគ្មាន​ការពិត និង​គ្មាន​ការ​ទទួល​ខុសត្រូវ។ អ្នក​នាំពាក្យ​រូប​នេះ បាន​និយាយ​ថា គណបក្សប្រជាជនកម្ពុជា គ្មានបំណងក្នុងបំបែកបំបាក់ គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ។

សម្រាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គមវិញ ធ្លាប់បានចាត់ទុក ការបំបែកបំបាក់ ដើម្បីឲ្យ​សត្រូវ​ចុះខ្សោយ និង​ដើម្បី​ងាយស្រួលគ្រប់គ្រង គឺជាយុទ្ធសាស្ត្រមួយ របស់គណបក្សកាន់អំណាច នៅកម្ពុជា។ អ្នក​វិភាគមួយ​ចំនួន​ទៀត បាន​និយាយ​ថា នោះគឺជាយុទ្ធសាស្ត្រ ឬល្បិច«សាមកុក»របស់លោក ហ៊ុន សែន ផ្ទាល់​តែ​ម្ដង។ ចំណែក​ឯ​លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ពីប្រទេសកម្ពុជា បានថ្លែងប្រាប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា​ការបែក​បាក់​​រវាង​សម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា ទោះតាមរបៀបណាក៏ដោយ គឺជា«អត្តឃាតនយោបាយ»។

» អានអត្ថបទវិភាគ របស់លោក កែម ឡី ឡើងវិញ៖ យុទ្ធសាស្ត្រ​ទាំង៥ ​ដែល​​បក្ស​​កាន់​​អំណាច​ប្រើ​ ដើម្បី​​​ផ្ដួល​​​បក្ស​​​ប្រឆាំង

ប៉ុន្តែការអះអាង​របស់​ប្រធានគណបក្សសង្គ្រោះជាតិ អាចធ្វើឲ្យគេជឿតទៅទៀតថា សម្ព័ន្ធភាព សម រង្ស៊ី-កឹម សុខា នឹង​មិន​អាច​បំបែក​បាន​ឡើយ។ លោក សម រង្ស៊ី បានឆ្លើយដូច្នេះ ទៅក្នុងកិច្ចសម្ភាស​​ជាមួយ​វិទ្យុ​អាស៊ី​សេរីទៀត​ថា៖ «តែខ្ញុំ​បាន​ធ្វើឲ្យលោក ហ៊ុន សែន ដឹងខ្លួន មិនចាំបាច់លេងល្បែងហ្នឹងទេ ខ្ញុំអត់ត្រូវការ អត់​ត្រូវការ​ទៅឲ្យ​គាត់​ឲ្យ​អី​ខ្ញុំ ខ្ញុំអត់ត្រូវការ តែខ្ញុំត្រូវការឲ្យជាតិរស់ ខ្ញុំត្រូវការសង្រ្គោះជាតិ ហើយ​ដើម្បី​សង្រ្គោះ​ជាតិ​ឲ្យ​បានសម្រេច ខ្ញុំត្រូវការឲ្យមានការរួបរួមគ្នារវាងខ្មែរនឹងខ្មែរ អ្នកស្រឡាញ់ជាតិដូចគ្នា អ្នក​ស្រឡាញ់​យុត្តិធម៌​ដូច​គ្នា ត្រូវ​តែ​រួម​គ្នា ដើម្បីសង្រ្គោះជាតិរបស់យើង ដូច្នេះអត់​មាន​ថ្នូរ​ទេ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...