កែម ឡី៖ របបកាន់អំណាចសព្វថ្ងៃ ជិតដួលរលំនិងកំពុងដកចង្កាមាន់
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 03, 2016
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«វាអាចដែរ» ដែលមុននឹងស្លាប់ ត្រូវដកចង្កាមាន់សិន សម្រាប់របបកាន់អំណាច នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ដែលកំពុងរងការចោទប្រកាន់ថា បានយកការចាប់ចង មកធ្វើជាដើមទុននយោបាយ និងហាក់ដូចជាកំពុងអនុវត្តយ៉ាងច្រើន តាមទ្រឹស្ដីខ្មែរក្រហម ស្ដីពី«កង់ប្រវត្តិសាស្ត្រ កំពុងវិលទៅមុខ ហើយបើហ៊ានលូកដៃដាច់ដៃ លូកជើងដាច់ជើង លូកក្បាលដាច់ក»។ នេះជាការថ្លែងឡើង របស់អ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី។
តបទៅនឹងការសាកសួរ របស់វិទ្យុសម្លេងអាស៊ីសេរី ជុំវិញពការចាប់ចង មន្ត្រីការពារសិទ្ធិមនុស្ស យកទៅឃុំក្នុងពន្ធនាគារក្នុងពេលថ្មីៗនេះ លោក កែម ឡី បានលើកយកករណី នៅក្នុងប្រទេសជាច្រើនផ្សេងទៀ់ត មកពន្យល់ ដូចជាករណីរបស់អតីតប្រធានាធិបតី សូហារតូ របស់ប្រទេសឥណ្ឌូនេស៊ី អតីតប្រធានាធិបតី ម៉ាកូស របស់ប្រទេសហ្វីលីពីន ឬករណីរបស់មេដឹកនាំយោធា ថេន សេន នៅក្នុងប្រទេសភូមាជាដើម ដែលសុទ្ធតែជាប់ឈ្មោះ ជាមេដឹកនាំ នៃអតីតរបបផ្ដាច់ការ នៅក្នុងប្រទេសទាំងនោះ។
លោក កែម ឡី បានថ្លែងឡើងថា៖ «ខ្ញុំមើលទៅ វាអាចជាដំណាក់កាលចុងក្រោយ។ យើងមើលរបប សូហារតូ មុននឹង(ត្រូវបាន)ផ្ដួលរលំ (គឺ)របៀបហ្នឹង។ (...) ទីពីរ របប ម៉ាកូស អី មុននឹងដួលរលំ សុទ្ធតែជារបបផ្ដាច់ការ គឺរបៀបហ្នឹង។ ហើយនិងរបប ថេន សេន ឆ្នាំ៩០អី គឺរបៀបណ្នឹងឯង។ របៀបនេះ ដូចខ្ញុំតែងតែនិយាយថា មុននឹងស្លាប់ទៅ ត្រូវដកចង្កាមាន់ (ឬប្រកាច់) សិន។»
ការអះអាងរបស់លោក កែម ឡី បានធ្វើឡើងបន្ទាប់ពីមន្ត្រីទាំងបួនរូប របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (មានលោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី) ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស បន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់ ពីបទសូកប៉ាន់សាក្សី (មាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌ) និងមន្ត្រីមួយរូប (លោក នី ចរិយា) របស់គ.ជ.ប. ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ប៉េហ្សី (PJ) របស់នគរបាលរាជធានីភ្នំពេញ ពីបទផ្សំគំនិតសូកប៉ាន់សាក្សី (មាត្រា ២៩ និង៥៤៨ នៃក្រមព្រហ្មទណ្ឌ)។
អ្នកទាំងប្រាំរូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោក ឱម យ៉ិនទៀង ធ្វើការចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៨ ខែមេសា ទាក់ទងនឹងសំនុំរឿងលិខិតចំហរដ៏ចម្រូងចម្រាស់ របស់ស្ត្រីជាងធ្វើសក់ម្នាក់ ដែលរងការចោទ ថាមានទំនាក់ទំនងស្នេហា ជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ ពួកគេទាំងនេះ អាចនឹងត្រូវផ្ដន្ទាទោស ឲ្យជាប់ពន្ធនាគារពី៥ ទៅដល់១០ឆ្នាំ ប្រសិនជាតុលាការរកឃើញថាមានកំហុស។
លោក កែម ឡី បានបន្តពន្យល់ទៀតថា បើសិនណាជាអ្នកនយោបាយសព្វថ្ងៃ ភ័យខ្លាចការចាញ់ឈ្នះ ខ្លាច«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី»នេះ ហើយអ្នកនយោបាយនោះ ចេះតែចាត់វិធានការ ដោយរំលោភច្បាប់ នោះវានឹងធ្វើឲ្យស្ថានភាពរបស់ប្រទេសជាតិ ស្ថិតក្នុងសភាពគ្រោះថ្នាក់។ លោកបានបញ្ជាក់ថា៖ «ហើយយើងធ្លាប់និយាយថា កុំអនុវត្តន៍វប្បធម៌ ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី។ ប៉ុន្តែនៅពេលដែល ទឹកឡើង ម៉េចក៏ត្រីណ្នឹងស៊ីស្រមោច ដែលតូចតាចនោះសម្បើមម្លេះ? ហើយស៊ីណ្នឹង ស៊ីដោយស្របច្បាប់ទៀត។»
អ្នកស្រាវជ្រាវផ្នែកសង្គមរូបនេះ បានអះអាងថា៖ «នៅក្នុងស្ថាប័នរដ្ឋ ដូចជាស្ថាប័នយោធា នគរបាល មន្ត្រីរាជការធំៗ ដែលខ្ញុំបានជួប ស្មានតែគាត់ណ្នឹងគាំទ្រវប្បធម៌ ដែលមិនល្អ(ឬ)? ព្រោះអ្នកដែលលេងនយោបាយរបៀបៗនេះ មិនមែនផ្សព្វផ្សាយឲ្យដឹងទេ សុទ្ធតែមានកិច្ចប្រជុំសម្ងាត់។ មន្ត្រីរដ្ឋាភិបាល កងកម្លាំងដែលគាត់មានបេះដូងជាខ្មែរ គាត់ជាមនុស្សស្អាតស្អំ គាត់មិនសប្បាយចិត្ត នឹងល្បិចនយោបាយ ល្បែងនយោបាយ ជំនួញនយោបាយឡុងចុងរបៀបនេះទេ។»៕