នៅពេលដែល ខៀវ កាញារីទ្ធ បង្ហោះឯកសារ«ក្លែងក្លាយ»...
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៧ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 27, 2016
- ប្រធានបទ: ក្លែងឯកសារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នរណាក៏អាចភ័ន្ដច្រឡំ ហើយនរណាក៏អាចមិនយល់ និងមានសិទ្ធិសេរីភាព ក្នុងការសាកសួរទៅកាន់អ្នកផ្សេង ដើម្បីពន្យល់ប្រាប់មកខ្លួនវិញ នូវរឿងរ៉ាវខ្លះដែលមានលក្ខណៈចម្លែកៗនោះដែរ។ តែការបង្ហោះនៅតាមបណ្ដាញសង្គម នូវឯកសារក្លែងក្លាយ ឫឯកសាររសើប (ដូចយ៉ាងផែនទីព្រំដែនជាដើម) ដែលក្រុមមន្ត្រីអ្នកទទួលខុសត្រូវ មកពីគណបក្សប្រឆាំង បានធ្វើក្នុងពេលកន្លងមក ទោះស្ថិតក្នុងទិដ្ឋភាពបែបណាក៏ដោយ តែងត្រូវបានចាប់កំហុស កោះហៅទៅសាកសួរ ឬបើមិនដូច្នេះទេ ការបង្ហោះទាំងនោះ ត្រូវបានលប់ចេញទៅវិញភ្លាមៗ នៅពេលបន្ទាប់មក។
ផ្ទុយទៅវិញ ការបង្ហោះកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា នូវសេចក្ដីប្រកាសព័ត៌មានក្លែងក្លាយមួយ នៅលើបណ្ដាញសង្គម ដោយគណនីរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅតែបន្តមានវត្តមាន រហូតមកដល់ម៉ោងនេះ (មានរយៈពេល៨ម៉ោងហើយ ក្រោយការបង្ហោះ) និងបើទោះជាលោករដ្ឋមន្ត្រីខ្លួនលោក យល់យ៉ាងច្បាស់រួចហើយថា សេចក្ដីប្រកាសព័ត៌មាននោះ ជាឯកសារក្លែងក្លាយក៏ដោយ។
សេចក្ដីប្រកាសព័ត៌មាននោះ សរសេរឡើងក្រោមផ្លាក របស់គណបក្សសង្គ្រោះជាតិ មានទាំងកំហុសអក្ខរាវិរុទ្ធ និងមានប្រើភាសា ចាត់ទុកករណីរបស់លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ថាជាករណីបុគ្គល ព្រមទាំងបានធ្វើការហាមប្រាម មិនឲ្យអ្នកគាំទ្រ ឲ្យធ្វើដំណើរឡើងមកកាន់គណបក្សជាដើម។ សេចក្ដីប្រកាសព័ត៌មាន«ក្លែងក្លាយ» ដែលចុះលេខ ០៧៩/១៦ បានទទួលការចែករំលែក ដល់ទៅជាង១៣០ដង មកដល់ពេលនេះ។
តើជាចេតនា«អាក្រក់»របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិតឬ?
ការបង្ហោះឯកសារក្លែងក្លាយខាងលើ បានទទួលការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាក់។ ពួកគេបានចាត់ទុកការបង្ហោះនេះ ថាមានចេតនាអាក្រក់ ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ដែលគួរតែយល់ដឹងយ៉ាងច្បាស់ ពីអ្វីដែលហៅថាឯកសារក្លែងក្លាយ ឬព័ត៌មានមិនពិត។ តែលោក ខៀវ កាញារីទ្ធ ខ្លួនលោក បានឆ្លើយតបមកវិញថា លោកពិតជាមិនយល់មែន។ លោកបានសរសេរថា៖ «ខ្ញុំមិនយល់មែនទែន គេថាឯងភ្លើ ឬធ្វើភ្លើទៅវិញ។ ចុះបើថាឯកសារក្លែងក្លាយ ម៉េចមិនលោកអ្នកប្រាជ្ញទាំងឡាយ ចេញលិខិតកែតំរូវអីទៅ (SIC)។ ឬក៏ខ្ញុំគ្មានសិទ្ធិឆ្ងល់ទេអី? រឿងបក្ស (ជារឿង)ផ្សេង រឿងហេតុការណ៍គេចង់ដឹង ជារឿងផ្សេង (ទៀត)។»
នៅចំពោះការឆ្លើយដោះបន្ទុក របស់លោក ខៀវ កាញារីទ្ធ ម្ចាស់គណនីម្នាក់ឈ្មោះ «UN Nhan» បានសរសេរតបវិញថា៖ «គិតថាប្រជាជនល្ងង់ រឺត្រចៀកសមែន(ឬ) ឯកឧត្ដម? ហេតុអីថ្នាក់ដឹកនាំរដ្ឋាភិបាល តែងតែវាយតំលៃសមត្ថភាពយល់ដឹង (របស់) ប្រជាជន ខុសច្រើនម្លេះ?» ខណៈម្ចាស់គណនីមួយរូបទៀត បានឲ្យយោបល់ទៅលោករដ្ឋមន្ត្រីវិញថា៖ «ចម្ងល់របស់ឯកឧត្តម ទទួលបានការបកស្រាយហើយ។ ដូច្នេះឯកឧត្តម គួរលប់ឯកសារក្លែងក្លាយនេះ ចេញពីគណនីរបស់ឯកឧត្តមទៅ។»៕