ការិយាល័យ អ.ស.ប នៅកម្ពុជានឹងប្រារព្ធខួបលើកទី ៧០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០២ មេសា ២០១៨
- កែប្រែចុងក្រោយ: April 03, 2018
- ប្រធានបទ: សិទ្ធិមនុស្ស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់ឆ្នាំនេះ អង្គការសហប្រជាជាតិ បានប្រកាស ពីការត្រៀមខ្លួន ប្រារព្ធខួបលើកទី៧០ នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស ហើយការិយាល័យ របស់ស្នងការជាន់ខ្ពស់ អ.ស.ឞ ស្ដីពីសិទ្ធិមនុស្ស ប្រចាំក្នុងប្រទេសកម្ពុជា ក៏បានអះអាងឲ្យដឹង ពីគម្រោងមួយនេះ ដូចគ្នាដែរ។ នៅលើទំព័រផ្លូវការ ក្នុងបណ្ដាញសង្គម របស់ការិយាល័យ បានសរសេរឲ្យដឹងថា៖
«ឆ្នាំនេះ យើងនឹងប្រារព្វខួបលើកទី ៧០ នៃសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស។ សិទ្ធិមនុស្ស មានការពាក់ព័ន្ធនឹងយើងគ្រប់រូប ជារៀងរាល់ថ្ងៃ។ សិទ្ធិមនុស្ស រាប់ទាំងសិទ្ធិសេរីភាពរបស់យើង រួចផុតពីភាពភ័យខ្លាច និងទុគ៌តភាព សេរីភាពនិយាយស្តី សិទ្ធិទទួលបានសុខភាព និងការអប់រំ និងសិទ្ធិទទួលបានអត្ថប្រយោជន៍ ពីវិធានការនានា ដើម្បីជំរុញសេដ្ឋកិច្ច និងយុត្តិធម៌សង្គម។»
រវាងឆ្នាំ១៩៤៨ និងឆ្នាំ២០១៨ គឺរយៈពេល៧០ឆ្នាំមកហើយ ដែលសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស បានចាបផ្ដើមចេញរូបរាងឡើង ដើម្បីប្រាប់ទៅពិភពលោកទាំងមូល ថាទោះស្ថិតក្នុងស្ថានភាពបែបណា ពណ៌សម្បុរណាក៏ដោយ វ័យចាស់ឬក្មេង ប្រុសឬស្រី... សុទ្ធតែមានសិទ្ធិស្មើៗគ្នា។ សេចក្ដីប្រកាសនោះ មានចែងយ៉ាងច្បាស់ ពីសិទ្ធិមនុស្សជាមូលដ្ឋាន និងត្រូវបានអនុម័តឡើង ក្នុងថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ដោយរដ្ឋចំនួន៥០ ពីក្នុងចំណោមរដ្ឋ៥៨ ដែលចូលរួមប្រជុំ ក្នុងវិមានឆៃយ៉ូ «Palais de Chaillot» ជិតតួរអេសហ្វែល នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង។
សេចក្ដីប្រកាស ជាលើកដំបូងនោះ មិនមានអំណាច ជាលក្ខណៈផ្លូវច្បាប់ទេ តែវាបានបើកផ្លូវ តម្រូវឲ្យកិច្ចព្រមព្រៀង កតិកាសញ្ញា សន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ របស់រដ្ឋជាសមាជិកទាំងឡាយ ដែលធ្វើឡើងក្រោមស្លាប របស់អង្គការសហប្រជាជាតិ ចាំបាច់ត្រូវអនុលោម ស្របតាមសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស។ នោះ ជាករណីរបស់ប្រទេសកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលត្រូវបានចុះហត្ថលេខា ដោយតំណាងភាគីជម្លោះ ក្នុងប្រទេស និងតំណាងរដ្ឋ មកពី១៨ប្រទេស ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
គប្បីបញ្ជាក់បន្ថែមដែរថា ការប្រកាស ធ្វើខួបលើកទី៧០ នៃសេចក្ដីប្រកាស ស្ដីពីសិទ្ធិមនុស្ស របស់ការិយាល័យ អ.ស.ប ប្រចាំក្នុងប្រទេសកម្ពុជា ធ្វើឡើងក្នុងពេលដែលប្រទេសកម្ពុជា កំពុងឆ្លងកាត់ នូវវិបត្តិនយោបាយ និងការរិះគន់ពីសំណាក់ប្រទេស មិនតិចជាង៤៥ រួមនឹងអង្គការសហប្រជាជាតិ ជុំវិញការធ្លាក់ចុះដ៏ធ្ងន់ធ្ងរ នៃដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស៕