ចំណាប់ខ្មាំងនៅអាល់ហ្សេរី៖ កងទ័ពវាយលុកចូលរំដោះ តែអាចមានស្លាប់ច្រើន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: January 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍កើតឡើង បានតែមួយថ្ងៃប៉ុណ្ណោះ កងទ័ពរបស់ប្រទេសអាល់ហ្សេរី នៅថ្ងៃនេះ បានសម្រេចវាយលុក ដើម្បីវាយរំដោះផ្នែកមួយនៃចំណាប់ខ្មាំងជាច្រើន ដែលក្រុមប្រដាប់អាវុធអ៊ីស្លាមនិយម បានចាប់ទុកនៅក្នុងរោងចក្រចម្រាញ់ឧស្ម័នហ្គាស នៅជាប់នឹងព្រំប្រទល់នៃប្រទេសលីប៊ី។ បណ្ដាប្រទេសដែលមានពលរដ្ឋរបស់ខ្លួន ជាប់ជាចំណាប់ខ្មាំងនេះ សង្ស័យពីទម្ងន់តុល្យភាពជាផ្លូវការ ដែលនៅមិនទាន់អោយដឹងនៅឡើយ មកទល់នឹងម៉ោងនេះ។
រោងចក្រចម្រាញ់ឧស្ម័នហ្គាស ដែលក្រុមភេវរជនបានចាប់បុគ្គលិកនៅទីនោះ ជាចំណាត់ខ្មាំង។ រូបថត Statoil/EPA/MaxPPP។
ទីក្រុងអាល់ហ្សេ នៃប្រទេសអាល់ហ្សេរី បានប្រើប្រាស់កម្លាំងចូលវាយរំដោះចំណាប់ខ្មាំង នៅថ្ងៃព្រហស្បត្តិ៍ទី១៧មករា ក្រោយ២៤ម៉ោងពីការចាប់ធ្វើចំណាប់ខ្មាំង ដោយពួកភេវរករនិយមអ៊ីស្លាម នៅក្នុងរោងចក្រចម្រាញ់ឧស្ម័នហ្គាសមួយ ដែលជាអាជីវកម្មរបស់ក្រុមហ៊ុនប្រេងកាត BP នៃប្រទេសអង់គ្លេស។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសអាល់ហ្សេរី លោក ដាហ៊ូ អ៊ូល្ដ កាប្លីយ៉ា (Dahou Ould Kablia) បានបដិសេធចោលរាល់ការចរចារណាមួយ ជាមួយនឹងក្រុមអ្នកចាប់ចំណាប់ខ្មាំងទាំងនោះ។
សូមអានអត្ថបទមុន របស់មនោរម្យព័ងអាំងហ្វូ ដែលធ្វើរបាយការណ៍រួចហើយ ពីហេតុការណ៍កើតក្នុងថ្ងៃកន្លងមក។
រដ្ឋមន្ត្រីមហាផ្ទៃអាល់ហ្សេរី រូបនេះបានបញ្ជាក់ថា «ព្រឹត្តិការណ៍ដែលកើតមានជាបន្ត នឹងមិនមានផលល្អសម្រាប់ ចំណាប់ខ្មាំងទេ។ ប៉ុន្តែបើទោះយ៉ាងណាក៏ដោយ ក៏រាល់ពួកភេវរជននឹងត្រូវតែកំចាត់ចេញ។»
វាយលុកតាមផ្លូវអាកាស
ការវាយលុកមួយត្រូវបានធ្វើប្រឆាំង នឹងក្រុមជនប្រដាប់អាវុធទាំងនេះ ដែលបានចាប់អ្នកធ្វើការរាប់រយនាក់ ដែលក្នុងនោះមានបណ្ដាជនជាង៤០នាក់ ជាជនជាតិបរទេសពីគ្រប់ជាតិសាសន៍ ដូចជាបារាំង អង់គ្លេស ណ័រវេស អាមេរិកាំង និងជប៉ុនជាដើម។ នៅក្នុងពេលមានការវាយលុក ដែលមានជំនួយពីឧទ្ធម្ភាគចក្រចម្បាំងផងនោះ ជនចំណាប់ខ្មាំងជាច្រើនទំនងជាត្រូវបានសម្លាប់។ តួលេខដែលអាជ្ញាធរអាល់ហ្សេរីឲ្យដឹង មកទល់នឹងម៉ោងនេះ ចំណាប់ខ្មាំងប្រមាណជាជាង៣០នាក់បានស្លាប់ ក្នុងនោះជនបរទេសមានប្រមាណជា៧នាក់។ រីឯភេវរជនប្រមាណជា ១១នាក់ ដែលមកពីគ្រប់ជាតិសាសន៍ដូចគ្នានោះ ក៏ត្រូវបានសម្លាប់ដែរ។
តុល្យភាពខាងលើនេះ ចេញផ្សាយដោយអាជ្ញារធរអាហ្សេរី គ្រាន់ជាតួលេខបណ្ដោះអាសន្ន ព្រោះមានតែផ្នែកមួយនៃ ទីតាំងនោះប៉ុណ្ណោះ ដែលកងទ័ពអាល់ហ្សេរី ដណ្ដើមកាន់កាប់បានមកវិញ។ តែនៅមានទីកន្លែងដទៃទៀតក្នុងតំបន់នោះ ដែលកងទ័ពនៅកំពុងធ្វើការហ៊ុំព័ទ្ធនៅឡើយ។ ចំណែកអ្នកនាំពាក្យរបស់ក្រុមភេវរជនវិញ បានថ្លែងក្នុងសេចក្ដីប្រកាសពត៌មានមួយកាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ថា ខណៈពេលពួកគេសាកល្បងនឹងដឹកជញ្ជូនចំណាប់ខ្មាំង ទៅកាន់ទីកន្លែងសុវត្ថិភាពតាមរថយន្ដនោះ កងទ័ពអាល់ហ្សេរីបានទម្លាក់គ្រាប់បែក វាយលុក ហើយបានសម្លាប់ចំណាប់ខ្មាំង៣៤នាក់ និងអ្នកចាប់ចំណាប់ខ្មាំង ១៥នាក់។ ចំណាប់ខ្មាំងដែលនៅរួចរស់ ពីការវាយប្រហារតាមផ្លូវអាកាសនោះ មាន៣នាក់ជនជាតិប៊ែលហ្សិក ២នាក់ជាអាមេរិកាំង ម្នាក់ជាជប៉ុន និងម្នាក់ទៀតជាជនជាតិអង់គ្លេស។ តែសេចក្ដីប្រកាសនោះ មិនបាននិយាយពីចំនួនអ្នករងរបួសទេ។
ពត៌មានខ្លះទៀតផ្សាយចេញក្នុងថ្ងៃព្រហស្បត្តិម្សិញម៉ិញ បាននិយាយថា ពួកភេវរជនទំនងជាមិនចង់ទុកចំណាប់ខ្មាំង យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះទេ។ មនុស្សជាច្រើន រួមមានទាំងជនបរទេសផង បានលួចរត់ចេញរួចដោយជោគជ័យពីរោងចក្រ។ ទីភ្នាក់ងារពត៌មានរបស់ប្រទេសអាល់ហ្សេរី បាននិយាយថា អ្នកធ្វើការក្នុងរោងចក្រជាជនជាតិអាល់ហ្សេរី ប្រមាណជា ៦០០នាក់ ត្រូវបានដោះលែងអោយមានសេរីភាព។
លោក ដាហ៊ូ អ៊ូល្ដ កាប្លីយ៉ា បានថ្លែងបញ្ជាក់ថា ក្រុមប្រដាប់អាវុធនិយមអ៊ីស្លាមនេះ មានប្រភពពីប្រទេសលីប៊ី នៅជិតខាងជាប់ព្រំដែននេះ ហើយថា ការចាប់ជាចំណាប់ខ្មាំងនេះ ត្រូវបានរៀបគម្រោងទុក នៅក្រោមបញ្ជាការរបស់ ជនជាតិអាល់ហ្សេរីម្នាក់ឈ្មោះ ម៉ុកតារ ប៊ែលម៉ុកតារ (Mokhtar Belmokhtar) ដែលជាស្ថាបនិកមួយរូប នៃបណ្ដាលភេវរនិយមអាល់កៃដា ប្រចាំនៅបណ្ដាប្រទេស នៃទ្វីបអាហ្វ្រិកខាងជើង៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ