វាយកំទេចភេរវជន? លុចហ្សំប៊ួរ ប្រើទាហានតែ២នាក់ប៉ុណ្ណោះ!
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១១ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 11, 2015
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្មាននរណានឹកស្មានដល់ទេ នៅពេលដែលគេបានអានអត្ថបទ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង (APF) កាលពីថ្ងៃព្រហស្បត្តិ៍ ដែលបានអះអាងជាអាថ៌ថា កងកម្លាំងរបស់ប្រទេសលុចហ្សំប៊ួរ ដែលបញ្ជូនទៅប្រទេសម៉ាលី នឹងកើនឡើងដល់ពីរនាក់ ខណៈការបញ្ជូនលើកមុន មានចំនួន១នាក់។ ដំណឹងនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម នៅក្នុងប្រទេសនានា នាទ្វីបអ៊ឺរ៉ុបខាងលិច ផ្ទុះសំណើចសើចកាច់ក កាច់ស្រង់។
អ្នកខ្លះខំប្រឹងសួរទៅ AFP វិញថា តើព័ត៌មាននេះ ពិតឬទេ ឬជាព័ត៌មានដែលមានប្រភេទចំអក? រីឯអ្នកខ្លះដែលយល់ថា មិនមែនជារឿងកុហកនោះ បានសរសេរសើចសប្បាយ ដាក់គ្នាទៅវិញទៅមកថា៖ «គ្រាន់តែឮសូរទាហាន លុចហ្សំប៊ួរ តើក្រុមភេរវជនណាមួយ ដែលមិនញ៉ាក់សាច់?»
ឆ្លើយតបជាមួយនឹងសារព័ត៌មានលុចហ្សំប៊ួរ ជាភាសាបារាំង «L'Essentiel» អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសលុចហ្សំប៊ួរ បានចេញមុខ មកការពារជំហររបស់ប្រទេសខ្លួន ក្នុងការបញ្ជូនចំនួនយោធា តែពីរនាក់នេះ ទៅកាន់ប្រទេសម៉ាលី ដោយបានអះអាងថា៖ «មិនមានអ្វី គួរឲ្យភ្ញាក់ផ្អើលទេ ព្រោះវាសមាមាត្រ ទៅនឹងទំហំនៃកងទ័ពរបស់យើង»។ សារព័ត៌មានដដែលបានពន្យល់ថា កងទ័ពរបស់ប្រទេសលុចហ្សំប៊ួរដ៏តូចនេះ មានចំនួនទាំងអស់ ត្រឹមតែ៩០១នាក់ប៉ុណ្ណោះ ហើយចំនួនពាក់កណ្ដាល ពីក្នុងនេះ សុទ្ធសឹងជាទាហានស្ម័គ្រចិត្ត។
សូមជម្រាបជូនដែរថា ប្រទេសលុចហ្សំប៊ួ ជាប្រទេសដ៏តូចមួយ (មិនមែនតូចជាងគេ នៅក្នុងពិភពលោកទេ) ស្ថិតនៅចន្លោះបារាំង ប៊ែលហ្សិក និងអាល្លឺម៉ង់។ ប្រទេសនេះមានផ្ទៃក្រឡា២ ៥៨៦គីឡូម៉ែត្រការ៉េ និងប្រជាជនប្រមាណ ជាង៥សែននាក់។
ទីភ្នាក់ងារព័ត៌មានបារាំង AFP បានសរសេរថា ដើម្បីជាការបង្ហាញនូវសាមគ្គីភាព នៅក្នុងសហគមន៍អ៊ឺរ៉ុប ចំពោះការដង្ហោយហៅ របស់ប្រទេសបារាំង ក្នុងការប្រយុទ្ធប្រឆាំង នឹងក្រុមរដ្ឋអីស្លាម ឬក្រុមភេរវជននោះ ប្រមុខរដ្ឋរបស់ប្រទេសលុចហ្សំប៊ួរ ព្រះអង្គម្ខាស់ ហង់រី (Henry) បានសម្រេចចិត្ត បញ្ជូនកម្លាំងយោធាចំនួន ១នាក់ទៀត ទៅកាន់ប្រទេសម៉ាលី។ ទាហានម្នាក់នេះ នឹងនៅជាទីប្រឹក្សាយោធា របស់កងទ័ពនៃប្រទេសម៉ាលី ក្នុងទ្វីបអាហ្វ្រិកកណ្ដាលមួយនេះ រហូតដល់ចប់បេសកកម្ម៕