រូបភាពបង្ហាញពី«ភាពគ្មានជំនាញ»របស់សមាជិក ISIS
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី៣០ មេសា ២០១៦
- កែប្រែចុងក្រោយ: October 17, 2016
- ប្រធានបទ: ភេរវនិយម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមសារព័ត៌មានបារាំង «Le Monde» បាននិយាយថា វីដេអូនេះ បង្ហាញពីទិដ្ឋភាព របស់កងកម្លាំងរបស់ក្រុម រដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) នៅពេលចេញទៅច្បាំង ទល់នឹងកងកម្លាំងតស៊ូជាតិ គួដ (Kurde) ស្ថិតនៅភាគខាងជើង នៃប្រទេសអៀរ៉ាក់។ រីឯកម្លាំង ដែលត្រូវបញ្ជូន ទៅធ្វើការតតាំងនោះទៀតសោធ ក៏មិនមានចំនួនច្រើនដែរ ដោយហេតុថា អង្គការភេរវនិយម មិនចង់យកកម្លាំងច្រើនហួស ទៅប្រឈមនឹងការវាយប្រហារ តាមផ្លូវអាកាស ពីសំណាក់កងកម្លាំងសម្ព័ន្ធមិត្ត ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ។
ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងវីដេអូដដែលនេះ បានបង្ហាញពីភាពគ្មានជំនាញ គ្មានយុទ្ធសាស្ត្រ របស់យុទ្ធជនស្ម័គ្រប្រយុទ្ធ ដើម្បីព្រះអាឡាហ៍ (ហៅថា Djihad) ដែលខុសគ្នាឆ្ងាយ ដូចមេឃខុសពីដី ពីរូបភាពឃោសនា ដែលក្រុមនេះតែងបានផ្សាយ ក្នុងពេលកន្លងមក។ គ្មានជំនាញ និងគ្មានយុទ្ធសាស្ត្រ ដែលធ្វើឲ្យពួកគេ ទទួលបានលទ្ធផលយ៉ាងអាក្រក់។ នៅទីបំផុត បន្ទាប់ពីរងការបាញ់ ដោយរ៉ុក្កែតប្រឆាំងរថពាសដែក ពីសំណាក់ក្រុមអ្នកតស៊ូជាតិ គួដ នោះរួច ក្រុមយុទ្ធជនរបស់ក្រុមរដ្ឋអ៊ីស្លាមទាំងនេះ បានសម្រេចធ្វើការដកថយ។
សារព័ត៌មាន «Vice News» ដែលបានផ្សាយវីដេអូចេញជាសាធារណៈ បានរាយការណ៍ដែរថា យុទ្ធជនម្ចាស់កាមេរ៉ា ដែលបានពាក់ ចូលទៅផ្ដិតយករូបភាពខាងលើនេះ បានស្លាប់ហើយ តាំងពីការប្រយុទ្ធគ្នា នៅខែមីនាកន្លងទៅម្លេះ៕