ISIS ផ្សាយវីដេអូ«សម្លាប់មនុស្ស»ថ្មី គម្រាមចក្រភពអង់គ្លេស
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៤ មករា ២០១៦
- កែប្រែចុងក្រោយ: January 06, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វីដេអូ ដែលត្រូវបានត្រួតពិនិត្យ និងបញ្ជាក់អះអាង ដោយមជ្ឈមណ្ឌល «SITE» ជំនាញខាងការឃ្លាំមើល សកម្មភាពរបស់ក្រុមភេរវជន ត្រូវបានក្រុមរដ្ឋអ៊ីស្លាមបង្ហោះ ឲ្យដឹងតាំងពីថ្ងៃអាទិត្យ ចុងសប្ដាហ៍មុន ដោយចាប់ផ្ដើមបង្ហាញជាដំបូង នូវការសារភាពរបស់ជនចំណាប់ខ្មាំង ទាំងប្រាំរូប ដែលរៀបរាប់ថា ខ្លួនជាអ្នករស់នៅក្នុងក្រុង រ៉ាកា (Raqa) ដែលក្រុមរដ្ឋអ៊ីស្លាមចាត់ទុកធ្វើជារដ្ឋធានី។
សមាជិកម្នាក់របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលបានបង្ហាញមុខ នៅក្នុងវីដេអូ បានហៅជនចំណាប់ខ្មាំង ទាំង៥រូបថា ជា«ចារបុរស»។
ពាក្យចម្លើយរបស់បុរសទាំងប្រាំ មិនអានឲ្យគេដឹងថា តើពួកខ្លួនបានធ្វើចារកម្ម ឲ្យប្រទេសណាមួយ ឬក្រុមប្រទេសណានោះឡើយ ប៉ុន្តែបុរសម្នាក់ ពីក្នុងចំណោមនេះ បានលើកឡើង ពីយុទ្ធនាការវាយសន្ធាប់ របស់កងកម្លាំងសម្ព័ន្ធភាពអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី។
ពួកគេមានតួនាទី ក្នុងការបញ្ជូនវីដេអូ ឬរូបថត ដែលបង្ហាញពីជីវភាពប្រចាំថ្ងៃ នៅក្រុងរ៉ាកា ទៅឲ្យបណ្ដាញខ្លួន នៅក្នុងប្រទេសទួរគី។ បុរសទាំងប្រាំ បានអះអាងបន្ថែមថា ពួកគេក៏ត្រូវឃ្លាំមើល ពីដំណើរបន្លាស់ទី នៃយុទ្ធជនរបស់ក្រុមរដ្ឋអ៊ីស្លាមដែរ។
«នេះជាសារមួយសម្រាប់ លោក ដេវីដ កាមេរូន»
វីដេអូបានបង្ហាញជាបន្តទៀត ពីជនទាំងប្រាំស្លៀកពាក់ ខោអាវអ្នកទោសពណ៌ទឹកក្រូច លត់ជង្គង់នៅពីមុខ ជនប្រាំនាក់ផ្សេងទៀត ស្លៀកពាក់ខោអាវទាហ៊ាន បិទមុខជិត និងមានអាវុធខ្លីនៅនឹងដៃ។ សមាជិកម្នាក់ នៃក្រុមជនបិទមុខទាំងប្រាំ បានថ្លែងជាភាសាអង់គ្លេសឡើងថា៖ «នេះជាសារមួយសម្រាប់លោក ដេវីដ កាមេរូន (David Cameron - នាយករដ្ឋមន្ត្រីអង់គ្លេស)។ វាជារឿងមួយគួរឲ្យឆ្ងល់ ដែលឮនៅថ្ងៃនេះ ថាមេដឹកនាំគ្មានបានការម្នាក់ ដូចអ្នកឯង បានចេញមុខប្រឆាំង នឹងឥទ្ធពលខ្លាំងក្លា របស់រដ្ឋអ៊ីស្លាម។»។
យុទ្ធជននៃរដ្ឋអ៊ីស្លាមម្នាក់នេះ បានបន្តទៀតថា៖ «សម្រាប់គ្រប់គ្នា ដែលចង់បន្តប្រយុទ្ធ ក្រោយការបញ្ជារបស់ កាមេរូន - អ្នកឯងមានបានគិតឬទេ ថារដ្ឋាភិបាលអ្នកឯង នឹងគិតខ្វល់ខ្វាយពីរូបអ្នក នៅពេលអ្នកឯងធ្លាក់ក្នុងដៃ របស់យើង? មិនដូច្នេះទេ ព្រោះគេនឹងបោះបង់អ្នកឯងចោល ដូចគេបានបោះបង់ ចារបុរសទាំងនេះ និងអ្នកដែលមកប្រយុទ្ធ ក្រោមបញ្ជាក់របស់គេដូច្នេះ»។
នៅចុងបញ្ចប់ នៃ«សុន្ទរកថា»របស់ជនបិទមុខនេះ ការប្រហារជីវិតទៅលើជនទាំងប្រាំ ដែលរងការចោទប្រកាន់ ថាជាចារបុរស បានចាប់ផ្ដើមឡើង។ ពួកគេត្រូវបានបាញ់សម្លាប់ ដោយគ្រាប់កាំភ្លើង ចំក្បាល៕