ទស្សនាវដ្ដី​អាល្លឺម៉ង់​ផ្សាយ​រូប ត្រាំ កាត់​ក្បាល​ស្ត្រី​«​សេរីភាព»

ទស្សនាវដ្ដីអាល្លឺម៉ង់ ចេញផ្សាយប្រចាំសប្ដាហ៍ ឈ្មោះ «Der Spiegel» បានចេញផ្សាយ​លេខ​ពិសេស​មួយរ​បស់​ខ្លួន កាល​ពី​ចុង​សប្ដាហ៍​នេះ ដោយ​ដាក់​រូប​គំនូរ ដ៏​ពិសេស​មួយ នៅលើគម្រប​របស់ខ្លួន។ គំនូរពិសេស​នោះ គឺលោក ដូណាល់ ត្រាំ (Donald Trump) បានកាត់​ក្បាល​រូបចម្លាក់ស្ត្រី ដែលតំណាង​ឲ្យសេរីភាព នៅទីក្រុង​ ញ៉ូយក យក​មក​កាន់​នៅ​នឹង​ដៃ​ម្ខាង ជាមួយកាំបិត​ផ្គាក់​ដ៏ធំ នៅនឹងដៃ​ម្ខាង​ទៀត។
ទស្សនាវដ្ដី​អាល្លឺម៉ង់​ផ្សាយ​រូប ត្រាំ កាត់​ក្បាល​ស្ត្រី​«​សេរីភាព»
រូបគំនូរ នៅគម្របទស្សនាវដ្ដី «Der Spiegel» បង្ហាញពីលោក ត្រាំ កំពុងកាន់ក្បាលស្ត្រី តំណាងឲ្យសេរីភាព។ (រូបថតលើទ្វីសធើ)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី៧ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 09, 2017
  • ប្រធានបទ: គំនូរអ្នកកាសែត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាគម្របទស្សនាវដ្ដី ដែលបានបង្កភាព«តក់ស្លុត» ដល់ពិភពលោក។ ទស្សនាវដ្ដីអាល្លឺម៉ង់ ចេញផ្សាយ​ប្រចាំ​សប្ដាហ៍ ឈ្មោះ «Der Spiegel» ដែល​គេ​ដឹងថា មាននិន្នាការឆ្វេងនិយម បានដាក់​រូប​គំនូរ​នេះ នៅ​លើ​គម្រប​លេខ​ចេញ​ផ្សាយ របស់​ខ្លួន កាលពីចុង​សប្ដាហ៍មុន។

រូបគំនូរ ដែលគូរដោយវិចិត្រករជាតិ អាមេរិក-គុយបា លោក «Edel Rodriguez» បានបង្ហាញឲ្យ​ឃើញ​លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិកថ្មី កំពុងកាន់ក្បាលស្ត្រី «តំណាង​ឲ្យ​សេរីភាព» របស់​ពិភពលោក នៅ​នឹង​ដៃ​ម្ខាង និងកាំបិត​ផ្គាក់ដ៏ធំ ដែលមាន​ប្រលាក់ឈាម នៅនឹងដៃ​ម្ខាង​ទៀត។ នៅ​ខាង​ក្រោម​ផ្នែក​ខាង​ស្ដាំ  វិចិត្រករបានសរសេរ​ពាក្យ​ពីរម៉ាត់ ជាភាសាអង់គ្លេសថា «America first» (ផល​ប្រយោជន៍​អាមេរិក ជា​អាទិភាព​មុន​គេ) ដែលត្រូវបាន​គេ​ដឹងថា ជាពាក្យស្លោកមួយ ក្នុងចំណោម​ពាក្យ​ស្លោក​ជា​ច្រើន ​​របស់​លោក ត្រាំ នៅក្នុង​​យុទ្ធនាការ​​រក​​សម្លេង​​ឆ្នោត កាលពីឆ្នាំមុន។

នាយកនិពន្ធ របស់ទស្សនាវដ្ដីខាងលើ លោក «Klaus Brinkbäumer» បានថ្លែងប្រាប់ ទីភ្នាក់ងារ​​ព័ត៌មាន​​អាល្លឺម៉ង់ «DPA» ឲ្យដឹង​ថា៖ «នៅខាងលើ​គម្របទស្សនាវដ្ដី​​របស់​យើង បានបង្ហាញពី​ប្រធានាធិបតី កាត់​ក្បាល​រូបចម្លាក់​​​ជា​និមិត្តរូប​​មួយ ដែល​បង្ហាញ ពីការ​ទទួល​ស្វាគមន៍ ជនអន្តោប្រវេសន៍ និងជន​ភៀស​ខ្លួន​ទាំង​ឡាយ នៅ​លើ​ទឹកដី​អាមេរិក តាំង​ពី​ឆ្នាំ​១៨៨៦។ រូបចម្លាក់​នេះ ក៏ជានិមិត្តរូប នៃលិទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព​ដែរ។»។

» នេះ ជារូបភាពពេញទាំងមូល នៃគម្របទស្សនាវដ្ដីនោះ៖

គំនូរនេះរបស់ទស្សនាវដ្ដី ក៏ចង់បង្ហាញពីការប្រៀបធៀប ទៅនឹងយុទ្ធជនស្ម័គ្រប្រយុទ្ធ ដើម្បី​ព្រះ​ជា​ម្ចាស់​ម្នាក់​ របស់​ក្រុម​រដ្ឋ​អ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) ដែល​ធ្លាប់​បាន​ថត​រូប ជា​មួយ​​កាយវិការ​​កាត់​ក្បាល​ចំណាប់​ខ្មាំង ជាច្រើននាក់ យកមក​ដាក់​ផ្សាយ ដើម្បីគម្រាម​បស្ចឹម​លោក ​កាល​ពី​ឆ្នាំ​កន្លង​ទៅ។ ជននេះ ដែលមាន​សញ្ជាតិ​អង់គ្លេស ត្រូវបានគេ​ស្គាល់ ថា​មាន​រហស្សនាម «Jihadi John»។

លោក «Alexander Lambsdorff» អនុប្រធានសភាអ៊ឺរ៉ុប ត្រូវបានសារព័ត៌មានអាល្លឺម៉ង់ «Bild» ស្រង់​សំដី​យក​មក​ផ្សាយ ដោយ​ចាត់​ទុក​គម្រប​ទស្សនាវដ្ដី​ខាង​លើ ថាមានលក្ខណៈ «ខុស​ទំនង» និងយក​ជីវិត​ជន​រងគ្រោះ ពី​ការ​កាត់​ក្បាល​​របស់​ក្រុម​រដ្ឋអ៊ីស្លាម យក​មក​ធ្វើការ«លេងសើច»។ ចំពោះ​​សារព័ត៌មាន​អាល្លឺម៉ង់ «Die Welt» ដែល​មាន​និន្នាការ​ស្ដាំនិយម​វិញ បានវាយតម្លៃ​​​ទស្សនាវដ្ដីនេះ បានបានធ្វើ​ឲ្យ​ខូច​​តម្លៃ ទៅដល់​វិជ្ជាជីវៈ ជា​អ្នក​សារព័ត៌មាន។

រូប​គំនូរនេះ ត្រូវបានយកទៅបង្ហោះ និងចែករំលែក យ៉ាងព្រោងព្រាត នៅតាមបណ្ដាញ​សង្គម។ ហើយ​បណ្ដាបាតុករ ប្រឆាំងនឹង​នយោបាយ​របស់លោក ដូណាល់ ត្រាំ នៅគ្រប់ជ្រុងជ្រោយ លើពិភពលោក ក៏​បាន​បោះ​ពុម្ភ​រូប​គំនូរនេះ ដើម្បី​លើក​តាំង​បង្ហាញ នៅក្នុងបាតុកម្ម​របស់​ពួក​គេ​ដែរ។

ដោយឡែក នៅសហរដ្ឋ​អាមេរិកវិញ សារព័ត៌មាន «Washington Post» បានវាយ​តម្លៃរូបគំនូរ របស់​ទស្សនាវដ្ដី​អាល្លឺម៉ង់ ថា​មាន​លក្ខណៈ «គួរ​ឲ្យព្រឺព្រួច» ខណៈគេហទំព័រ​របស់​ទូរទស្សន៍ «Fox News» ដែល​មាន​និន្នាការ​អភិរក្ស​និយម បាន​សំដែង «ភាព​ចម្លែក» ទៅ​លើ​រូប​គំនូរ​នេះ​ទៅ​វិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...