ជេកឃី ឆាន់ (ឈិនឡុង) យំហូរទឹកភ្នែក ពេលជួបតួរងដែលបែកគ្នាតាំងពី៤០ឆ្នាំ
- ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី៦ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 08, 2017
- ប្រធានបទ: ជីវិតភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទឹកភ្នែករបស់លោក ជេកឃី ឆាន់ (Jackie Chan - ខ្មែរយើងស្គាល់លោកច្រើន នៅក្នុងតួ ឈិនឡុង) ដែលបានស្រក់ចុះ មិនមែនគ្មានបញ្ហានោះទេ។ ជាទឹកភ្នែក ដែលបានស្រក់ពិតៗ នៅក្នុងការផ្សាយបន្តផ្ទាល់ នៅតាមកញ្ចក់ទូរទស្សន៍ បន្ទាប់ពីលោកបានប្រទះឃើញ ជាថ្មីឡើងវិញ ដោយមិនបានព្រាងទុក នូវតួអង្គរងជាច្រើននាក់ ដែលបានដើរតួ សំដែងលោតហក់ ជាមួយរូបលោក តាំងពី៤០ឆ្នាំមុន។ បញ្ហាដែលកាន់តែរំជួលចិត្តនោះ គឺដោយសារលោក ជេកឃី មិនដែលបានជួបមិត្តភ័ក្ររួមការសំដែងទាំងនោះ ជាថ្មីទៀតទាល់តែសោះ តាំងពីពេលនោះមក។
ការបង្ហូរទឹកភ្នែក របស់កំពូលតារាភាពយន្ដរូបនេះ បានកើតឡើង នៅក្នុងកម្មវិធីទូរទស្សន៍មួយ កាលពីចុងខែមករាមុន ដែលបានឧទ្ទិសទាំងស្រុង ពីឈុតឆាកលោតហក់ធំៗ នៃការសំដែងរបស់លោក ក្នុងរយៈពេលកន្លងមក។ កម្មវិធីបានបង្ហាញជាដំបូងៗ នូវឈុតឆាក លោតហក់កាប់ចាក់ របស់តួអង្គជាច្រើននាក់ ដែលសុទ្ធតែមានវ័យក្មេងៗ ជាពិសេសក្រុមសំដែង ជា«ប្អូនៗ» ដែលចេញពីក្រុម «Jackie Chan's Stuntmen Association» របស់លោក ជេកឃី ផ្ទាល់តែម្ដង។
ប៉ុន្តែ នៅពេលដល់វគ្គជាមួយ ដែលបង្ហាញពីតួរង វ័យចាស់ៗ និងដែលធ្លាប់ដើរតួ ជាមួយលោក ជេកឃី ឆាន់ តាំងពីច្រើនសិបឆ្នាំមកនោះ អ្នករៀបចំកម្មវិធីទូរទស្សន៍ បានឲ្យតួចាស់ៗទាំងនោះ មកឈរពីក្រោយលោក និងមិនឲ្យលោក ជេកឃី បានដឹងខ្លួនជាមុននោះទេ។ នៅខណៈពេល ដែលកំពូលតារាភាពយន្ដរបស់ពិភពលោករូបនេះ បានបែរខ្នង ងាកទៅរកពួកគាត់... គឺពេលនោះហើយ ដែលទឹកភ្នែកបានចាប់ផ្ដើមរមៀលចុះ ជាមួយនឹងកាយវិការរបស់លោក ជេកឃី ដែលស្រវាអោបពួកគាត់ទាំងនោះ យ៉ាងណែននៅក្នុងរង្វង់ដៃ។
លោក ជេកឃី ឆាន់ បានថ្លែងទាំងភាពរំជួលចិត្តថា៖ «អរគុណ ៗ !!! អរគុណណាស់បងប្រុស! ខ្ញុំលែងបានជួបពួកបងៗ តាំងពីច្រើនឆ្នាំមកហើយ។ ជារៀងរាល់ឆ្នាំ ខ្ញុំតែងសង្ឃឹមថា នឹងមានសំណាងបានជួបពួកបងៗជាថ្មី។ ប៉ុន្តែ បងៗខ្លះ លែងបានមកទីនេះទៀតហើយ ដែលធ្វើឲ្យឱកាស នៃការជួបគ្នាជាថ្មីនេះ មានសភាពកាន់តែស្ដួចស្ដើងទៅៗ។»។
វីដេអូ (ខាងក្រោម) នៃទិដ្ឋភាពដ៏«កំសត់»នេះ ត្រូវបានបង្ហោះដោយ ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ «Jared WanFeng Ti» ហើយទទួលបានការចែករំលែក ជាង១៨១ពាន់នាក់ និងការចូលទៅទស្សនា ជាង១០លានដង ត្រឹមតែរយៈពេល៨ថ្ងៃប៉ុណ្ណោះ។ ជាទិដ្ឋភាព ដែលបានធ្វើឲ្យមនុស្សរាប់សិបនាក់ ស្រក់ទឹកភ្នែកតាម រាប់ចាប់ផ្ដើម ពីអ្នកដែលបានទស្សនាផ្ទាល់ នៅក្នុងស្ទូឌីយ៉ោនោះតែម្ដង៕