ព្រះសង្ឃ ប៊ុត ប៊ុនតិញ៖ ខឹម វាសនា ប្រើសកម្មជនបក្សដើម្បីប្រយោជន៍ផ្ទាល់ខ្លួន
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 08, 2017
- ប្រធានបទ: ជម្លោះដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងរ៉ាវចុងក្រោយ ដែលបានកើតឡើង នៅក្នុងរង្វង់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលហៅខ្លួនថា គណបក្សជួង បានបង្កឲ្យមានប្រតិកម្មចម្រុះចូលគ្នា មកពីគ្រប់ទិសទី។ ប្រសិនជាការលើកឡើងជាច្រើននោះ បង្ហាញគំនិតស្រប ឬប្រឆាំង ទៅនឹងចំណាត់ការរបស់អាជ្ញាធរ ដែលបានចាប់ខ្លួន ក្រុមយុវជនសមាជិកគណបក្ស«ជួង» ចំនួន ១៣នាក់ យកទៅឃុំខ្លួន កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈនោះ តែចំពោះព្រះសង្ឃ ប៊ុត ប៊ុនតិញ ស្ថាបនិកនិងជាប្រធាន «បណ្ដាញព្រះសង្ឃឯករាជ្យ»វិញ បានសំដែងការយល់ឃើញរបស់ព្រះអង្គ ផ្សេងទៅវិញ។
នៅចំពោះការប្រកាស របស់ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែលថានឹងធ្វើបាតុកម្ម ដោយបោះជំរុំ នៅលើដីមានជម្លោះ ក្នុងខេត្តកំពត ដើម្បីទាមទារឲ្យដោះលែង សមាជិករបស់គណបក្សខ្លួនមកវិញនោះ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានថេរដីកាថា លោកប្រធានគណបក្ស កំពុងប្រើប្រាស់កម្លាំងសកម្មជនគណបក្ស ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងចាត់ទុករឿងនេះ ថាជា«រឿងស្មោកគ្រោក»។
អមជាមួយរូបថត ផ្តិតពីអេក្រង់ (PrintScreen - រូបខាងក្រោម) ដែលមានរូបថត លោក ខឹម វាសនា ប្រធានគណបក្ស«ជួង» មកជាមួយនោះ ព្រះតេជគុណប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ បានសរសេរបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុករបស់ព្រះអង្គថា៖ «ចេះ(ប្រើ)ទេពកោសល្យរបស់ខ្លួន ដេីម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន។ (ការ)ប្រេីកំលាំងសកម្មជនបក្ស ដេីម្បីការពារផលប្រយោជន៍មេបក្ស ជារឿងស្មោកគ្រោក។»។
ប៉ុន្តែចំពោះលោក ខឹម វាសនា វិញ បានលើកឡើងថា ការធ្វើបាតុកម្មនេះ ជាការជួយឈឺឆ្អាលគ្នា ទៅវិញទៅមក ក្នុងនាមជា«គ្រួសារបក្ស»តែមួយ។ ប្រធានគណបក្ស«ជួង» បានលើកឡើង នៅលើបណ្ដាញសង្គមដែរថា៖ «វាមិនអាចទៅរួចទេ ដែលមនុស្សមានចិត្ត ជាបងប្អូនក្រុមគ្រួសារតែមួយ ហើយពេលសមាជិកគ្រួសារយើងមានទុក្ខ ពួកគេដែលជាសមាជិកគ្រួសារ ដែលកំពុងមានទុក្ខ អាចមានចិត្តសប្បាយបាន វាមិនអាចទៅរួចជាដាច់ខាត»។
សម្រាប់ក្រុមអ្នកតាមដានដទៃទៀត បានគិតថា បាតុកម្មជាសិទ្ធិសំដែងមតិ របស់ពលរដ្ឋ ដែលត្រូវបានការពារ ដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីបាតុកម្ម របស់កម្ពុជា។ គេគ្រានតែត្រូវដឹងថា តើបាតុកម្មនោះ នឹងត្រូវរៀបចំបែបណា ហើយបុព្វហេតុនៃបាតុកម្ម ចង់បានអ្វី មានទិសដៅ ឬផលប្រយោជន៍ចុងក្រោយដូចម្ដេចប៉ុណ្ណោះ។
ផលប្រយោជន៍ចុងក្រោយ នៃបាតុកម្ម ដែលព្រះសង្ឃ ប៊ុត ប៊ុនតិញ ទំនងជាបានដឹងច្រើន ពីអាថ៌កំបាំង នៅពីក្រោយបាតុកម្ម របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ ព្រះតេជគុណ បានបន្តសំណេរ នៅផ្នែកដាក់យោបល់ទៀតថា៖ «ដេីមហេតុនៃបញ្ហា (ដែល)ចាប់ (ជនទាំង)១៣នាក់ ដោយសាររឿងដីធ្លី ២០ហិតា។ ដេីមហេតុនៃបញ្ហា ដោយសារ វាសនា មានដីនៅក្នុងនោះដែរ។»៕