មន្ត្រីអ.ស.ប អំពាវនាវ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ខ្មែរ​ជា​បន្ទាន់

មន្ត្រីជំនាញខាងសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានអំពាវនាវនៅថ្ងៃទី២៥ ខែមករានេះ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ជា​បន្ទាន់ នូវមន្ត្រីសិទ្ធិមនុស្សខ្មែរចំនួនប្រាំនាក់ ដែលត្រូវបាន​ចាប់​ដាក់ឃុំ ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ តាំងពីខែឧសភា ឆ្នាំទៅម៉ិញ ពីបទ​សូកប៉ាន់​សាក្សី។ ជាការ​ចោទ​ប្រកាន់​មួយ ដែល​មាន​ចរិត​នយោបាយ ហើយក្រុមអ្នកជំនាញ របស់អង្គការ​សហ​ប្រជាជាតិ បាន​ចាត់ទុក​ការឃុំខ្លួន ទៅ​លើ​ពួកគេ​ទាំង​នោះ ថាត្រូវបានធ្វើឡើង ដោយគ្មានការ​​ជំនុំជម្រះត្រឹមត្រូវ។
មន្ត្រីអ.ស.ប អំពាវនាវ​ឲ្យ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ខ្មែរ​ជា​បន្ទាន់
អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ បានហៅជនជាប់ឃុំទាំងនេះ ថាជាអ្នកទោសនយោបាយ។ (រូបថត លីកាដូ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៥ មករា ២០១៧
  • កែប្រែចុងក្រោយ: January 25, 2017
  • ប្រធានបទ: សិទ្ធមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាព​សិទ្ធិ​មនុស្ស នៅកម្ពុជា បានថ្លែងពីទីក្រុង ហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៥ ខែមករានេះថា ការ​ប្រើ​ប្រាស់​មធ្យោបាយ ដោយ​ដាក់ទណ្ឌកម្ម ផ្នែកព្រហ្មទណ្ឌ និងការរំខាន ទៅដល់សិទ្ធិស្របច្បាប់ ក្នុងសេរីភាព​នៃ​ការ​បញ្ចេញ​មតិ ក៏ដូចជាទៅដល់ការងារ បម្រើឲ្យវិស័យសិទ្ធិមនុស្ស មានលក្ខណៈផ្ទុយទាំងស្រុង ទៅ​នឹង​មាត្រា​១៩ នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ដែលប្រទេស​កម្ពុជា​ជា​ភាគី​ហត្ថលេខី​មួយ​ដែរ។

ការថ្លែងរបស់អ្នកស្រី ស្មីត បានធ្វើឡើង បន្ទាប់ពីភាពស្ងាត់ស្ងៀម គ្មានចម្លើយតប ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា ទៅ​នឹង​សេចក្ដីអំពាវនាវ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ របស់ក្រុមអ្នកជំនាញ របស់​អង្គការ​សហ​ប្រជាជាតិ ទៅលើករណីនៃមន្ត្រី របស់សមាគមអាដហុក ទាំង៥រូប ដែលត្រូវបានចាប់ដាក់ឃុំ ដោយ​ប្រព័ន្ធ​​តុលាការ​កម្ពុជា បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ របស់រដ្ឋាភិបាលលោក ហ៊ុន សែន បាន​ចោទ​ពួក​គេ ថា​បាន​សូកប៉ាន់សាក្សី។

នៅក្នុងសេចក្ដីអំពាវនាវនោះ អ្នកស្រី រួមនឹងមន្ត្រីផ្សេងទៀត ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស របស់​អង្គការ​សហ​ប្រជាជាតិ បាន​ទាមទារ​ឲ្យអាជ្ញាធរកម្ពុជា ធ្វើគ្រប់មធ្យោបាយ ដើម្បីដោះលែង​មន្ត្រី​ទាំង​ប្រាំរូប ឲ្យ​មាន​សេរីភាព ​ដោយ​អ​នុលោម​តាមច្បាប់អន្តរជាតិ ស្ដីពីសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជា មានកាតព្វកិច្ច​ត្រូវគោរព​តាម។

បន្ទាប់ពីមន្ត្រីទាំងនោះ ត្រូវបានចាប់ខ្លួន ក្រុមសង្គមស៊ីវិលខ្មែរជាច្រើន បានបង្កើតយុទ្ធនាការ «ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ» មួយ​ឡើង នៅជារៀងរាល់ថ្ងៃចន្ទដើមសប្ដាហ៍ ដើម្បីទាមទារឲ្យមានការដោះលែងពួកគេ។ តែផ្ទុយ​ទៅ​វិញ យុទ្ធនាការ​នេះ ត្រូវបានអាជ្ញាធរខ្មែរ ធ្វើការហាមឃាត់ និងចាត់ទុកថា «ជាបដិវត្តពណ៌» ហើយ​នៅ​ខែ​សីហា​កន្លង​ទៅ សកម្មជនដីធ្លីមួយរូបទៀត គឺអ្នកស្រី ទេព វន្នី ក៏ត្រូវបានឃាត់ខ្លួនដែរ ពី​បទ​«ញុះញង់ ឲ្យ​ប្រព្រឹត្តិ​អំពើ​ឧក្រិដ្ឋ»។

កម្ពុជានៅតែលេងឆាកល្ខោន...

អ្នកស្រី រូដណា ស្មីត បានសង្កត់ធ្ងន់ថា៖ «ក្នុងនាមជា​ម្ចាស់​ហត្ថលេខី នៃ "ICCPR" ប្រទេសកម្ពុជា ចាំបាច់​ត្រូវគោរព​សេរីភាព នៃការបញ្ចេញមតិ និងសិទ្ធិទទួលបាន នូវសវនាការកាត់ទោសមួយ ប្រកប​ដោយ​គតិ​យុត្តិ»។

អ្នករាយការណ៍ពិសេសរូបនេះ បានពន្យល់ថា ដំណើរការក្ដី ដែលមានរយៈពេលយូរដូច្នេះ ជាការដែលមិនអាច​ទទួល​យក​បាន ហើយពួកគេគួរត្រូវបានដោះលែង។ អ្នកស្រីថា៖ «មន្ត្រីសិទ្ធិមនុស្សទាំងនោះ ត្រូវ​បាន​ចាប់ជា​ចំណាប់​ខ្មាំង អស់រយៈពេលជាយូរហើយ។ ដូច្នេះ ពេលនេះ ជាពេលដែលត្រូវដោះលែងពួកគេ។ (...) ដរាប​ណា យុទ្ធនាការ"ថ្ងៃចន្ទពណ៌ខ្មៅ" នៅតែត្រូវបានហាមឃាត់ បាតុករនៅតែត្រូវបានឃាត់ខ្លួន និង​ផ្ដន្ទាទោស ហើយ​ការ​គម្រាម​កំហែង​ទាំងឡាយ ប្រឆាំងនឹងពួកគេ នៅ​តែកើត​មាន​នៅ​ឡើយនោះ ការអះអាង​ដែល​ថា កម្ពុជា​កំពុង​គោរព​សិទ្ធិមនុស្ស គ្រាន់​តែជា​ឆាក​ល្ខោន​ប៉ុណ្ណោះ។»។

សូមបញ្ជាក់ដែរថា សំណូមពរកាលពីខែឧសភា របស់ក្រុមមន្ត្រីជំនាញ របស់អង្គការសហប្រជាជាតិ ត្រូវ​បាន​គាំទ្រ ដោយ​លោក «Sètondji Roland Adjovi» អ្នកជំនាញផ្នែក​សិទ្ធិមនុស្ស ដែលកំពុង​ដឹកនាំ​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាជាតិ ទទួល​បន្ទុកផ្នែក​ ការ​ឃុំឃាំងមនុស្ស ដោយគ្មាន​ការជំនុំជម្រះ។ ក្រុម​ការងារ​នេះ ក៏​បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ កាលពីខែវិច្ឆិកា ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សខ្មែរ ទាំង៥រូប និង​ត្រូវ​សង​សំណង​ជំងឺ​ចិត្ត ទៅឲ្យពួកគេ ដោយ​អនុលោម​តាម «ICCPR»។

លោក «Sètondji Roland Adjovi» បានថ្លែងថា៖ «នៅក្នុងសេចក្ដីសម្រេច លេខ "45/2016" ក្រុម​ការងារ​របស់​យើង បាន​សង្កេត​ឃើញថា ការបំបិតសិទ្ធិសេរីភាព នៃមន្ត្រីទាំងប៉ុន្មាននាក់នេះ បានរំលោភ​យ៉ាង​ធ្ងន់ធ្ងរ ​ទៅ​លើ​សេចក្ដី​ប្រកាស ជា​សកល ផ្នែកសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និង​នយោបាយ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...