«ថ្ងៃអង្សារបស់ គីម ជុង-អ៊ុន កាន់តែឈានជិតមកដល់»
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មករា ២០១៧
- កែប្រែចុងក្រោយ: January 26, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
របបដឹកនាំក្រុងព្យុងយ៉ាង អាចនឹងឈាន ទៅរកការ«ដួលរលំ» ដោយសារបណ្ដាជនកូរ៉េខាងជើង មានចំនួនកាន់តែច្រើនឡើង បានបែរខ្នងដាក់ខ្លួន។ នេះ ជាការអះអាង របស់អតីតមន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសកូរ៉េខាងជើង ដែលបានរត់មកជ្រកកោន នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែសីហាកន្លងទៅ។
លោក «Thae Yong-ho» អតីតលេខាទូត ដែលជាមន្ត្រីថ្នាក់ទីពីរ នៃស្ថានទូតកូរ៉េខាងជើង ប្រចាំនៅរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បានថ្លែងដូច្នេះជាសាធារណៈ នៅក្នុងសន្និសីទសារព័ត៌មានដំបូងមួយរបស់លោក ទៅកាន់អ្នកយកព័ត៌មានបរទេសទាំងឡាយ។ លោកបានថ្លែងឡើងថា បណ្ដាជនកូរ៉េខាងជើង កាន់តែច្រើនឡើង បានដើរតាមគំរូរបស់លោក ដោយសារពួកគេមើលឃើញថា របបកូរ៉េខាងជើង កំពុងស្ថិតនៅលើជំរាលធ្លាក់ចុះមួយ។ លោកថា៖ «ខ្ញុំគិតថា ថ្ងៃអង្សារបស់ គីម ជុង-អ៊ុន (Kim Jong-un) កាន់តែឈានជិតមកដល់ហើយ»។
របបកុម្មុយនីសកូរ៉េ ត្រូវបានបង្កើតឡើង ដោយគ្រួសារ«មហា គីម» នៅឆ្នាំ១៩៤៨ និងត្រូវបានដឹកនាំ ដោយគ្រួសារនេះ អស់បីជំនាន់មកហើយ។ សព្វថ្ងៃ របបនេះ កំពុងស្ថិតក្រោមកណ្ដាប់ដៃដែក របស់លោក គីម ជុង-អ៊ុន ដែលបានឡើងកាន់អំណាច ទាំងវ័យក្មេង បន្ទាប់ពីឪពុករបស់លោក ឈ្មោះ គីម ជុង-អីល (Kim Jong-il) បានទទួលមរណភាព កាលពី៥ឆ្នាំមុន។
ប៉ុន្តែ ភាពរឹងមាំនៃរបបកុម្មុយនីស មិនត្រូវបានមន្ត្រីរបស់ខ្លួន ជឿជាក់នោះទេ ដូចយ៉ាង លោក «Thae Yong-ho» ជាដើម។ អតីតមន្ត្រីការទូតរូបនេះ បានទម្លាយឲ្យដឹងថា សមាជិកមេដឹកនាំយោធា ដែលមានចំនួនកាន់តែច្រើនឡើង បាន«បែកខ្នង» ដាក់លោក គីម ជុង-អ៊ុន ហើយប្រព័ន្ធដឹកនាំ ដែលបង្កើតឡើងគ្រួសារត្រកូល គីម កំពុងស្រុតចុះ។ លោកបានពន្យល់ថា ដោយសារលោក ធ្លាប់មានតួនាទី ជាមន្ត្រីការទូត ហើយមានសិទ្ធិ អាចចូលទៅក្នុងប្រព័ន្ធព័ត៌មានសំងាត់ៗជាច្រើននោះ ទើបលោកបានដឹង ពី«ថ្លើមប្រមាត់» របស់របបនេះយ៉ាងច្បាស់។
«ចាប់កូនៗ របស់អ្នកការទូត ធ្វើជាចំណាប់ខ្មាំង»...
លោក គីម ជុង-អ៊ុន ខ្លួនឯងក៏បានដឹង ពីរឿងនេះដែរ ជាពិសេសតាមរយៈ យុទ្ធនាការ«ចំរាញ់»មិនអាសូរមួយ ដែលបានយកមន្ត្រីជាន់ខ្ពស់ និងសំខាន់ៗជាច្រើននាក់ យកទៅប្រហារជីវិត ទាំងជាសាធារណៈ ទាំងជាលក្ខណៈសំងាត់។ លោក «Thae Yong-ho» បានរៀបរាប់ថា មន្ត្រីការទូតជាទូទៅ ដែលត្រូវបានតែងតាំង ឲ្យទៅកាន់តំណែង នៅឯបរទេស ត្រូវបានបង្ខំចិត្ត ឲ្យទុកកូនៗរបស់ពួកគេ នៅក្នុងប្រទេស ដើម្បីជាការ«ធានា»មួយ សម្រាប់ញ្ជាក់ពី«ភក្ដីភាព» ទៅដល់របបកុម្មុយនីស។
អតីតមន្ត្រីការទូត បាននិយាយថា លោកមានសំណាងណាស់ ដោយសារលោកមានលទ្ធភាព ចេញទៅធ្វើការ នៅក្នុងចក្រភពអង់គ្លេស ដោយមានកូនលោកទាំងពីរ (អាយុ១៩ និងអាយុ២៦ឆ្នាំ) ទៅជាមួយ។ លោកបញ្ជាក់ថា៖ «របបរបស់ គីម ជុង-អ៊ុន បានយកសេចក្ដីស្រឡាញ់ រវាងឪពុកម្ដាយ និងកូន មកធ្វើជាចំណាប់ខ្មាំង ដើម្បីគ្រប់គ្រងនយោបាយការបរទេស របស់ប្រទេសកូរ៉េខាងជើង»។
សម្រាប់ប្រទេសកូរ៉េខាងជើងវិញ ដែលមិនដែលអត់អោន ឲ្យជន«ក្បត់»ណាម្នាក់ ទាល់តែសោះនោះ ធ្លាប់បានប្រកាសចាត់ទុក លោក «Thae Yong-ho» ថាជា«មនុស្សកាកសំណល់»មួយរូប បន្ទាប់ពីអតីតលេខាទូត បាននាំប្រពន្ធ និងកូនៗរបស់លោក រត់មកជ្រកកោន នៅក្នុងប្រទេសកូរ៉េខាងត្បូង។ របបកុម្មុយនីស ថែមទាំងបានចោទមន្ត្រីរត់ចោលជួររូបនេះ ថាបានលួចកឹបកេងប្រាក់ក្នុងចំនួនដ៏ច្រើន បានរំលោភក្មេងមិនទាន់គ្រប់អាយុ និងជា«គិញសំងាត់» របស់ប្រទេសកូរ៉េខាងត្បូងនោះទៀត៕