វិបត្តិឧបទ្វីបកូរ៉េ៖ បាន គីមូនឲ្យជជែកគ្នា ចន ឃែរី ថារបបកុម្មុយនីស«នឹងដួលរលំ»
អគ្គលេខាធិការនៃអ.ស.ប. លោកបាន គីមូន (Ban Ki-moon) បានអះអាងថា ការសាកល្បងនុយក្លេអ៊ែរចុងក្រោយបំផុត របស់កូរ៉េខាងជើង ការគម្រាម និងកាយវិការបង្កហេតុទាំងឡាយ របស់ប្រទេសនេះ បានជម្រុញឲ្យសហគមន៍អន្តរជាតិ យល់ស្របគ្នា ដាក់កំណត់មិនចង់ឲ្យរបបកុម្មុយនីសដែលកំពុងតែឯកោស្រាប់ ក្លាយជារដ្ឋនុយក្លេអ៊ែរ។
ការហ្វឹកហាត់យោធា របស់កងទ័ពកូរ៉េខាងត្បូង។ (រូបថត Reuter)
លោក បាន ដែលមានដើមកំណើតពីប្រទេសកូរ៉េខាងត្បូង បានប្រកាសក្នុងសន្និសិតកាសែត នៅថ្ងៃពុធទី១៧ខែមេសានេះ ថាស្ថានភាពនៅឧបទ្វីបកូរ៉េ នឹងអាចប្រែប្រួលបានយ៉ាងឆាប់រហ័សជាទីបំផុត។ លោកបានបង្ខំប្រទេសទាំងអស់ នៅក្នុងតំបន់ ឲ្យបង្កើនការខំប្រឹង ក្នុងវិស័យការទូតរបស់ខ្លួន ដើម្បីបន្ថយភាពតានតឹង និងបញ្ជៀសនូវការគិតខុស ឬវិន្និច្ឆ័យលំអៀងទាំងឡាយ ដែលអាចនាំទៅដល់ការផ្ទុះអំពើហឹង្សា មិនអាចគ្រប់គ្រងបាន។
អគ្គលេខាធិការនៃអង្គការអន្តរជាតិដ៏កំពូល រូបនេះ បានស្នើសុំទៅមេដឹកនាំកូរ៉េខាងជើង ឲ្យបោះជំហានថយក្រោយខ្លះ និងធ្វើកិច្ចការដើម្បីលើកតម្កើន ភាពសម្បូររុងរឿងនៃប្រជាជនរបស់ខ្លួន។ លោកក៏បានបង្ខំអោយ ប្រទេសកុម្មុយនីសមួយនេះ ឲ្យយកចិត្តទុកដាក់ ពីការហុចដៃរបស់ទីក្រុងសេអ៊ូល ដើម្បីការជជែកគ្នាមួយ ហើយបានបន្ថែមថា លោកនឹងតាមដានរឿងនេះ ដើម្បីជួយសម្រួល ក្នុងការជជែកពិភាក្សាគ្នា ប្រកបដោយន័យស្ថាបនា។
របបក្រុងព្យុងយ៉ាងនឹងដួលរលំ បើគ្មានចិន
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃែរី (John Kerry) បានអោយដឹងកាលពីថ្ងៃពុធនេះដដែលថា របបក្រុងព្យុងយ៉ាងនឹងដួលរលំ បើគ្មានដង្ហើមសេដ្ឋកិច្ច ដើម្បីដក ផ្ដល់ដោយប្រទេសចិន «មិត្តចិត្តល្អ»របស់ខ្លួននោះទេ។
ថ្លែងនៅមុខគណកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក លោកឃែរី បានបញ្ជាក់ថា រឿងដែលសំខាន់បំផុតសម្រាប់សហរដ្ឋអាមេរិក គឺត្រូវធ្វើការជាមួយទីក្រុងប៉េកាំង ដើម្បីប្រយុទ្ធតទល់នឹងការព្រួយបារម្ភ ដែលចេះតែកើនឡើង ទាក់ទងនឹងការគម្រាមរបស់កូរ៉េខាងជើង និងគម្រោងការនុយក្លេអ៊ែររបស់ប្រទេសនេះ។
លោកឃែរី បាននិយាយថា ចរចារជាមួយនឹងទីក្រុងព្យុងយ៉ាង អស់ពេល១៥ឆ្នាំទៅ២០ឆ្នាំ បានបង្ហាញថា សហរដ្ឋអាមេរិកមិនបានទទួលលទ្ធផលអ្វី ក្រៅតែពីការគម្រាមតាមកម្លាំងយោធា ប្រកបដោយហនិភ័យយ៉ាងខ្ពស់ ត្រឡប់មកវិញនោះទេ។
ការថ្លែងរបស់លោកប្រមុខការទូតអាមេរិក បានធ្វើនៅបន្ទាប់ពីលោក បានទៅធ្វើដំណើរទស្សនកិច្ចនៅប្រទេសចំនួនបី នៅទ្វីបអាស៊ីខាងកើត ជាពិសេសជាមួយនឹងទីក្រុងប៉េកាំង។ លោកបានបញ្ជាក់ថា ចិនបានបង្ហាញពីបំណងរបស់ខ្លួន ថាចង់ធ្វើការជាមួយនឹងទីក្រុងវ៉ាស៊ីតោន នៅលើដំណោះស្រាយការទូតមួយ។
ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកឃែរី បានបន្ថែមដែរថា ចិនមានការព្រួយបារម្ភ ពីបញ្ហាមនុស្សធម៌ថានឹងអាចកើតមានខ្លាំង នៅជាប់នឹងព្រំដែនរបស់ខ្លួន ប្រសិនបើអស្ថិរភាព ចេះតែមានខ្លាំងឡើងៗ នៅលើឧបទ្វីបកូរ៉េ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ