អាមេរិក៖ ព្រឹទ្ធសភាបដិសេធច្បាប់ត្រួតពិនិត្យអាវុធ របស់អូបាម៉ា
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 18, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព្រឹទ្ធសភាអាមេរិក បានច្រានចោលអត្ថបទវិសោធនកម្មទៅលើច្បាប់មួយ ដែលជាវិធានការដើម្បីធ្វើការត្រួតពិនិត្យ ទៅលើអ្នកកាន់អាវុធជាតិផ្ទុះ ក្នុងប្រទេស។ អត្ថបទនេះ ត្រូវបានស្នើសុំដោយរដ្ឋបាលរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បន្ទាប់ពីព្រឹត្តិការណ៍បាញ់សម្លាប់នៅញ៉ូថោន (Newtown) កាលពីខែធ្នូរឆ្នាំ២០១២កន្លងមក។
លោកបារ៉ាក់ អូបាម៉ាថ្លែងនៅក្រោយពេល ច្បាប់ត្រួតពិនិត្យអាវុធត្រូវបានច្រានចោល។
កំណែទម្រង់ទៅលើច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះ ស្នើសុំដោយប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានទទួលបរាជ័យយ៉ាងជូរចត់មួយ ចាប់តាំងពីអត្ថបទនេះ បានដាក់ទៅអោយសភាជាន់ទាបពិភាក្សា នៅក្រោយព្រឹត្តិការណ៍បាញ់សម្លាប់នៅក្រុងញ៉ូថោនក្នុងរដ្ឋកូណេចទីខត (Connecticut)។ អត្ថបទវិសោធនកម្មទៅលើច្បាប់នេះ ត្រូវបានច្រានចោលដោយ វិធានមួយក្នុងចំណោមវិធានទាំងឡាយ នៅព្រឹទ្ធសភាអាមេរិក។
ព្រឹទ្ធសមាជិកជាប់ឆ្នោតបួនរូប មកពីគណបក្សប្រជាធិបតេយ្យ បានរួមដៃជាមួយព្រឹទ្ធសមាជិកដទៃទៀត មកពីគណបក្សសាធារណរដ្ឋ ហើយបានបោះឆ្នោតប្រឆាំងនឹងអត្ថបទច្បាប់នេះ។ ច្បាប់នេះបានបន្ថែមលក្ខខ័ណ្ឌមួយចំនួន ដើម្បីធ្វើការត្រួតពិនិត្យភាពមានទោស ឬរោគចិត្ត ទៅលើនរណាម្នាក់ មុននឹងលក់អាវុធទៅអោយជននោះ បើទោះជាលក់នៅតាមបណ្ដាញអាំងធើណែត ឬនៅតាមផ្សារណាត់ធំ ដែលរៀបចំឡើងដើម្បីលក់អាវុធម្ដងម្កាលក៏ដោយ។
នៅក្នុងច្បាប់ដែលកំពុងស្ថិតជាធរមាននោះ ការត្រួតពិនិត្យត្រូវបានបង្គាប់អោយធ្វើ តែនៅក្នុងហាងលក់អាវុធធម្មតាប៉ុណ្ណោះ លើកលែងតែនៅក្នុងរដ្ឋមួយចំនួន ដែលបានបន្ថែមច្បាប់ចែកលក់អាវុធនេះ អោយមានលក្ខណៈតឹងតែងជាង។
ថ្ងៃនៃភាពខ្មាសអៀន សម្រាប់ទីក្រុងវ៉ាស៊ីនតោន
ការបដិសេធអត្ថបទវិសោធនកម្មលើច្បាប់នេះ បង្ហាញពីបរាជ័យនៃនយោបាយរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលបានចំណាយដើមទុននយោបាយយ៉ាងច្រើន ទៅលើប្រធានបទនេះ។ តាំងពីខែមករាកន្លងមក លោកអូបាម៉ា បានធ្វើដំណើរបីដង ទៅកាន់ទីកន្លែងកើតហេតុ និងធ្វើកិច្ចអន្តរាគមន៍ពីរដងពីសេតវិមាន ទាក់ទងនឹងប្រធានបទអាវុធជាតិផ្ទុះ ជាពិសេសដើម្បីផ្ដល់កម្លាំងចិត្តទៅអោយម្ដាយឪពុក ឬញាតិមិត្តនៃជនរងគ្រោះ ដែលបានត្រូវសម្លាប់ដោយ អាដាម ឡេនហ្សា (Adam Lanza) នៅថ្ងៃទី១៤ខែធ្នូរឆ្នាំ២០១២ នៅក្នុងសាលារៀនមួយក្នុងក្រុងញ៉ូថោន។
ក្នុងកិច្ចអន្តរាគមន៍ពីសេតវិមាន នៅថ្ងៃពុធទី១៧ខែមេសានេះ លោកបារ៉ាក់ អូបាម៉ា បានបរិហាពី«សម្លេងភាគតិច» នៃព្រឹទ្ធសភា និងបានចោទប្រកាន់ ពីប្រព័ន្ធ«រារាំង»បោកប្រាស់មួយ ដែលបានធ្វើអោយបរាជ័យ នូវកំណែទម្រង់នេះ។ លោកប្រធានាធិបតី បាននិយាយថា វាជា«ថ្ងៃនៃភាពខ្មាសអៀន សម្រាប់ទីក្រុងវ៉ាស៊ីនតោន»៕
-------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ