ក្នុង​១៣​ឆ្នាំ បាញ់​សម្លាប់​១៣ដង តាំង​ពី​កូឡំប៊ីន រហូត​ដល់​ញ៉ូថោន

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: December 16, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅសហរដ្ឋអាមេរិក អាវុធបាញ់បោះបានសម្លាប់មនុស្ស ប្រមាណជាជាង៣០នាក់ ក្នុងមួយថ្ងៃៗ។ បើទោះជាមានករណីជាច្រើន សុទ្ធសឹងជាការជម្រះបញ្ជីគ្នា រវាងពួកឧក្រិដ្ឋជនក៏ដោយ តែក៏មានយ៉ាងសន្ធឹកសន្ធាប់ផងដែរ អ្នកដែលមិនដឹងរឿងអ្វីសោះ បាន​រងគ្រោះនឹងការបាញ់សម្លាប់ ដូចយ៉ាងហេតុការណ៍ ដ៏ជូរចត់ទើបនឹងកើតឡើង នៅញ៉ូថោន ក្នុងរដ្ឋកូណេចទីខត កាលពីថ្ងៃ​សុក្រ​ទី១៤ធ្នូកន្លងទៅនេះ ដែលធ្វើអោយមានជនរងគ្រោះដល់ជីវិត ដល់ទៅ២៦នាក់។


មនុស្សកាន់ទុក្ខ ក្រោយពីមានការបាញ់សម្លាប់ ក្នុងរោងភាពយន្ដ នៃអូរ៉ូរ៉ា នៃរដ្ឋ កូឡូរ៉ាដូ ថ្ងៃ២០កក្កដា២០១២។

យើងសូមរំលឹកមកវិញ នូវព្រឹត្តិការបាញ់សម្លាប់ គួរអោយកត់សម្គាល់ទាំង១៣ ដែលកើតឡើងក្នុងរយះពេល១៣ឆ្នាំ គិត​ចាប់តាំង​ពីឆ្នាំ១៩៩៩មក។

  • ២០ មេសា ១៩៩៩៖ លីថលថុន -​ ស្លាប់១៣នាក់

យុវជនជំទង់ពីរនាក់ បំពាក់ដោយអាវុធធុនធ្ងន់  បាននាំមរណទុក្ខចូលទៅអោយ វិទ្យាល័យកូឡំប៊ីន (Columbine) ក្នុងទីក្រុង​លីថលថុន (Littleton) នៃរដ្ឋកូឡូរ៉ាដូ (Colorado) ដោយបានសម្លាប់ សិស្ស គ្រូបង្រៀន និងអ្នកធ្វើការនៅការិយាល័យរដ្ឋបាល ចំនួន១៣នាក់ មុននឹងសម្លាប់ខ្លួនឯង។

  • ២៩ កក្កដា ១៩៩៩៖ អាត្លង់តា - ស្លាប់ ១២នាក់

បុរសម្នាក់ សម្លាប់មនុស្ស៩នាក់ នៅក្នុងក្រុមហ៊ុនរត់ការ ពីរក្នុងទីក្រុង អាត្លង់តា (Atlanta) ​នៃរដ្ឋហ្សកហ្សី (Georgie) បន្ទាប់ពីបាន​សម្លាប់ប្រពន្ធ និងកូនទាំងពីររួចមក។ បុរសនេះបានសម្លាប់ខ្លួន ៥ម៉ោងក្រោយមក។

  • ខែតុលា​ ឆ្នាំ២០០២៖ ទីក្រុងវ៉ាស៊ីនតោន - ស្លាប់១០នាក់

ចន មូហាមេដ (John Muhammad) និង លី ម៉ាលវ៉ូ (Lee Malvo) បានបាញ់ដោយគ្មានគោលដៅច្បាស់លាស់ ក្នុងដំណើរបន្លាស់ទី​របស់ខ្លួន ជាច្រើនកន្លែង នៅក្នុងទីក្រុងវ៉ាស៊ីនតោន (Washington DC) និងជាច្រើនថ្ងៃ។ តុល្យភាពចុងក្រោយ មានមនុស្សស្លាប់​ទាំងអស់ ១០នាក់។ ចន មូហាមេដ​ ត្រូវបានកាត់ទោសប្រហាជីវិត និង លី ម៉ាលវ៉ូ ទទួលទោសអស់មួយជីវិត។

  • ១៦ មេសា ២០០៧៖ វៀជីនី តេឆ - ស្លាប់់៣២នាក់

នៅក្នុងអន្តេវាសិកដ្ឋាន នៃសកលវិទ្យាល័យ វៀជីនី តិឆ (Virginia Tech) ក្នុងទីក្រុងប្លេកស្បើន (Blacksburg) នៃរដ្ឋវៀជីនី (Virginie) និស្សិតជនជាតិកូរ៉េ​ខាង​ត្បូងម្នាក់ បានសម្លាប់មនុស្ស៣២នាក់ មុននឹងសម្លាប់ខ្លួន។ គឺថ្ងៃនេះហើយ ដែលវិនាសកម្ម ចេញពីការ​បាញ់​សម្លាប់ មានលក្ខណៈ​រង្គាលខ្លាំងជាងគេ នៅសហរដ្ឋអាមេរិក។

  • ៥ វិច្ឆិក ២០០៩៖ ហ្វ័រ ហូក - ស្លាប់១៣នាក់

មនុស្សរោគចិត្តម្នាក់ ចេញពីកងទ័ពអាមេរិក ជាមេបញ្ជាការលោក នីដាល ម៉ាលីក ហាសាន់ (Nidal Malik Hasan) បានធ្វើ​អោយ​មនុស្សស្លាប់ ចំនួន១៣នាក់ នៅក្នុងបន្ទាយទាហ៊ាន ហ្វ័រ ហូក (Fort-Hood) នៃរដ្ឋតិចសាស់ (Texas)។

  • ៨ មករា ២០១១ ទូស្កុន - ស្លាប់៦នាក់

មនុស្សមានស្មារតីមិននឹងនរម្នាក់ បានបើកការវាយប្រហារ ខណៈពេលប្រជុំឃោសនាបោះឆ្នោត របស់ ហ្គាប្រីយ៉ែល ជីហ្វូង (Gabrielle Giffords) តំណាងរាស្ត្រជាប់ឆ្នោត នៃរដ្ឋអារីហ្សូណា (Arizona)។ មនុស្ស ៦នាក់បានស្លាប់ និង១៣នាក់ផ្សេងទៀត រងរបួស ក្នុងនោះមានលោកស្រីតំណាងរាស្ត្ររូបនេះផង។

  • ២ មេសា ២០១២៖ អូក្លេន - ស្លាប់៧នាក់

បុរសម្នាក់ដើមកំណើតកូរ៉េ បានសម្លាប់មនុស្ស៧នាក់ និង៣នាក់ផ្សេងទៀតរបួស នៅក្នុងអនុវិទ្យាល័យ សាសនាគ្រឹស្តិ៍ នៃទីក្រុង​អូក្លេន (Oakland)។

  • ២០ កក្កដា ២០១២៖ អូរ៉ូរ៉ា - ស្លាប់១២នាក់

ជេម ហូម្ស៍ (James Holmes) បានបាញ់រះនៅក្នុងរោងភាពយន្តមួយ នៃទីក្រុងអូរ៉ូរ៉ា (Aurora) ស្ថិតនៅជាយក្រុងដេនវ័រ (Denver) នៃ​រដ្ឋកូឡូរ៉ាដូ (Colorado) ខណៈពេលចេញបញ្ចាំងដំបូង នៃភាពយន្ដ«មនុស្សប្រជៀវ»ចុងក្រោយគេបង្អស់។ មនុស្ស១២នាក់ បាន​ស្លាប់ និង៥៨នាក់ផ្សេងទៀតរងរបួស។

  • ៥ សីហា ២០១២៖ អូក ក្រែក - ស្លាប់៦នាក់

មនុស្ស ៦នាក់ ត្រូវបានសម្លាប់ ខណៈពេលធ្វើការ ក្នុងវិមានមួយ នាទីក្រុង អូក ក្រែក (Oak Creek) នៃរដ្ឋវីសកុនស៊ីន (Wisconsin)។ ជនដៃដល់ ត្រូវបានបាញ់សម្លាប់ដោយនគរបាល។

  • ៣១ សីហា ២០១២៖  ញ៉ូ ជែស៊ី - ស្លាប់៣នាក់

ការបាញ់រះមួយទៀត បានសម្លាប់មនុស្ស៣នាក់ រួមនឹងអ្នកបាញ់ខ្លួនឯង នៅក្នុងផ្សារទំនើបមួយ នៃទីក្រុងញ៉ូ ជែស៊ី (New Jersey)។

  • ២៧ កញ្ញា ២០១២៖ មីនណាផូលីស - ស្លាប់៥នាក់

អតីតអ្នកធ្វើការម្នាក់ ដែលត្រូវបានថៅកែបញ្ឈប់ពីការងារ បានត្រឡប់មកវិញ ដោយបានបាញ់រះទៅលើក្រុមហ៊ុននេះ មានទីតាំង នៅក្នុងទីក្រុង មីនណាផូលីស (Minneapolis) ដោយបានសម្លាប់មនុស្ស៥នាក់ មុននឹងជននេះបានសម្លាប់ខ្លួនឯង។

  • ១២ ធ្នូ ២០១២៖ ព័រលេន - ស្លាប់២នាក់

នៅជាយក្រុងព័រលេន (Portland) នៃរដ្ឋអូរ៉ឺហ្គន (Oregon) មនុស្សពីរនាក់ត្រូវបានសម្លាប់ ដោយបុរសម្នាក់ ដែលបានបាញ់រះ នៅក្នុង​មជ្ឈមណ្ឌលពាណិជ្ជកម្ម ខណៈមនុស្សជាច្រើនកំពុងទិញ ទំនិញសម្រាប់បុណ្យណូអែល។

  • ១៤ ធ្នូ ២០១២៖ ញ៉ូថោន - ស្លាប់ ២៦នាក់

ការបាញ់សម្លាប់នេះ កើតឡើងនៅក្នុងសាលាបឋមសិក្សាមួយ ក្នុងទីក្រុងញ៉ូថោន (Newtown) នៃរដ្ឋកូណេចទីខត (Connecticut)។ មនុស្ស២៦នាក់បានស្លាប់ ក្នុងនោះ ២០នាក់ជាកុមារអាយុ ពី៥ទៅ៦ឆ្នាំ។ សាកសពរបស់ជនសង្ស័យ ត្រូវបាននគរបាលរកឃើញ​នៅក្នុងអាគារនោះដែរ។ នគរបាល នៃរដ្ឋកូណេចទីខត បានលើកឡើងពី មនុស្សស្លាប់ម្នាក់ទៀត នៅក្រៅសាលានេះ ដែលទំនង​ជាម្ដាយរបស់ជនសង្ស័យ៕

-------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...