គ្មានពានរង្វាន់អូស្ការ សម្រាប់មនុស្សប្រជៀវទេ ក្នុងឆ្នាំនេះ
បន្ទាប់ពីបានបញ្ចាំង នៅក្នុងរោងភាពយន្ដ បានប្រមាណជាជាង មួយសប្ដាហ៍ នៅសហរដ្ឋអាមេរិក និងក្រោយព្រឹត្តិការណ៍ បាញ់សម្លាប់ នៅអូរ៉ូរាមក ខ្សែរភាពយន្ដនៃមនុស្សប្រជៀវ មានចំណងជើងថា «ការងើបមកវិញ នៃមនុស្សប្រជៀវ (The Dark Knight rises)» ត្រូវបានគណកម្មាធិការអូស្កា វាយតំលៃផ្អៀងទៅរក ការរិះគន់ របស់សាធារណជនយ៉ាងច្រើន នៅ សហរដ្ឋអាមេរិក។
រូបភាពផ្សាយពាណិជ្ជកម្មរបស់ ខ្សែរភាពយន្ដមនុស្សប្រជៀវ វគ្គទីបីនេះ។
បណ្ដាអ្នកកាសែត បានទទួលស្គាល់ និងនិយាយ តាំងពីមួយឆ្នាំមុនមកម្លេះ ថាតួអង្គ មនុស្សប្រជៀវនេះ ជាអ្នកជួយសង្គ្រោះ ដ៏ហួសហេតុម្នាក់ ប្រៀបខ្លួនដូចនឹងព្រះ ដែលចុះមកប្រោសសត្វលោកដូច្នេះដែរ។ តែព្រឹត្តិការណ៍ បាញ់សម្លាប់រង្គាលរបស់ ជេម ហូម្ស៍ (James Holmes) នៅរដ្ឋកូឡារ៉ាដូ បានជំរុញអោយ ភាពយន្ដមនុស្សប្រជៀវ កាន់តែធ្លាក់ទៅក្នុងអពមង្គល និង ស្បៃអន្ធកាលមួយថែមទៀត។ ហើយសភាពដ៏អាក្រក់នេះ បានស្ដែងចេញអោយឃើញ នៅក្នុងពេលគណកម្មាធិការអូស្កា អោយយោបល់ពីខ្សែរភាពយន្ដនេះ បន្ទាប់ពីបានបញ្ចាំងវា ទៅអោយអ្នកចូលរួមបានទស្សនាមក។
ស្រ្តីម្នាក់លាក់ឈ្មោះ ហើយមានវត្តមាននៅទីនោះ បាននិយាយថា «មនុស្សជាច្រើនបានខកចិត្ត និងខ្សែរភាពយន្ដនេះ។ វាមិនមានជាប់ ទាក់ទងអី ជាមួយនឹងការបាញ់សម្លាប់ នៅកូឡារ៉ាដូទេ តែគឺខ្សែរភាពយន្ដខ្លួនឯង ដែលមិនមានកិត្តិយស មកចុះឈ្មោះប្រកួតយកអូស្ការនេះ។ ខ្ញុំថាយ៉ាងច្រើនណាស់ ខ្សែរភាពយន្ដនេះ អាចទទួលបាន ត្រឹមពានរង្វាន់បច្ចេកទេស ប៉ុណ្ណោះ។» អ្នកនិពន្ធម្នាក់ទៀត នៅហូលីវូដ ក៏បាននិយាយប្រហាក់ប្រហែលនេះដែរ ថា «វាពិតជាគ្មានសារសំខាន់អ្វីមែន តែនៅក្នុងបណ្ដាអ្នកទៅចូលរួម មើលខ្សែរភាពយន្ដនេះ នៅក្នុងពិធីប្រកួតអូស្កានោះ គ្មាននរណាម្នាក់ស្ងើចសរសើរ នឹង មនុស្សប្រជៀវនេះទេ។»
តែសំរាប់លោក ថម ស៊ឺរ៉ាក (Tom Sherak) ប្រធានគណកម្មាធិការអូស្កាបានលើកឡើងថា «សោកនាកម្មនៅអូរ៉ូរ៉ា បាន ទាញអារម្មណ៍ បណ្ដាជនអោយខឹង នៅពេលបានទស្សនាខ្សែររឿងនេះ។ នៅពេលបន្ទាប់ពី ព្រឹត្តិការណ៍ដ៏អាក្រក់នេះ បានកើតឡើង គឺគ្មានរឿងអ្វី ដែលយើងត្រូវជជែក ពីរខ្សែរភាពយន្ដនេះទេ។ តាមធម្មតា បណ្ដាជនទាំងនោះ បានអោយ មតិយោបល់ជាច្រើន ទៅរាល់ខ្សែរភាពយន្ដ ដែលគេបានទស្សនាហើយ។ តែលើកនេះ ទស្សនិកជនបែជា ងាកចុះងាក ឡើង ក្នុងពេល បញ្ចាំងទៅវិញ។ បើនិយាយអោយពិតទៅ វាជាខ្សែររឿងដ៏ប្រណិតមួយ ដែលមានដំណើរការ ស៊ីចង្វាក់គ្នា យ៉ាងល្អ។»
បើតាមមើលទៅ ប្រហែលជា បណ្ដាជនអាមេរិកាំង ត្រូវការពេលវេលាច្រើនបន្ដិច ដើម្បីដកអារម្មណ៍ចេញពីភាពតក់ស្លុត នៅក្នុង ការបាញ់សម្លាប់ ដែលបានធ្វើអោយមនុស្ស ១២នាក់ស្លាប់ និងជាង៥០នាក់ទៀតរងរបួស នៅក្នុងរោងភាពយន្ដ មួយ នៅតំបន់អូរ៉ូរ៉ានៃរដ្ឋកូឡូរ៉ាដូ មុននឹងងាកមកស្ងើចសរសើរ សមិទ្ធិផលដ៏អស្ចារ្យរបស់ សមិទ្ធិករ គ្រីស្តូហ្វើ ណូឡង់ (Christopher Nolan)៕
កំណត់បន្ថែម៖ ដើម្បីជូនទៅលោកអ្នក នូវការវិនិច្ឆ័យ មុននឹងបានទស្សនាខ្សែរភាពយន្ដនេះ មនោរម្យព័ងអាំងហ្វូ សូម បង្ហាញជូន នូវខ្សែរវីដេអូខាងក្រោមនេះ ដែលមានរូបភាព ដំណើរការ ក្នុងពេលកំពុងថត និងមតិយោបល់របស់ តួសម្ដែង អ្នកចូលរួម និងអ្នកដឹកនាំ ផ្សេងៗ។ សូមទស្សនាដូចតទៅ៖
---------------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ