ពត៌មានបន្ថែម ពីការបាញ់សម្លាប់នៅកូឡូរ៉ាដូ៖ រៀបអន្ទាក់ ដើម្បីសម្លាប់
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: July 25, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក បារ៉ាក់ អូបាម៉ា ជួបជាមួយគ្រួសារ នៃជនរងគ្រោះ - គេហដ្ឋានរបស់ជនសង្ស័យ ត្រូវនគរបាល ដោះបង្កៃគ្រាប់បែក បាន - តាំងខ្លួនដូចកំពូលអ្នកលេង ទល់នឹងមនុស្សប្រជៀវ - ក្មេងស្រីម្នាក់អាយុ ៦ឆ្នាំស្លាប់ ក្នុងព្រឹត្តិការណ៍នោះ ...
បណ្ដាជនបានសសេរឈ្មោះ នៅលើឈើខ្វែង ដើម្បីរំលឹកទៅដល់អ្នកដែលបានស្លាប់។
វាជាព្រឹត្តិការណ៍មួយ ដ៏សោកសៅ នៃការបាញ់សម្លាប់ទៅលើទស្សនិកជន នៅក្នុងរោងភាពយន្ដមួយ ប្រព្រឹត្តដោយ យុវនិស្សិត វ័យ២៤ឆ្នាំម្នាក់ ឈ្មោះ ជេម ហូម្ស៍ (James Holmes) កាលពីពាក់កណ្ដាលយប់ថ្ងៃព្រហស្បតិ៍ ចូលមកថ្ងៃសុក្រទី ២០កក្កដា។ យុវនិស្សិតនេះ បានសំដែងរិទ្ធជាគូរប្រជែង ទល់ជាមួយនឹងមនុស្សប្រជៀវ តួអង្គវីរបុរសក្នុង ភាពយន្តមួយ មានចំណងជើងថា «ការងើបមកវិញ នៃមនុស្សប្រជៀប (The Dark Knight rises)»។ ភាពយន្ដនេះ ទើបតែនឹងចេញ បញ្ចាំង កាលពីសប្ដាហ៍មុន នៅសហរដ្ឋអាមេរិក។
សូមអានអត្ថបទ ដែលនិយាយពីព្រឹត្តិការណ៍នេះ នៅក្នុងការចេញផ្សាយលើកមុន របស់មនោរម្យព័ងអាំងហ្វូ។
ប្រធានាធិបតីអាមេរិក ជួបជាមួយនឹងគ្រួសារនៃជនរងគ្រោះ
កាលពីថ្ងៃអាទិត្យទី ២២កក្កដានេះ លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក បានទៅដល់តំបន់ អូរ៉ូរ៉ា (Aurora) នៃរដ្ឋ កូឡូរ៉ាដូ (Colorado) ដោយបានជួបរំលែកទុក្ខ ជាមួយនឹងក្រុមគ្រួសារនៃជនរងគ្រោះ ដែលបានស្លាប់ និង រងរបួសនៅក្នុងព្រឹត្តិការណ៍នេះ។ នៅក្នុងរយះពេលពីរម៉ោង នៃវត្តមានរបស់លោកនៅទីនោះ លោកក៏បានជួបនឹងអ្នក ទទួលខុសត្រូវ នៃអាជ្ញាធរដែនដី ផងដែរ។
ដូចបានជំរាបក្នុង ការចេញផ្សាយលើកមុនថា លោកបារ៉ាក់ អូបាម៉ា បានផ្អាកយុទ្ធនាការឃោសនារបស់លោក ក្នុងការ បោះឆ្នោតជ្រើសរើសប្រធានាធិបតិអាមេរិកាំង ដែលនឹងប្រព្រឹត្តទៅ នៅប៉ុន្មានខែខាងមុខនេះ។ ដៃគូរប្រជែងរបស់លោក គឺ លោក ម៉ាត៍ រ៉ូមណី (Mitt Romney ) មកពីគណបក្សសាធារណរដ្ឋ ក៏បានធ្វើដូច្នេះដែរ។
លោកប្រធានាធិបតីជិតផុតអាណត្តិរូបនេះ បានត្រឡប់ចូលមកសេតវិមាន ហើយបានធ្វើសេចក្ដីថ្លែងការណ៍ ថ្កោលទោស នូវការបាញ់សម្លាប់នេះ ថាជាអំពើដ៏ល្ងិតល្ងង់មួយ និងបានអំពាវនាវ អោយសហរដ្ឋអាមេរិកទាំងមូល ចូលរួមក្នុងទិវាមួយ នៃការសូត្រធម៌ ស្មឹងស្មាធ បន្សុតអារម្មណ៍មួយ ក៏ដូចជាបានបញ្ជាអោយ គ្រប់ទង់ជាតិទាំងអស់ របស់ប្រទេសអាមេរិក ទំលាក់មកត្រឹមពាក់កណ្ដាល ដើម្បីជាសញ្ញានៃការកាន់ទុក្ខ។
កាលពីថ្ងៃសៅរ៍ទី២១កក្កដា នគរបាលនៅតំបន់នោះ ក៏បានប្រកាសផងដែរ ថាបានដោះរួចជាស្ថាពរ នូវបង្កៃគ្រឿងផ្ទុះដែល ជេម ហូម្ស៍ បានបង្កប់នៅក្នុងផ្ទះរបស់ខ្លួន។
ទិដ្ឋភាព នៅខាងក្រៅរោងភាពយន្ដ ក្រោយព្រឹត្តិការណ៍នោះ កាលពីព្រឹកថ្ងៃសុក្រទី២០កក្កដា។
រៀបអន្ទាក់ ក្នុងផ្ទះរបស់ខ្លួន ដើម្បីសម្លាប់ ...
ជេម ហូម្ស៍ បាននិយាយប្រាប់នគរបាល នៅពេលចាប់ខ្លួនថា ខ្លួនបានបង្កៃគ្រាប់បែកជាច្រើន នៅក្នុងគេហដ្ឋាន ជាអ្វីដែល ក្រុមអ្នកដោះមីន ត្រូវបញ្ជូន មនុស្សយន្ដមួយ ចូលទៅទីនោះ ដើម្បីដោះបង្កៃនោះចេញ។ នាយនគរបាលតំបន់ បានចង្អុល បង្ហាញថា ផ្ទះនោះ បានបំពាក់ទៅដោយ គ្រឿងឆាបឆេះ និងជាតិផ្ទុះ ដែលនឹងអាចសម្លាប់ បណ្ដាមនុស្សណា ដែលចូល ទៅក្នុងផ្ទះនោះ មុនគេ។
នគរបាលបាន រិបអូស វត្ថុតាងជាច្រើន ពីក្នុងផ្ទះរបស់ ជេម ហូម្ស៍ ដើម្បីជាអំណះអំណាង ក្នុងសវនាការកាត់ទោស ជននេះ ដែលនឹងធ្វើនៅថ្ងៃច័ន្ទទី ២៣កក្កដា វេលាម៉ោង១៤ម៉៣០នាទី។ នគរបាលក៏បានច្រានចោលដែរ ពីពត៌មានដែលនិយាយថា អាចនឹងមានជនទីពីរ ឬទីបី ជាបក្សពួករបស់ ជេម ហូម្ស៍នោះ។ ជេម ហូម្ស៍ បានទិញគ្រាប់កាំភ្លើង ជាង ៦ ០០០គ្រាប់ និង បង់កាំភ្លើង តាមអាំងទើណែត ក្នុងអំឡុងពីរខែចុងក្រោយនេះ។ កាំភ្លើងទាំងបួនរបស់ ជេម ហូម្ស៍ ក៏ត្រូវបានទិញរបៀបនេះ ដូចគ្នាផងដែរ។
នាយនគរបាលម្នាក់ នៃទីក្រុងញ៉ូ យក (New York) លោក រ៉េម៉ុង ខេលី (Raymond Kelly) បាននិយាយ ដោយមិនបាន បញ្ជាក់ប្រភពថា «ជនសង្ស័យ បានធ្វើខ្លួន ដូចជាធុញទ្រាន់ និងត្រូវបានគេរំខាន។ នៅពេលចាប់ខ្លួន ជននេះបានលាប ពណ៌សក់របស់ខ្លួន ឡើងក្រហមឆេះ ហើយបានប្រកាសថា ខ្លួនគេជា កំពូលអ្នកលេង (Joker) ដែលជាគូរសត្រូវរបស់ មនុស្សប្រជៀវ (Batman)។
កំពូលអ្នកលេង នៅក្នុងវគ្គមុន នៃខ្សែរភាពយន្ដ មនុស្សប្រជៀវ។
ក្មេងស្រីម្នាក់ អាយុ៦ឆ្នាំ ក្នុងចំណោមអ្នកដែលត្រូវបានបាញ់សម្លាប់
សូមបញ្ជាក់ឡើងវិញថា ព្រឹត្តិការណ៍ដ៏សោកសៅនេះ បានធ្វើអោយមនុស្សស្លាប់ ១២នាក់ និង៥៨នាក់ទៀត រងរបួស។ ក្រុមគ្រូពេទ្យបាន កត់បញ្ជីជាផ្លូវការ នូវចំនួនជនរងគ្រោះ ដើម្បីប្រគល់ជូនទៅដល់ ក្រុមគ្រួសារ។ នៅក្នុងនោះ អ្នកស្លាប់ ដែលមានវ័យក្មេងជាងគេ គឺជាក្មេងស្រីម្នាក់អាយុ ៦ឆ្នាំ។ ម្ដាយរបស់ក្មេងស្រីនេះ បានរងរបួសជាទំងន់ ហើយត្រូវបញ្ជូន ទៅសង្គ្រោះជាបន្ទាន់នៅមន្ទីពេទ្យ។ នាងនៅមិនទាន់បានដឹង ពីមរណភាព របស់កូនស្រីនាងនៅឡើយទេ។
បុរសម្នាក់ទៀត អាយុ២៧ឆ្នាំ បានស្លាប់ដោយសារយកខ្លួនរបស់គាត់មកពាំង គូរដណ្ដឹងស្រីរបស់គាត់។ អ្នកស្លាប់ដែល មានវ័យចំណាស់ជាងគេ មានអាយុ ៥១ឆ្នាំ។ ក្រុមគ្រូពេទ្យនៅ មន្ទីពេទ្យ អូរ៉ូរ៉ា បាននិយាយថា អ្នករបួស៧នាក់ នៅសំរាក ក្នុងមន្ទីពេទ្យនៅឡើយ ហើយក្នុងនោះ មាន៤នាក់ ស្ថិតនៅក្នុងការថែរក្សា មានកំរិតខ្ពស់។ អ្នករបួសជាច្រើន នឹងត្រូវទទួល ផលវិបាក ដោយពិការភាព ក្នុងរយះពេលដ៏វែងមួយ៕
របាយការណ៍ នឹងមានជាបន្ត នៅក្នុងការចេញផ្សាយលើកក្រោយ។
----------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១២
ប្រភព៖ ទីភ្នាក់ងារពត៌មានបារាំង អាហ្វេប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ