វិបត្តិនៅស៊ីរី៖ អន្តរាគមន៍យោធារបស់បស្ចឹមលោកត្រៀមបើកធ្វើ តែដាម៉ាសត្រៀមតបវិញ
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: August 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អន្តរាគមន៍យោធារបស់បស្ចឹមលោក ប្រឆាំងនឹងរបបក្រុងដាម៉ាស ដែលរងការចោទប្រកាន់ ពីការប្រើប្រាស់អាវុធគីមីដាក់ក្រុមអ្នកងើបបះបោរ ទំនងជានឺងអាចធ្វើក្នុងពេលឆាប់ៗនេះ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធភាពរបស់ខ្លួន បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបើកការវាយប្រហារទៅលើចំណុចសំខាន់មួយចំនួន ដែលក្រុងដាម៉ាស បានឆ្លើយតបវិញថា ខ្លួនក៏បានត្រៀមការពារខ្លួនចាំទប់ទល់ដែរ។
នាវាយក្សផ្ទុកយន្ដហោះចម្បាំង ឆាល ឌឺហ្គោល របស់បារាំងត្រៀមខ្លួនចេញទៅស៊ីរី។ (រូបថត ឯកសារមនោរម្យព័ងអាំងហ្វូ)
អ្នកនាំពាក្យសេតវិមាន លោក ជេ កាណី (Jay Carney) បានថ្លែងនៅថ្ងៃអង្គារទី២៧ខែសីហានេះថា នឹងមានការផ្សព្វផ្សាយនូវរបាយការណ៍ពត៌មានមួយ ដែលបញ្ជាក់ឲ្យដឹង ពីរបបដឹកនាំប្រទេសស៊ីរីសព្វថ្ងៃ ជាអ្នកទទួលខុសត្រូវ ក្នុងការប្រើប្រាស់អាវុធគីមី នៅថ្ងៃទី២១ខែសីហាកន្លងមក នៅក្នុងតំបន់មួយក្បែរនឹងទីក្រុងដាម៉ាស ហើយ«រឿងនេះ មិនមានការសង្ស័យទៀតទេ»។
នៅមុននេះបន្តិច រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឈុក ហាជ័ល (Chuck Hagel) បាននិយាយដែរថា ប្រទេសអាមេរិក បានដាក់ពង្រាយនូវគ្រប់កន្លែងដែលចាំបាច់ សម្រាប់ការឆ្លើយតបទៅរាល់សម្រេចចិត្តណាមួយ របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។
ប្រភពច្បាស់ការជាច្រើនបានបង្ហើប ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ថាអន្តរាគមន៍យោធានឹងមិនត្រូវធ្វើឲ្យលើសពីគោលដៅមួយៗ ហើយអាចមានរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយមានការបាញ់កាំជ្រួចម៊ីស៊ីល ចេញពីនាវាចម្បាំងយក្សដែលបានដាក់ពង្រាយ នៅតាមឈូងសមុទ្រក្បែរប្រទេសស៊ីរី។ ប្រភពនោះបានបន្ថែមថា កម្មវត្ថុចំបងនៃប្រតិបត្តិការនេះ មិនមែនចង់ធ្វើឲ្យមានការផ្លាស់ប្ដូរកម្លាំង រវាងក្រុមបះបោរ និងកងទ័ពរបស់របបក្រុងដាម៉ាសនោះទេ តែមានបំណង«បញ្ឈប់»ប្រធានាធិបតីនៃប្រទេសស៊ីរីសព្វថ្ងៃ កុំឲ្យប្រើប្រាស់អាវុធគីមីតទៅទៀត។
កម្មវត្ថុខាងលើនេះ ក៏ត្រូវបានអះអាងដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីត កាមេរ៉ូន David Cameron) ដែរ។ ទីក្រុងឡុងដ៍ បាននិយាយថា កងទ័ពរបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកប្រតិបត្តិការយោធា តែបដិសេធថាប្រទេសអង់គ្លេសគ្មានបំណង ចង់ទម្លាក់របបដឹកនាំសព្វថ្ងៃចេញពីអំណាចនោះទេ។
ប្រទេសបារាំងឯណេះវិញ បានប្រកាសត្រៀមខ្លួនរួចជាស្រេចដូចគ្នា ក្នុងការធ្វើអន្តរាគមន៍យោធា នៅក្បែរសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីដាក«ពិន័យ»ទៅលើរបបស៊ីរី ដែលបានដាក់បំពុលប្រជាជនខ្លួនឯង ដោយអាវុធគីមីនេះ។ ប្រធានធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បាននិយាយថា ប្រទេសរបស់លោកនឹងធ្វើការសម្រេចចិត្ត ក្នុងថ្ងៃខាងមុខ ថានឹងមានចំណាត់ការបែបណា។
មធ្យោបាយការពារខ្លួន ដែលគេនឹកស្មានមិនដល់
ចំណែកខាងក្រុមប្រឆាំងរបស់ប្រទេសស៊ីរីវិញ បានថ្លែងថា គេគ្រាន់តែមិនទាន់ដឹងថា តើកិច្ចអន្តរាគមន៍យោធានេះ នឹងធ្វើនៅពេលខាងមុខឆាប់ៗនេះ ថ្ងៃណាប៉ុណ្ណោះ។
រដ្ឋមន្ត្រីការបរទេសប្រទេសស៊ីរី លោក វ៉ាលីដ មូអាឡឹម (Walid Mouallem) បានអះអាងតបវិញថា «យើងមានជម្រើសពីរ យ៉ាង៖ មួយយើងចុះចាញ់ ឬមួយទៀត យើងការពារខ្លួន។ តែជម្រើសទីពីរ ជាជម្រើសដ៏ប្រសើរ។ (...) យើងមានមធ្យោបាយការពារខ្លួន ដែលគេនឹកស្មានមិនដល់។» លោកបានរំពឹងទុកថា អន្តរាគមន៍យោធារបស់បស្ចឹមលោកនេះ នឹងផ្ដល់ប្រយោជន៍ឲ្យទៅប្រទេសអ៊ីស្ត្រាអែល និងប្រយោជន៍ទីពីរ ទៅឲ្យក្រុមរណសិរ្យ អាល ណូសរ៉ា (al-Nosra) ដែលជាក្រុមប្រដាប់អាវុធមួយ ប្រយុទ្ធកៀកស្មារនឹងពួកបះបោរ តែមានភាពស្មោះស្ម័គ្រ នឹងក្រុមបណ្ដាញភេវរនិយម អាល កៃដា (Al-Qaïda)។
សម្រាប់ប្រទេសរ៉ូស្សី ដែលជាសម្ព័ន្ធមិត្តរបស់ក្រុងដាម៉ាស បានព្រមានពីអន្តរាគមន៍យោធា ថាអាចនឹងបង្កឲ្យមាន«ភាពមហន្តរាយ» សម្រាប់តំបន់មជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិកខាងជើង។ សម្ព័ន្ធមិត្តមួយទៀតរបស់ប្រទេសស៊ីរី គឺប្រទេសអៀរ៉ង់ បានថ្លែងប្រកាសអាសន្នដែរថា សកម្មភាពវាយប្រហារយោធា នឹងគម្រាមដល់«សន្តិសុខ និងស្ថិរភាព»ក្នុងតំបន់។
ដោយឡែកប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលស្ថិតនៅជាជំហរពីក្រោយខ្នងក្រុមអ្នកបះបោរ បានអំពាវនាវឲ្យមានប្រតិកម្មច្បាស់លាស់ និងខ្លាំងក្លាមួយ ប្រឆាំងរបបក្រុងដាម៉ាស ខណៈដែលសម្ព័ន្ធភាពអារ៉ាប់ បានចោទរបបនេះរួចហើយ ពីចំណាត់ការទាំងឡាយដែលឈានទៅប្រើប្រាស់អាវុធគីមី។ រីឯប្រទេសអ៊ីស្ត្រាអែលវិញ ក៏បានសន្យាដែរថា ខ្លួននឹងតបតដោយមិន«អាសូរ» ប្រសិនណាជាប្រទេសស៊ីរី វាយប្រហារប៉ះពាល់ចូលក្នុងទឹកដីអ៊ីស្ត្រាអែល៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ