មេភេវជននៅអាហ្វ្រិកខាងជើងគម្រាមវាយប្រហារបារាំង នៅគ្រប់ទីកន្លែង
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងវីដេអូមួយ ដាក់តាមបណ្ដាញអាំងធើណែត នៅថ្ងៃអង្គារទី០៧ខែឧសភា មេដឹកនាំបណ្ដាញភេវរនិយម អាល់កៃដា (Al-Qaida) ប្រចាំនៅទ្វីបអាហ្វ្រិកខាងជើង បានអំពាវនាវទៅសមាជិកទាំងអស់ នៅក្នុងពិភពលោក ឲ្យធ្វើការវាយប្រហារទៅលើផលប្រយោជន៍បារាំង ទោះនៅទីណាក៏ដោយ។ ជាការគម្រាមមួយ ដែលប្រធានាធិបតីបារាំង ថាយកជាការបាន។
កងកម្លាំងប្រដាប់អាវុធរបស់បណ្ដាញ អាកមី នៅប្រទេសម៉ាលី។
បណ្ដាញភេវរនិយម អាល់កៃដា ប្រចាំនៅទ្វីបអាហ្វ្រិកខាងជើង ដែលមានឈ្មោះថា អាកមី (Aqmi) មិនបានទម្លាក់អាវុធចុះ ប្រឆាំងនឹងប្រទេសបារាំងនោះទេ។ មេដឹកនាំរបស់បណ្ដាញអ៊ីស្លាមនិយមនេះ បានធ្វើការអំពាវនាវនៅក្នុងវីដេអូមួយ ដែលបានដាក់នៅលើបណ្ដាញអាំងធើណែតនៅថ្ងៃអង្គារ ឲ្យវាយប្រហារទៅលើបណ្ដាផលប្រយោជន៍បារាំង នៅទីកន្លែងណាក៏ដោយនៅក្នុងពិភពលោក។
សេចក្ដីអំពាវនាវនេះ បានធ្វើឡើងដោយមេដឹកនាំបណ្ដាញភេវរនិយមម្នាក់ឈ្មោះ អាប៊ូ អូប៊ីដា យូសែហ្វ អាល អាណាប៊ី (Abou Obeida Youssef Al-Annabi) នៅរយៈពេល៤ខែក្រោយអន្តរាគមន៍យោធា នៅប្រទេសម៉ាលី របស់ប្រទេសបារាំង។ អាប៊ូ អូប៊ីដា បានបរិហារ ពី«ចម្បាំងរបស់ពួកគ្រឹស្ដ៍ ដែលដឹកនាំដោយប្រទេសបារាំង ប្រឆាំងនឹងអ្នកកាន់សាសនាអ៊ីស្លាម» និងឃ្លាមួយទៀត មានន័យថា «ការដណ្ដើមមកកាន់កាប់ របស់ប្រទេសបារាំង នូវទឹកដីនៃអ៊ីស្លាម»។
សម្រាប់ប្រធានាធិបតីបារាំង ជាការ«បន្តប្រយុទ្ធប្រឆាំងនឹងភេវរនិយម»
នៅក្នុងការថ្លែងសារមួយទៀត ដែលបានធ្វើកាលពីថ្ងៃទី២៥ខែមេសា មេដឹកនាំបណ្ដាញភេវរនិយមដដែល បានអំពាវនាវទៅអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ នៅក្នុងលោក ឲ្យចូលធ្វើសង្គ្រាមសាសនា ដ្យីហាដ (djihad) និងធ្វើការវាយប្រហារ ទៅលើផលប្រយោជន៍បារាំងនៅគ្រប់ទីកន្លែង ក្រោយហេតុផលមួយថា វាបានក្លាយរឿងសមហេតុផល ដើម្បីឆ្លើយតបនឹងការ«រំលោភឈ្លានពាន» របស់ប្រទេសនេះទៅក្នុងពិភពអ៊ីស្លាម តាំងពីថ្ងៃទីមួយមក។
នៅក្នុងសន្និសិតកាសែត ជាមួយនឹងប្រធានាធិបតីនៃប្រទេសប៉ូឡូញ នៅវិមានប្រធានាធិបតីអេលីហ្សេបារាំង លោកប្រធានាធិបតី ហ្វ្រង់ស័រ ហូឡង់ (François Hollande) បានបញ្ចេញប្រតិកម្ម ថាយកជាបានការ នូវការគម្រាមទាំងឡាយនេះរបស់បណ្ដាញភេវរនិយម «អាកមី»។ «យើងបានធ្វើឲ្យមានការខាតបង់ដ៏ធ្ងន់ធ្ងរ ទៅលើបណ្ដាញភេវរនិយម អាកមី ដោយសារអន្តរាគមន៍យោធាបារាំង នៅប្រទេសម៉ាលី»។ លោកហូឡង់បានបញ្ចាក់ថា «យើងចាត់ទុក ថានឹងបន្តកិច្ចការ និងកិច្ចអន្តរាគមន៍យោធានៅប្រទេសម៉ាលី នៅក្នុងរយៈពេលចាំបាច់មួយ បើទោះជាយើងបានបន្ថយចំនួនកម្លាំងក៏ដោយ និងព្រមទាំងបង្កើនការឃ្លាំមើលនៅជុំវិញម៉ាលី ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងភេវរនិយម»៕
---------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ