«ជួបគ្នាដើរប្រឆាំងភេវរកម្ម និងឧទ្ទិសទៅជនរងគ្រោះ» ជាទិវាប្រវត្តិសាស្ត្រថ្មីរបស់បារាំង
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ប៉ារីស ថ្ងៃទី១២ មករា ២០១៥
- កែប្រែចុងក្រោយ: January 12, 2015
- ប្រធានបទ: ភេវរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កណ្ដាលរដ្ឋធានីប៉ារីស ក្រុមមនុស្សទាំងនោះបានចាប់ផ្ដើមមកជួបជុំគ្នាតាំងពីថ្ងៃត្រង់ ថ្ងៃទី១១ ខែមករា ប៉ុន្តែការចេញដំណើរពីកន្លែងជួបជុំ Place de la Républiqu ឆ្ពោះទៅកាន់ទីលានមួយទៀតឈ្មោះ Place de la Nation ត្រូវបានធ្វើនៅម៉ោង១៥និង៣០នាទីប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) និងមេដឹកនាំច្រើនសិបនាក់ផ្សេងទៀត បានធ្វើដំណើរមកដល់ទីណាត់ប្រជុំគ្នានោះ។ ការជួបជុំគ្នា នៅតែប្រមូលគ្នាកាន់តែច្រើនឡើងៗ ខណៈរាត្រីកាលកាន់តែឈានមកដល់ក៏ដោយ។ ប្រសិនជាគេមើលរូបភាពពីលើមេឃមកវិញ រាប់ចាប់តាំងពីផ្នែកខាងជើង មកទល់នឹងផ្នែកខាងកើត គេនឹងឃើញហ្វូងមនុស្សត្រៀមត្រា បានកាន់កាប់ដងផ្លូវនានានៃរដ្ឋធានីប៉ារីសដ៏ល្បី គ្រប់ច្រកល្ហក។
ចំនួនអ្នកចូលរួម...
ក្រសួងមហាផ្ទៃបារាំងបានថ្លែងថា ខ្លួនមិនអាចរាប់ចំនួនមនុស្សមកចូលរួមទាំងអស់នេះ បានទេ។ ប៉ុន្តែបើតាមអ្នករៀបចំការជួបប្រជុំគ្នានេះ បានឲ្យដឹងថាអ្នកមកចូលរួមមានប្រមាណពី១,៣ទៅ១,៥លាននាក់។ បើសរុបចំនួនអ្នកចូលរួម ដែលត្រូវបានរៀបចំធ្វើនៅតាមបណ្ដាក្រុងធំៗផ្សេងទៀត នៃខេត្តនានាក្នុងប្រទេសបារាំង មានរហូតដល់ទៅ៣,៧លាននាក់។
ទិសដៅ...
ដើរពីកន្លែងមកជួបជុំ លើទីលានសាធារណរដ្ឋ ឆ្ពោះទៅទីលានមួយទៀតឈ្មោះ ណាស្យ៉ុង ដើម្បីបង្ហាញពីចំណងសាមគ្គីភាពនៃប្រជាជាតិមួយ ប្រឆាំងនឹងអំពើភេរវនិយម និងចូលរួមមរណទុក្ខជាមួយជនរងគ្រោះ។ ភាសារបស់អ្នកទៅចូលរួម មានតែមួយប៉ុណ្ណោះ ដែលនិយាយចេញពីមាត់ព្រមៗគ្នា និងនៅលើផ្ទាំងក្រដាសតូចធំ នោះគឺ «ខ្ញុំជាឆារលី (Je suis Charlie)» ដែលឆារលីតំណាងឲ្យទស្សនាវដ្ដីបារាំង ឬតំណាងឲ្យសិទ្ធិនៃការបញ្ចេញមតិ របស់ពលរដ្ឋនៃប្រទេសបស្ចឹមលោក។ អ្នកខ្លះទៀត បានយកប៊ិច ឬខ្មៅដៃមកកាន់ ហើយតែងលើកឡើងបង្ហាញគេឯង បញ្ជាក់អះអាងពីសេរីភាពនៃការសរសេរ ឬការគូរគំនូរ មិនអាចឲ្យនរណាមកគម្រាមបានឡើយ។
ប៉ុន្តែ បើសិនជាការជួបជុំនេះ មានលក្ខណៈស្ងប់ស្ងៀមក្នុងន័យចូលរួមមរណទុក្ខ និងឧទ្ទិសទៅជនរងគ្រោះក៏ដោយ តែយូរៗម្ដង ការស្រែកច្រៀងចម្រៀងភ្លេងជាតិបារាំង ឬក៏ការទះដៃអបអរក្រុមកងកម្លាំងនគរបាល ក៏កើតមានសឹងមិនដាច់ពេល។ ក្រុមកងកម្លាំងនគរបាល ដែលបានអនុវត្តន៍តួនាទីរបស់ខ្លួន ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ ប៉ុន្តែបានពលីបីនាក់ នៅក្នុងហេតុការណ៍នៃអំពើភេវរកម្ម។ ពលរដ្ឋខ្លះបានស្ទុះរត់ទៅអោបកងកម្លាំងនគរបាល ដែលកំពុងរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ខណៈឯពលរដ្ឋមួយចំនួនទៀត បានយកផ្កាមកហុចដល់ដៃកងកម្លាំងទាំងនោះ។
មនុស្សជាច្រើន បានសម្ដែងការរំភើប នឹងការប្រមូលផ្ដុំរបស់មនុស្សទាំងនេះ។ ក្នុងចិត្តគេម្នាក់ៗ បានគិតរួចជាស្រេចហើយ ថា«រួមគ្នាជាកម្លាំង» ដើម្បីបង្ហាញទៅក្រុមភេវរជនថា ពិភពលោកនេះមិនត្រូវបាន ដាក់ឲ្យស្ថិតក្រោមការបំបិទសិទ្ធិសេរីភាព ឬការគម្រាមកំហែងអ្វីឡើយ។ កញ្ញា ឡ័រ (Laure) ស្ថាបត្យករមួយរូបអាយុ៣៥ឆ្នាំ ដែលមានកាន់ក្រដាស «Je suis Charlie» នៅនឹងដៃ បាននិយាយថា៖ «ខ្ញុំមិនប្រាកដទេ ថាទិវាជួបជុំគ្នានេះ អាចដាស់ចលនាប្រជាជាតិទាំងមូលបាន ខណៈនៅមានមនុស្សជាច្រើន អង្គុយនៅក្នុងផ្ទះសុខចិត្តអើតមើលតាមបង្អួច ហាក់មិនបានខ្វល់ជាមួយនឹងយើងទេ។ ប៉ុន្តែហ្វូងមនុស្សនៅថ្ងៃនេះ វាមានភាពអស្ចារ្យណាស់ច៎ា។» ចំណែកឯតារាដ៏ល្បីមួយរូបរបស់បារាំង ដែលបានទៅចូលរួមសកម្មភាពនេះដែរ បានថ្លែងឡើង ដោយមានពាក្យកំប្លុកកំប្លែងថា៖ «ខ្ញុំរកពាក្យមកនិយាយមិនបានទេ ពីការជួបជុំដ៏អស្ចារ្យនេះ ព្រោះវាជាលើកទីមួយរបស់ខ្ញុំហើយ ដែលខ្ញុំដើរបាន៣០ម៉ែត្រ ក្នុងរយៈពេល១ម៉ោង»៕