«កែ ឡេង មិនមែនក្លាយជាជើងឯកពិភពលោកបីជំនាន់ ដោយចៃដន្យឡើយ»
«កែ ឡេង ពិតជាអស្ចារ្យណាស់ ហើយគាត់បានបង្ហាញថា គាត់មិនមែនជាជើងឯកពិភពលោក បីជំនាន់ ដោយចៃដន្យនោះឡើយ» នេះ ជាការថ្លែងឡើង របស់លោក អ៊ិន គិមស្រ៊ុន គ្រូបង្វឹក នឹងជាអ្នកដឹកនាំក្រុមកីឡាប៉េតង់កម្ពុជា បន្ទាប់ពីក្រុមកីឡាការិនីកម្ពុជា បានបំបាក់ក្រុមកីឡាការិនីបារាំង ដែលជាម្ចាស់ផ្ទះ ដើម្បីដណ្ដើមយកពានរង្វាន់ «L’Équipe» មកលើក ជាមួយនឹងមេដាយមាសផងនោះ។
ក្រុមកីឡាប៉េតង់កម្ពុជា ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងការព្រឹត្តិការណ៍ប្រកួតប៉េតង់អន្តរជាតិមួយនេះ ដែលមានឈ្មោះ «Le Trophée L’Équipe» និងដែលរៀបចំឡើង ដោយសារព័ត៌មាន និងទូរទស្សន៍កីឡាបារាំង ឈ្មោះ «L’Équipe»។ ក្រុមកីឡាករជម្រើសជាតិកម្ពុជា ទាំងវិញ្ញាសារខាងបុរស ទាំងវិញ្ញាសារខាងស្ត្រី សុទ្ធតែបានឡើង មកដល់វគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត «Trophée L'Equipe» នេះ ដែលប្រព្រឹត្តិទៅ នៅក្រុង តួរ៍ (Tours) ភាគកណ្ដាលប្រទេសបារាំង ក្នុងយប់ថ្ងៃទី១៤ ខែតុលា [...]