អារ៉ាប៊ី សាអ៊ូឌីត៖ ស្ត្រីអាចលេងកីឡាបានហើយ !
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: May 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីៗ ដែលរស់នៅក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត ចាប់ពីថ្ងៃនេះតទៅ នឹងអាចចូលរួមលេងកីឡាបាន នៅក្នុងគ្រឹះស្ថានសិក្សាឯកជននានា។ នេះជាការសម្រេចថ្មីមួយ បានចេញផ្សាយនៅចុងសប្ដាហ៍កន្លងមកនេះ។
ក្រុមកីឡាបាល់ទាត់ផ្នែកនារីៗ ជាមួយនឹងស្បៃគ្របក្បាល និងខោអាវកីឡាជិតខ្លួន នៃប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីដ។
វាជាករណីពិសេសមួយថ្មីទៀត នៅក្នុងក្រមខ័ណ្ឌនៃកំណែទម្រង់ ដែលឈានបន្តិចម្ដងៗ ទៅរកការលើកកំពស់សិទ្ធិស្ត្រី នៅក្នុងព្រះរាជាណាចក្រ «មហា»អភិរក្សនិយមមួយនេះ។
តាមភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេស ហៅកាត់ថា SPA បានអោយដឹងថា គ្រឹស្ថានសិក្សាឯកជននានា សម្រាប់ស្ត្រី នឹងអាចបើកទទួលអោយមានសកម្មភាពកីឡា នៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ដោយត្រូវគោរពតាមច្បាប់របស់សាសនាអ៊ីស្លាម។ ក្រសួងអប់រំអារ៉ាប៊ី សាអ៊ូឌីត បានកម្រិតវិន័យនៅក្នុងសេចក្ដីសម្រេចនោះ យ៉ាងដូច្នេះថា សិស្សស្រីទាំងអស់ ត្រូវគោរពតាមគោលការណ៍សម្លៀកបំពាក់ឲ្យបានត្រឹមត្រូវ ហើយគ្រូបង្ហាត់មានសិទ្ធិ ក្នុងការត្រួតពិនិត្យលើរាល់សកម្មភាពទាំងនេះ។
ការសម្រេចចិត្តនេះ បានធ្វើឲ្យមានការជឿនលឿនទៅមុខ ក្នុងការគោរពសិទ្ធិស្ត្រី មួយឆ្នាំបន្ទាប់ពី ស្ត្រីជនជាតិសាអ៊ូឌីដ ចំនួនពីរនាក់ ត្រូវបានអនុញ្ញាតឲ្យចូលរួមរត់ប្រកួត ក្នុងកីឡាអូឡាំពិក ដែលជាវិញ្ញាសារមួយមិនធ្លាប់មានពីមុន នៅក្នុងប្រទេសនេះ។
សាស្ត្រាចារ្យ អាហ្សីហ្សា យូសែហ្វ (Aziza Youssef) មកពីសកលវិទ្យាល័យ ឃីង សូដ (King Saud)បាននិយាយថា ការសម្រេចចិត្តអោយវិញ្ញាសាកីឡា ទៅឲ្យកូនសិស្សស្ត្រីលេងនេះ ជាផ្នែកមួយនៃកំណែទម្រង់យ៉ាងធំបំផុត សម្រាប់សិទ្ធិស្ត្រី តែការហាមឃាត់កីឡាមួយចំនួន សម្រាប់ស្ត្រីនោះ នៅតែបង្ហាញអោយឃើញពីការរើសអើង ក្នុងសង្គម និងជាពិសេសជាផលវិបាក ទៅដល់សុខភាពរបស់ស្ត្រី។
លោកបានបន្ថែមថា សេចក្ដីសម្រេចដែលសម្រាប់តែគ្រឹះស្ថានឯកជននេះ ទំនងជាអាចពង្រីកទៅដល់សកលវិទ្យាល័យ ឬគ្រឹស្ថានសិក្សាសាធារណៈផ្សេងទៀត ដែលសព្វថ្ងៃនេះ ស្ត្រី និងបុរស ត្រូវបានបែកចែកឲ្យដាច់ពីគ្នា។
នៅប្រទេសអារ៉ាប៊ី សាអ៊ូឌីដ កីឡាសម្រាប់ស្ត្រី ត្រូវបានចាត់ទុក គ្រាន់តែជាសកម្មភាពក្រៅម៉ោងប៉ុណ្ណោះ។ ស្ត្រីៗដែលចង់លេងកីឡា ត្រូវបង់លុយក្នុងកម្រិតដ៏ថ្លៃ ដើម្បីចូលទៅលេងក្នុងមជ្ឈមណ្ឌលសុខភាព ដែលច្រើនជាផ្នែកមួយនៃមន្ទីរពេទ្យ៕
-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ