រដ្ឋនិងរាល់យន្ដការរបស់រដ្ឋ ត្រូវឯករាជ្យ មិនបំរើឲ្យគណបក្សនយោបាយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីសប្ដាហ៍មុន ការបញ្ចេញឯកសារជាសម្លេងមួយ ដែលនិយាយពីការហែកហួរគ្នា រវាងមេបក្សប្រឆាំងពីររបស់កម្ពុជា នៅមុនពេលគណបក្សទាំងពីរ បានចូលរួបរួមគ្នា បានជម្រុញឲ្យមានប្រតិកម្មពីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន ស្ដីពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការបោះឆ្នោតខាងមុខ។
ការជួបជជែកគ្នាមួយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា៖ វិទ្យុសម្លេងប្រជាធិបតេយ្យ។ (រូបថត kindcambodia.org)
វិធីសាស្ត្របកអាក្រាត និងបរិហារគ្នាទៅវិញទៅមក ជាជំនាញយ៉ាងចំណាន របស់អ្នកនយោបាយខ្មែរ ហើយវាកំពុងពង្រីករូបរាង ក្នុងខណៈពេល ដែលការបោះឆ្នោតសកលឈានជិតមកដល់។
នាយកគណៈកម្មាធិការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (និចហ្វិច) លោក ហ្សង ពុទ្ធា បានលើកឡើងថា នេះជាការធម្មតាទេសម្រាប់មុនពេលបោះឆ្នោត ដែលគណបក្សមានឱកាសច្រើនជាង ប្រើប្រាប់គ្រប់បធ្យោបាយ សម្រាប់ការទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ និងការទាក់ទាញពីសាធារណៈជន។ លោកបន្តថា ការរៀបចំសម្លេងនេះ ជាការស្វែងរកកម្សោយ របស់ភាគីខ្លួន និងក៏ ជាយុត្តិសាស្រ្តមួយធ្វើឲ្យដៃគូរនោះមានភាពទន់ខ្សោយ។
តែប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព(PDP) លោក យង់ គឹមអេង បានបញ្ជាក់មកវិញថា បើមានបក្សមួយធ្វើបែបនេះ ត្រូវធ្វើឲ្យបានគ្រប់ភាគី និងគ្រប់បក្ស។ គ្រប់បក្សទាំងអស់ តែងតែប្រើនូវមធ្យាបាយផ្សេងៗគ្នា ក្នុងការវាយប្រហារគ្នាដោយពាក្យសំដី ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ ដែលខ្លួនមាន។ ហេតុដូច្នេះហើយ ទើបតម្រូវឲ្យស្ថិត នៅក្នុងក្របខណ្ឌច្បាប់មួយជាក់លាក់។
កាលបរិចេ្ឆទនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅមិនទាន់បានអនុញ្ញាតិដោយ គ.ជ.ប នៅឡើយ។ ដូច្នេះរាល់ការឃោសនាតំណាងឲ្យបក្សមួយ ប្រឆាំង, ផ្លែផ្កា ឬឌឺដង ទៅឲ្យបក្សផ្សេងទៀតជាសាធារណៈ ជាភាពមួយមិនអព្យាក្រិត្យ និងខុសច្បាប់។
បញ្ហានេះ លោក ហ្សង ពុទ្ធា បានបញ្ជាក់ថា ពលរដ្ឋទាំងអស់មានសិទ្ធិបញ្ចេញសម្លេង តែក្នុងបរិបទនេះ អ្នកនយោបាយកំពុងតែស្វែងរកចំណេញ ពីគ្នាទៅវិញទៅមក ដោយពុំសូវជាបានគិតពីច្បាប់ទម្លាប់ទេ។ លោកបន្តថា ការផ្សព្វផ្សាយនេះ ភាគីដែលត្រូវបានគេផ្សាយ អាចយល់ថា ជាមធ្យោបាយល្អ ក្នុងការចំណេញសន្លឹកឆ្នោតរបស់ខ្លួនវិញ។
ឯលោក យង់ គឹមអេង បង្ហាញថាសេរីភាព នៃការផ្សព្វផ្សាយ និការបញ្ចេញសម្លេងត្រូវតែមាន។ ប៉ុន្តែត្រូវមើលថាតើការផ្សព្វផ្សាយនេះ បំរើប្រយោជន៍សាធារណជនឬទេ និងត្រូវបែងចែកឲ្យដាច់ រវាងស្ថាប័នផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន។ ស្ថាប័នរដ្ឋមិនអាចធ្វើការផ្សាយ ឬត្រូវបានយកទៅប្រើប្រាស់ សម្រាប់តែភាគីម្ខាងនោះទេ ព្រោះជាស្ថាប័នរបស់ជាតិ ដែលត្រូវប្រកាន់ខ្ជាប់នូវអព្យាក្រិត្យភាព និងត្រូវផ្សាយឲ្យគ្រប់ភាគីទាំងសងខាង។
អតីតប្រធានមជ្ឍមណ្ឌលអភិវឌ្ឍន៍សង្គម(CSD) និងជាអ្នកវិភាគឯករាជ្យ លោកស្រី ជា វណ្ណាត បានលើកឡើង គ.ជ.ប ក៏ត្រូវធ្វើការត្រួតពិនិត្យ និងពង្រឹងការងនុវត្តច្បាប់ ឲ្យមានប្រសិទ្ធិភាព ដើម្បីជាប្រយោជន៍ស្មើគ្នា សម្រាប់គណបក្សដែលនឹងត្រូវចូលរួម។
ទាក់ទងនឹងការយកស្ថាប័នរបស់រដ្ឋ មកធ្វើការផ្សព្វផ្សាយ ប្រយោជន៍បុគ្គល ឬបក្សនោះ លោកស្រី ជា វណ្ណាត បញ្ជាក់ថា រដ្ឋាភិបាន ជារដ្ឋបាល មិនមែនជាគណបក្សណាមួយទេ។ ជាស្ថាប័នឯករាជ្យមួយ ដោយមិនចូលកាន់ឃោសនាប្រឆាំង ឬគាំទ្របក្សណាទាំងអស់។ រាល់ការផ្សព្វផ្សាយក្នុងនាមជាស្ថាប័នរដ្ឋ ត្រូវមានជំហរអព្យា ជាកណ្តាល មិនគាំទ្រ ហើយក៏មិនប្រឆាំង ទើបស្របនឹងទ្រឹស្តីរដ្ឋបាលសាធារណៈ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៤ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ