សាលា​ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន កឹម សុខា ដូច​អ្វី​ដែល ហ៊ុន សែន ជឿជាក់

បន្ទាប់ពីបើកសវនាការ ដោយអវត្តមានលោក កឹម សុខា អស់រយៈពេល២ម៉ោងរួច សភាស៊ើបសួររបស់សាលាឧទ្ធរណ៍ បានតំកល់ការសម្រេច របស់ចៅក្រមស៊ើបអង្កេត របស់សាលាដំបូងរាជធានី ទុកជាបានការ ដោយពន្យាការឃុំខ្លួនលោក កឹម សុខា សម្រាប់រយៈពេល៦ខែទៀត។ មុននេះបន្តិច លោកនាយករដ្ឋមន្ត្រី បានបង្ហាញជំនឿថា លោក កឹម សុខា នឹងមិនត្រូវបានដោះលែងទេ ដោយភ្ជាប់​ការ«ហ៊ាន»​ចាប់ខ្លួន​លោក កឹម សុខា គឺដោយសារ​លោក​ផ្ទាល់​ជាអ្នកបញ្ជា។
សាលា​ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន កឹម សុខា ដូច​អ្វី​ដែល ហ៊ុន សែន ជឿជាក់
ទិដ្ឋភាពនៃការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅដល់គេហដ្ឋានរបស់លោក។ (រូបថតពីនគរបាល)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 27, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេធាវី​មួយ​រូប ​ក្នុង​ចំណោម​មេ​ធាវី​ទាំង​៦​រូប​ គឺលោក សំ សុ​គង់ ដែល​បាន​ចូល​រួម​ការ​ពារ​ក្ដីឲ្យលោក កឹម សុខា នៅ​ព្រឹក​ថ្ងៃអង្គារទី២៧ ខែមីនានេះ បាន​ថ្លែង​ថា៖ «សា​លា​ឧទ្ធរ​ណ៍​ គេ​សម្រេច​តម្កល់​ការ​សម្រេច ​ការ​ពន្យារ​ពេល​ឃុំ​ខ្លួន​ ទុក​ជា​បាន​ការ​ បាន​ន័យ​ថា ​គេ​បន្ត​ឃុំ​ខ្លួន​ទៀត»​។

សវនា​ការរបស់សភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ បានធ្វើឡើង​ដោយគ្មានវត្តមានចូលរួម ពីសំណាក់លោក កឹម សុខា ដែលជាជនសង្ស័យនោះទេ បើទោះជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ បានអះអាងតាំងពីច្រើនថ្ងៃមុន រហូតមកដល់ថ្ងៃម្សិលម៉ិញ ថាសវនាការនេះ នឹងមានការចូលរួមដោយផ្ទាល់ ពីលោក កឹម សុខា ក៏ដោយ។

កាលពីថ្ងៃទី៥ ខែមីនាកន្លងទៅ ប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវបានលោក គី ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី​សម្រេចឃុំខ្លួនបន្ត ចំនួន៦ខែ​បន្ថែម​ទៀត ដើម្បីបម្រើឲ្យការស៊ើបអង្កេត។ ប៉ុន្តែក្រុមមេធាវី ដែលការពារក្ដីឲ្យលោក កឹម សុខា បានសម្រេចប្ដឹងទាស់ នឹងការបន្តឃុំខ្លួនេះ ដោយលើកឡើង ពីមូលហេតុសុខភាពរបស់លោក កឹម សុខា។

ការសម្រេចរបស់សភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ ធ្វើឡើង នៅតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបង្ហាញជំនឿរបស់លោកថា សាលាឧទ្ធរណ៍​នឹងមិនដោះលែង​លោក កឹម សុខា ទេ ដោយភ្ជាប់ករណី​«ហ៊ាន»​ចាប់ខ្លួន​មេបក្សប្រឆាំងរូបនេះ ថាត្រូវបានបញ្ជា ដោយរូបលោកផ្ទាល់។

នៅក្នុងពិធីចែកសញ្ញាប័ត្រ ដល់និស្សិតនៃសាកលវិទ្យាល័យមួយ នៅវិទ្យាស្ថានអប់រំជាតិ លោក ហ៊ុន សែន ថ្លែងឡើងថា៖ ​«ខ្ញុំ​មិន​ជឿថា​ព្រឹក​នេះ​ សា​លា​ឧ​ទ្ធរណ៍ ​នឹង​ដោះ​លែង​អា​មេ​ក្បត់​ជាតិ​ ព្រោះនេះ​ជា​អំពើ​ក្ប​​ត់​ជាតិ​ ប៉ុន្តែ​ខ្ញុំ​គោ​រព​សេច​ក្ដី​សម្រេច ​របស់​តុលា​ការ​ ប្រសិន​បើ​តុលាការ​ដោះ​លែង​ ឲ្យ​វា​នៅក្រៅ​ឃុំ អា​ហ្នឹ​ង​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​ម៉េច​ ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ទេ​ថា​ តុលា​ការ​នឹង​ដោះលែង​ អា​មេ​ក្បត់​ជាតិ​ហ្នឹង​ទេ ហើយ​អ្នក​ដែល​ចាប់ខ្លួន​ដំបូង ​បញ្ជា​ចាប់ខ្លួន​ដំបូង​ គឺ​ ហ៊ុន​ សែន​ អ្នក​បញ្ជា​ គ្មាន​​អ្នក​ណា​ផ្សេង​ទេ បើ​គ្មាន​បទ​ប​ញ្ជា​ពី​ ហ៊ុន​ សែន ​គ្មាន​អ្នក​ណា​ហ៊ាន​ចាប់​ទេ»។​

ក្រុមមន្ត្រីគណបក្សប្រឆាំង បានរំពឹងទុកជាមុនហើយ ពីការសម្រេច របស់សភាស៊ើបសួរ របស់សាលាឧទ្ធរណ៍ និងបានបរិហារការបើកសវនាការនេះ ថាត្រូវបានធ្វើឡើង ដើម្បីជា​ការ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ។ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានចាត់ទុករឿងក្ដី ប្រឆាំងលោក កឹម សុខា ថាជារឿងនយោបាយ ដែលមិនអាចដោះស្រាយបាន តាមផ្លូវតុលាការឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...