គួយ ប៊ុនរឿន ចង់បញ្ជូលឈ្មោះតាម«កុំព្យូទ័រ»ក្នុងច្បាប់ ខណៈ ប៊ិន ឈិន មិនហ៊ានសម្រេច
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី២៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: January 06, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់កិច្ចពិភាក្សា លើសេចក្តីស្នើច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ដ៏ចម្រូងចម្រាសនៅលើកនេះ ការបញ្ចូល«អត្តសញ្ញាណ»អ្នកត្រូវបោះឆ្នោត ដោយប្រព័ន្ធកុំព្យូទ័រ បានក្លាយជាប្រធានបទថ្មី ដែលនាំឲ្យលោក ប៊ិន ឈិន តំណាងគណបក្សប្រជាជនកម្ពុជា និងលោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បន្តឈានទៅរកភាពទើសទាល់កាន់តែខ្លាំង នូវការមិនពេញចិត្តនឹងគ្នា ឬអាចនិយាយថា មើលមុខគ្នាមិនចំ និងដោយបង្ខំព្រោះតួនាទីនោះ។
ក្រោយការបញ្ចប់កិច្ចពិភាក្សាកាលពីល្ងាចថ្ងៃចន្ទ ទី៥ ខែមករា ឆ្នាំ២០១៥ នាវិមានរដ្ឋសភា តំណាងគណបក្សទាំងពីរបានឯកភាពគ្នា បន្តការពិភាក្សាលើសេចក្តីស្នើច្បាប់បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្របន្តទៅមុខទៀតលើចំណុចថ្មី។ ឯចំណុចចាស់ដែលមិនទាន់«ត្រូវរ៉ូវ»គ្នានោះ នឹងបន្តលើកមកពិភាក្សាជាថ្មីម្តងទៀត ក្រោយពីបានពិភាក្សាច្បាប់គ្រប់មាត្រា និងជំពូកនៃច្បាប់នេះ។
លោក គួយ ប៊ុនរឿន ប្រធានក្រុមកិច្ចពិភាក្សាមកពីគណបក្សប្រឆាំង បានលើកឡើងថា លោកចង់បង្កឲ្យមានលក្ខណៈងាយស្រួល ក្នុងការស្វែងរកឈ្មោះអ្នកស្ទួន ឬការបន្លំឈ្មោះតាមរយៈការចុះឈ្មោះ តាមប្រព័ន្ធកុំព្យូទ័រ(អេឡិចត្រូនិច)។ បើតាមមន្ត្រីរូបនេះ ជំហររបស់គណបក្សសង្គ្រោះជាតិ ចង់បានការមកផ្តិតម្រាមដៃតាមប្រព័ន្ធកុំព្យូទ័រ មិនផ្តិតលើ«ក្រដាស»ដូចមុននោះឡើយ ដែលករណីនេះ ទាមទាឲ្យអ្នកបោះឆ្នោតទាំងនោះ ត្រូវមកដោយផ្ទាល់តែម្តង។
តំណាងគណបក្សសង្គ្រោះជាតិរូបនេះបន្តថា ក្រុមការងាររបស់លោកនឹងបន្តការជជែកគ្នាជាថ្មី ចំពោះការដៅ នៃការចុះឈ្មោះអ្នកត្រូវបោះឆ្នោតឲ្យបានច្បាស់ មានចែងក្នុង«ច្បាប់»តែម្តង ដោយមិនចាំបាច់ទុកករណីនេះជាការ«សម្រេច»ដោយ គ.ជ.ប នោះទេ។ លោកបញ្ជាក់ដូច្នេះថា៖ «ការចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រ ងាយស្រួលត្រួតពិនិត្យនូវឈ្នោះស្ទួន។ ពេលច្បាប់ចេញ គ.ជ.ប បន្តនីតិវិធីរបស់ខ្លួនឲ្យដូចនឹងច្បាប់ ដើម្បីរៀបចំបញ្ជីបោះឆ្នោតតាមប្រព័ន្ធថ្មី។ (…) បញ្ហានៃបណ្តឹងតវ៉ា នឹងត្រូវកើតមាន ឆ្លងកាត់ គ.ជ.ប និងជាការសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សាធម្មនុញ្ញ។»
នៅផ្នែកម្ខាងទៀត នៃការផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ប៊ិន ឈិន ប្រធានក្រុមពិភាក្សាមកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោកចង់បានការបើកទូលាយ មិនមានអ្វីជាការជំទាស់នោះឡើយ។ លោកបន្តថា គណបក្សប្រជាជនកម្ពុជា ចង់បាននូវភាពលំអិតជាងនេះ បន្តែមលើស្នាកមេដៃ រូបថត ឬលេខកូដជាថែមទៀតផង។ បើរកើតករណី ឬស្ថានការអ្វីមួយនោះ អាចនឹងដោះស្រាយបាន។ ចំពោះការលើកឡើងរបស់គណបក្សសង្គ្រោះជាតិដែលចង់កំណត់ និងការដៅ អត្តសញ្ញាណនៃអ្នកបោះឆ្នោតក្នុងប្រព័ន្ធកុំព្យូទ័រនោះ លោកមិនបានធ្វើការសម្រេច ឬ«ហ៊ាន»ឯកភាពឡើយ ដោយទុកការសម្រេចនេះ ជូនថ្នាក់ដឹកនាំកំពូល។ មន្រ្តីបក្សប្រជាជនរូបនេះបញ្ជាក់ថា «ចាំមើលថ្នាក់ដឹកនាំលោកសម្របសម្រួលគ្នាទៅ។ ក្នុងនាមអ្នកបច្ចេកទេស ធ្វើយ៉ាងណាកុំឲ្យទាល់ តែបើចេញជាច្បាប់ហើយទាល់ វាពិបាកដោះហើយ។ (…) ជៀសវាងងាកមកធ្វើវិសោធនកម្មច្បាប់វិញ។»
សូមបញ្ជាក់ថារ ជំនួបនេះបានបង្ហាញនូវការពិភាក្សាពីការចុះឈ្មោះអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោតដែលមានចំនួន២១មាត្រា។ ក្នុងនោះចាប់ពីមាត្រា៤៨ ដល់មាត្រា៦៩ ត្រូវបានឯកភាពគ្នាទាំងស្រុង។ ឯចំណុចដែលមិនទាន់មានការឯកភាពគ្នា គឺមាន ២មាត្រាប៉ណ្ណោះ ដែលលើកទុកមួយឡែកដូចសព្វមួយដង។ នៅថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ ២០១៥ ក្នុងសប្តាហ៍នេះ ក្រុមការងារនៃគណបក្សទាំងពីរ នឹងបន្តជជែកពិភាក្សាលើជំពូកទី៧ និយាយពីការឃោសនាបោះឆ្នោត ដេលមានចំនួន១៤មាត្រា គឺពីមាត្រា ៧០ ដល់៨៣។
សូមស្តាប់កិច្ចសម្ភាស របស់លោក គួយ ប៊ុនរឿន និង លោក ប៊ិន ឈិន ជាមួយអ្នកសារព័ត៌មានដូចខាងក្រោម ដើម្បីបានជ្រាបច្បាស់នូវបញ្ហា ការធ្វើប្រតិភូកម្មអំណាច ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ជ.ជ.ប) ទៅក្រុមប្រឹក្សាឃុំសង្កាត់បំពេញតួនាទី ជាតំណាង គ.ជ.ប ក្នុងការពិនិត្យបញ្ជី ការចុះឈ្មោះបោះឆ្នោត និងការតវ៉ានានាដែលពាក់ព័ន្ធ៖
(វីដេអូ នឹងមកដល់ក្នុងពេលខាងមុខ)