ច្បាប់ពិន័យ​អ្នក​មិន​ទទួល​ស្គាល់​របប​ប្រល័យ​ពូជ​សាសន៍៖ បក្ស​ប្រឆាំង​គាំទ្រ ខណៈ​កឹម សុខា​មិន​សុំ​ទោស

ជាការឆ្លើយតប និងវាយបកទៅនឹងការស្នើរសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជំហរគាំទ្រឲ្យរដ្ឋសភា មានការបង្កើតច្បាប់ថ្មីមួយ ដើម្បីដាក់ទោសអ្នកមិនទទួលស្គាល់ ការសម្លាប់មនុស្សក្នុងសម័យខ្មែរក្រហម។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: May 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ ជាការឆ្លើយតប និងវាយបកទៅនឹងការស្នើរសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្សសង្គ្រោះជាតិ ដែល​ជាគណបក្សប្រឆាំង បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជំហរគាំទ្រឲ្យរដ្ឋសភា មានការបង្កើតច្បាប់ថ្មីមួយ ដើម្បីដាក់​ទោសអ្នកមិនទទួលស្គាល់ ការសម្លាប់មនុស្សក្នុងសម័យខ្មែរក្រហម។


លោកកឹម​ សុខា នៅពិធីជួបជាមួយអ្នកគាំទ្រគណបក្សលោក។ (រូបថតគណបក្ស)

ក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ បានបង្ហាញថា គណបក្សសង្គ្រោះជាតិ គាំទ្រ​ឲ្យ​មានការបង្កើតច្បាប់ ស្តីពីការដាក់ទោសលើបុគ្គលណា ដែលនិយាយថាគ្មានរបបប្រល័យពូជសាសន៍នៅកម្ពុជា ហើយ​ក៏​បានបង្ហាញគោលជំហរ ឥតងាករេដែរ ដែលបក្សប្រឆាំងមួយនេះបានហៅថា ជាការសង្គ្រោះ បម្រើ ការពារ ជាតិ មាតុភូមិ ខ្មែរ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះក៏បានលើកឡើងថា ៖ «គណបក្សសង្គ្រោះជាតិថ្កោលទោស ចំពោះបុគ្គលណា ក្រុមណា ដែលព្យាយាមញុះញង់ បំបែកបំបាក់ខ្មែរ បំផ្លើស បំភ្លៃការពិត មកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងគំនិតទុច្ចរិត កេងចំណេញនយោបាយ ចង់បង្កឲ្យមានភាពច្របូកច្របល់ ភាពវឹកវរ អស្ថិរភាពសង្គម ក្នុងរយៈពេលមុនការ​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣»។

កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងវាយប្រហារទៅលើលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិថា លោកកឹម សុខា បានចាត់ទុកគុកទួលស្លែង ឬមន្ទីរស២១ ជាគុកសិប្បនិម្មិត្ត​របស់ខ្មែរក្រហម ដែលរៀបចំឡើងដោយវៀតណាម។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ការអត្ថាធិប្បាយនោះ ជាការប្រមាថ​ជនរងគ្រោះ។ ដូច្នេះគួរតែត្រូវធ្វើច្បាប់មួយដាក់កំហិតអ្នកណាថា គ្មានរបបប្រល័យពូជសាសន៍ គឺត្រូវមានទោសយ៉ាងម៉េច សេចក្ដីស្នើច្បាប់របស់រដ្ឋសភា ដើម្បីធានាថា របបមួយនេះមិនអាចវិលមកវិញ។ អ្នកណាក៏ដោយ ថាគ្មានរបបប្រល័យ​ពូជសាសន៍ ទោះបីអង្គការសហប្រជាជាតិក៏មិនអាចថា យើងបំបិទសេរីភាពបញ្ចេញមតិបានដែរ»។

ជាការឆ្លើយតបនោះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបកស្រាយខុស ពីសម្តីដើមរបស់លោកដែលបាននិយាយ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ខ្ញុំមិនបាននិយាយ ដូច​ការបកស្រាយនោះទេ ករណីគុកទួលស្លែង ដែលខ្ញុំបាននិយាយនោះ គឺខ្ញុំនិយាយពីសាក្សី ចម្លើយ ដែលពួកខ្មែរក្រហម បានធ្វើ ដើម្បីចាប់ ដើម្បីចោទ ដើម្បីសម្លាប់ ដើម្បីធ្វើទារុណកម្មប្រជាពលរដ្ឋយើង នៅក្នុងគុកទួលស្លែង គឺសុទ្ធតែពួកហ្នឹង ច្នៃប្រឌិតទាំងអស់ សុទ្ធតែជារឿងសិប្បនិម្មិតទាំងអស់។ នេះគឺជាអត្តន័យ ដែលខ្ញុំចង់ថា គុកទួលស្លែងគឺមានពិត»។

ទាក់ទងនឹងចលនាទាមទារឲ្យលោកសុំទោសនោះ ប្រធានគណបក្សស្ដីទីរូបនេះ បានថ្លែងឲ្យដឹងបន្តទៀតថា ៖ «ខ្ញុំមិនបាន​និយាយខុសនោះទេ ប៉ុន្តែមានការបកស្រាយខុសសម្តីរបស់ខ្ញុំ ខ្ញុំនឹងមិនសុំទោសទេ»។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ លោក ជុំ ម៉ី និងលោក ប៊ូ ម៉េង អតីតអ្នកទោសគុកទួលស្លែង ក្នុងនាមសមាគម​ជន​រងគ្រោះ ដោយរបបខ្មែរក្រហម បានទាមទារឲ្យលោក កឹម សុខា សុំទោសចំពោះព្រលឹងអ្នកស្លាប់ នៅគុកទួលស្លែង តាម​រយៈការអុជធូប សុំខមាលទោស នៅទីនោះ។ លោកបានឲ្យដឹងថា ៖«ការលើកឡើងនេះគឺការបំភ័ន្តភ្នែកសាធារណជន និងជាការមើលងាយចំពោះវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ជាពិសេស​អ្នក​ស្លាប់នៅក្នុងគុកទួលស្លែងតែម្តង។ ពួកយើងជាក្រុមជនរងគ្រោះ ទុករយៈពេលឲ្យ ១០ថ្ងៃ ដើម្បីអោយលោក កឹម សុខា ទៅសុំទោសនៅសារមន្ទីរទួលស្លែង»។

អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា បាននិយាយឲ្យដឹងថា វាជា​រឿងល្អ ដែលគណបក្សប្រឆាំង បានបង្ហាញឆន្ទៈ ចង់ឲ្យមានច្បាប់នេះឡើង។ លោកបានឲ្យដឹងទៀតថា ៖«ការផ្តួចផ្តើមឲ្យ​មានច្បាប់ថ្មីនេះ គឺដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ»៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...