បាល់ទាត់អង់គ្លេស៖ ម៉ែនញ៉ូ ជិតទិញបានខ្សែបម្រើអន្តរជាតិហូឡង់ហើយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមបីសាចក្រហមម៉ែនញ៉ូ (Man United) ជិតនឹងឈានដល់ការចុះកិច្ចសន្យាទិញយកកីឡាករ ឃេវីន ស្ត្រូដម៉ែន (Kevin Strootman) មកកាន់កីឡាដ្ឋានអូលត្រាហ្វដ (Old Trafford) ហើយ បន្ទាប់ពីក្រុមម្ចាស់ជើងឯកព្រីមែលីកមួយនេះ បានយល់ព្រមក្នុងតម្លៃជាង២៦លានដុល្លាជាមួយនឹងក្រុមភីអេសវី (PSV) សម្រាប់កីឡាករអន្តរជាតិហូឡង់វ័យក្មេងរូបនេះ។
កីឡាករ ឃេវីន ស្ត្រូដម៉ែន ជំនាញជាខ្សែបម្រើបាល់ទាត់នៅហូឡង់។
ខ្សែបម្រើវ័យ២៣ឆ្នាំ បានទាក់ទងនឹងការផ្ទេរមកកាន់ក្រុមម៉ែនញ៉ូ ជាយូរមកហើយ ខណៈដែលលោកហ្វឺកឺសិន (Ferguson) មានការពេញចិត្តកីឡាកររូបនេះយ៉ាងខ្លាំង ប៉ុន្តែគាត់ទិញពុំទាន់បាន។ ពេលនេះគ្រូបង្វឹកថ្មីដេវីដ ម៉យ (David Moyes) ក៏ចាប់អារម្មណ៏កីឡាកររូបនេះ ខ្លាំងដូចគ្នា និងចង់នាំយកកីឡាករឆ្នើមរូបនេះ មកចូលរួមជាមួយក្រុមនៅរដូវកាលថ្មីឲ្យបាន។
គ្រូបង្វឹកក្រុមភីអេសវី លោកឌីក អាដវ៉ូខេត (Dick Advocaat) បាននិយាយថា «សម្រាប់ក្រុមភីអេសវី ជារឿងដ៏ល្អ បើគាត់នៅបន្ត ប៉ុន្តែសម្រាប់ខ្លួនស្ត្រូដម៉ែនផ្ទាល់ ការចាកចេញ ជាការប្រសើរជាង។ គាត់ជាប្រធានក្រុមរង នៅក្នុងក្រុមជម្រើសជាតិហូឡង់ ហើយគាត់នឹងបោះជំហ៊ានដ៏ឆ្ងាយមួយទៀត នៅរដូវកាលក្រោយ។ កីឡាករវ័យក្មេងរូបនេះ អាចលេងបានគ្រប់ដំណែងទាំងអស់ ព្រោះគាត់មានសមត្ថភាពពិសេសរបស់គាត់។»
បន្ទាប់ពីបញ្ចប់រដូវកាលបានត្រឹមជើងឯករង ដោយចាញ់ក្រុមអាស្សាក់ (Ajax) នោះ ស្ត្រូដម៉ែន ហាក់ដូចជាមិនសប្បាយចិត្តទេ ហើយគាត់នឹងពេញចិត្តក្នុងការចាកចេញនៅរដូវក្តៅនេះ ខណៈដែលពេលនេះក្លឹបបានព្រមព្រាងគ្នា ជាមួយក្រុមម៉ែនញ៉ូទៀតនោះ កាន់តែធ្វើឲ្យគាត់សប្បាយចិត្តថែមទៀត ហើយគាត់ក៏ពេញចិត្តមកលេងឲ្យក្រុមម្ចាស់ជើងឯកព្រីមែលីកដែរ។
ស្ត្រូដម៉ែន ភាគច្រើនគាត់លេងក្នុងដំណែងជាខ្សែបម្រើការពារកណ្តាល និងជាអ្នកនាំលេងដ៏សំខាន់ក្នុងក្រុម ហើយនេះក៏ជាចំណុចដែលលោកដេវីដ ម៉យ កំពុងតែត្រូវការខ្លាំង នៅក្នុងក្រុមបីសាចក្រហមដូចគ្នា។
ខ្សែបម្រើដែលមានកម្លាំងខ្លាំងរូបនេះ បានរកគ្រាប់បាល់បញ្ចូលទីបានចំនួន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន១១លើក ក្នុងរដូវកាលនេះ។
បីសាចក្រហមម៉ែនញ៉ូ ត្រូវការកីឡាករខ្សែបម្រើរូបនេះ ព្រោះដើម្បីជំនួសដំណែងកីឡាករផូ ស្កូល (Paul Scholes) ដែលទើបតែប្រកាសចូលនិវត្តន៏កាលពីពេលថ្មីៗនេះ ខណៈដែលកីឡាករដារិន ហ្វឡិចឆឺ (Darren Fletcher) នៅតែមានជម្ងឺរ៉ាំរៃជាប់ខ្លួនផងនោះ។
ចំណែកខ្សែបម្រើមីឆែល ខារ៉ិក (Michael Carrick) ដែលបានលេងជម្រើសដំបូងបានច្រើនជាងគេ ក្នុងរដូវកាលនេះ ក៏មិនមែនជាជម្រើសដ៏វែងឆ្ងាយទៀតដែរ ខណៈដែលពេលនេះ គាត់មានវ័យ៣១ឆ្នាំហើយនោះ។
ស្ត្រូដម៉ែន ជាកីឡាករស្ថិតក្នុងក្រុមជម្រើសជាតិហូឡង់ ដែលមានលោកល្វីស វ៉ានហ្គាល (Louis Van Gaal) ជាអ្នកដឹកនាំ។ គាត់បានចូលលេងក្នុងក្រុមជម្រើសជាតិឈុតធំ បានចំនួន១៨លើកហើយ ហើយគាត់ក៏ជាកីឡាករសំខាន់មួយរូបរបស់ហូឡង់ ក្នុងយុទ្ធនាការបាល់ទាត់ពិភពលោកឆ្នាំ២០១៤ខាងមុខនេះដែរ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ