នរណាខ្លះទាញផលចំណេញ ពីរបាយការណ៍របស់សុរិយា ភ. ស៊ូប៊ែឌី?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួន បានប្រតិកម្មចំពោះការលើកឡើងរបស់លោក ឱម យ៉ិនទៀង ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា ដែលលោកបានធ្វើក្នុងសន្និសិទកាសែតថ្ងៃទី២២ខែឧសភា ហើយបានចោទរបាយការណ៍របស់លោក សុរិយា ភ. ស៊ូប៊ែឌី ថាជារបាយការណ៍ឯកតោភាគី និងដាក់បន្ទុកលើរដ្ឋាភិបាល។
លោកសុរិយា ភ. ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (រូបកណ្ដាល)។ (រូបថត UN)
នៅក្នុងសន្និសិតកាសែតថ្ងៃទី២២ខែឧសភានោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀត បានវាយតម្លៃថា សង្គមស៊ីវិល ឬបក្សប្រឆាំងបានឆ្លៀតកេងចំណេញ ផ្នែកផលប្រយោជន៍ និងនយោបាយ ពីរបាយការណ៍ឆ្នាំ២០១២កន្លងមក ដែលមន្ត្រីអ្នករាយការណ៍របស់អង្គការសហប្រជាជាតិ បានធ្វើការផ្សព្វផ្សាយនៅក្រោយពេលធ្វើទស្សនកិច្ចអង្កេតនៅកម្ពុជា ក្នុងពេលនោះ។
ឆ្លើយតបទៅនឹងការលើកឡើងនេះ នាយកអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅកាត់ថា និចហ្វិក (NICFEC) លោកហង្ស ពុទ្ធា ឲ្យដឹងថា លោកសុរិយា ភ. ស៊ូប៊ែឌី ធ្វើការតំណាងឲ្យអង្គការសហប្រជាជាតិ ដូច្នេះអ្វីជារបាយការណ៍របស់លោក ក៏ជាចំណែក ឬជាតំណាងមួយ ពាក់ពន្ធ័នឹងអង្គការសហប្រជាជាតិដែរ។ លោកបន្តថា «បើរដ្ឋាភិបាលមិនបានធ្វើអ្វីដូច លោក សុរិយា ភ. ស៊ូប៊ែឌី និយាយទេ នេះអាចចាត់ទុកថាជាការផ្ចាញ់ផ្ចាល។ តែផ្ទុយមកវិញ បញ្ហាមួយចំនួនដូចដែលលោក សុរិយា ភ. ស៊ូប៊ែឌី និយាយនោះ អាចជួយដល់ការអភិវឌ្ឍន៍កម្ពុជាទៅវិញទេ និងមានបំណងជួយឲ្យកម្ពុជាឆ្លុះបញ្ចាំងខ្លួនឯង មើលឃើញនូវអ្វីដែលជាចំណុច"សកម្ម និងអកម្ម"។» លោកអះអាងថា អ្វីៗទាំងអស់សុទ្ធតែជាអាវុធមុខពីរ។ របាយការណ៍នេះសមស្រប ឬមិនសមស្រប អាស្រ័យលើរដ្ឋាភិបាល។ ឯការកេងចំណេញ ឬមិនចំណេញនោះ វាបានប្រយោជន៍ទៅដល់ភាគីពាក់ពន្ធ័ទាំងអស់។
ចំពោះលោក សុខ សំអឿន នាយកប្រតិបត្តិនៃអង្គការមិនមែនរដ្ឋាភិបាលមួយហៅថា ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានលើកឡើងថា ជាធម្មតា របាយការណ័ស្តីពីសិទ្ធិមនុស្ស គេនិយាយពីចំណុចដែលខ្វះខាត និងតែងតែជាចំណុចអវិជ្ជមាន។ គ្មានប្រទេសណាមួយ អនុវត្តច្បាប់បានមួយរយភាគរយនោះទេ តែងតែមានចន្លោះប្រហោង កង្វះខាត និងចំណុចខ្សោយ ហើយជាធម្មតាទេដែលភាគីពាក់ពន្ធ័ ឆ្លៀតទាញយកផលចំណេញនោះ។ លោកបន្តរថា ការលើកឡើងនៃរបាយការណ៍ឆ្នាំ២០១២នេះ គេប្រាកដជាបាញ់ឆ្ពោះទៅរដ្ឋាភិបាលហើយ ព្រោះរដ្ឋាភិបាលជាអ្នកអនុវត្តផ្ទាល់ ជាអ្នកទទួលខុសត្រូវលើបញ្ហាទាំងនេះ និងក៏ជាអ្នកទទួលបន្ទុកក្នុងការដោះស្រាយដែរ។ លោកបានលើកជាឧទាហរណ៍ថា បើ«មានឃាតកម្មមួយ ហើយរកឃាតករមិនឃើញ តើជាតួនាទីរបស់អ្នកណា? មិនជារបស់រដ្ឋាភិបាល! (វា)មិនអាចជាតួនាទី (របស់)ជនរងគ្រោះ ឬអ្នកផ្សេងនោះបានទេ។»
ឯអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញឫទ្ធិ វិញ បានលើកឡើងថា នេះជាការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលទេ។ លោកបន្តថា អ្វីដែលសំខាន់នោះ នៅត្រង់ថា ចំណុចគោលទាំងបួនរួមមាន កំណែទម្រង់ប្រពន្ធ័តុលាការ កំណែទម្រង់សភា កំណែរទម្រង់ដីធ្លី និងកំណែរទម្រង់គ.ជ.ប បានអនុវត្តត្រឹមត្រូវទៅតាមច្បាប់ហើយឬនៅ និងថាតើ ប្រជាពលរដ្ឋអាចទទួលយកបានដែរឬទេ?
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរដ្ឋាភិបាល មិនបានបញ្ជាក់ពីអ្វីដែលទាក់ទងនឹងបញ្ហាខាងលើនោះទេ ដោយលោកបានចាត់ទុកថា អ្វីទាំងនោះ ជាការលើកឡើង របស់ក្រុមគាំទ្របក្សប្រឆាំង។ ផ្ទុយទៅវិញលោក ផៃ ស៊ីផាន បានរុញឲ្យអ្នកយកព័ត៌មានរបស់មនោរម្យព័ងអាំងហ្វូ ទៅ«អានរបាយការណ៍»នោះឲ្យចប់ជាមុនសិន មុននឹងមកនិយាយជាមួយលោក។
បន្ថែមពីលើនេះ កាលពីថ្ងៃសៅរ៍ទី២៥ ខែឧសភាកន្លងមក បន្ទាប់ពីបានបំពេញបេសកម្មពេញមួយសប្ដាហ៍ ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ភ. ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានសម្ដែងក្ដីកង្វល់សារជាថ្មី ពីការគោរពច្បាប់ និងការអនុវត្តដ៏ទៃទៀត ទាក់ទងនឹងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ថានៅមិនទាន់មានលក្ខណៈល្អប្រសើរនោះនៅឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏មន្ត្រីរបស់អង្គការសហប្រជាជាតិរូបនេះ បានកោតសសើររដ្ឋាភិបាល ពីការទទួលស្គាល់នូវចំណុចខ្វះខាត និងការខិតខំប្រឹងប្រែងរបស់ខ្លួនកន្លងមក។
អ្នកវិភាគតាមដានស្ថានការណ៍នយោបាយ និងសង្គមមួយចំនួន បានពន្យល់ថា ប្រទេសកម្ពុជានៅតែជាប្រទេសក្មេងខ្ចីមួយនៅឡើយ ផ្នែកសិទ្ធិមនុស្ស និងទៅលើប្រពន្ធ័ដឹកនាំគ្រប់គ្រង។ ពួកគេទាំងនោះ យល់ថារបាយការណ៍របស់លោក សុរិយា ភ. ស៊ូប៊ែឌី គ្មានបំណងណាផ្សេង ក្រៅតែដើម្បីស្វែងរកប្រយោជន៏ ឲ្យដល់សង្គមកម្ពុជាតែប៉ុណ្ណោះ និងជាចន្លុះបំភ្លឺប្រទេសកម្ពុជា ក្នុងជំហានឈានឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងនីតិរដ្ឋ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ