ផៃ ស៊ីផាន៖ ការ​ទទួល​ខុស​ត្រូវ​របស់​មន្រ្តី​កម្ពុជា ខុស​ពី​មន្រ្តី​កូរ៉េ​ខាង​ត្បូង

មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកផៃ ស៊ីផាន បានលើកឡើងថា ការដែលមានមន្រ្តីណាម្នាក់ សម្រេច​លា​លែង​ចេញពីមុខតំណែង មិនមែនជាការកំណត់ដោយច្បាប់នោះទេ តែវាជាការខ្វះការទទួលខុសត្រូវ ចំពោះកំហុស​របស់​មន្រ្តីនោះ ចំពោះមុខច្បាប់។ ហើយជំនួសឲ្យការលាលែង ចេញពីមុខតំណែងគ្រប់មន្រ្តីទាំងអស់ គម្បីត្រូវផ្តន្ទាទោស​ដោយច្បាប់ ក្នុងករណីមន្រ្តីណាម្នាក់មានកំហុស ក្នុងពេលបំពេញមុខតំណែងរបស់ខ្លួន។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ច្បាប់ - «អាការលាលែង មិនមែនជាអាត្រារបស់ច្បាប់ទេ។ អ្នកប្រព្រឹត្តខុស ត្រូវទទួលការផ្តន្ទាទោសដោយច្បាប់ មិនមែនលាលែងដើរចេញ ពីការទទួលខុសត្រូវនោះទេ។ ដូច្នេះអ្វីដែលរដ្ឋាភិបាល លោកកំពុងអនុវត្ត ហើយបន្ត​ការអនុវត្តគឺជាការពង្រឹងនីតិរដ្ឋ ឬច្បាប់ មិនមែនជាការជ្រើសរើសរបស់មនុស្សម្នាក់ដោយសេរី ដែលអត់យក​ច្បាប់​ជាធំ ហើយជ្រើសរើសយកការលាលែង។ យើងមិនធ្វើអញ្ចឹងទេ។» នេះជាការថ្លែងរបស់ លោកផៃ ស៊ីផាន មន្រ្តីអ្នក​នាំពាក្យរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤។

ការលើកឡើងរបស់លោកផៃ ស៊ីផាន គឺបានកើតឡើងបន្ទាប់ពី មានការប្រៀបធៀប រវាងការទទួលខុសត្រូវ​របស់​មន្រ្តីគ្រាក់ៗកម្ពុជា ទាក់ទងនឹងបញ្ហានានាក្នុងប្រទេសកម្ពុជា ទៅនឹងការទទួលខុសត្រូវ របស់នាយករដ្ឋមន្រ្តី​កូរ៉េ​ខាង​ត្បូង នៅចំពោះឧបទ្ទវហេតុលិចនាវាថ្មីៗនេះ នៅក្នុងប្រទេសនោះ ដែលបណ្តាលឲ្យពលរដ្ឋកូរ៉េខាងត្បូង ជាង​៣០០​នាក់ស្លាប់ ។ ក្រុមអ្នកធ្វើការប្រៀបធៀប បានយកករណីឧប្បទ្ទវហេតុ រត់ជាន់គ្នា នៅកោះពេជ្រ កាលពីឆ្នាំ២០១០ ដែល​បណ្តាលឲ្យពលរដ្ឋកម្ពុជា ស្លាប់មនុស្សជាង៣៥០នាក់ និងយ៉ាងហោចណាស់៣០០នាក់ ត្រូវរងរបួស តែផ្ទុយ​ទៅវិញ គ្មានមន្ត្រី ឬនាយករដ្ឋមន្ត្រីរូបណាមួួយ ចេញមកទទួលខុសត្រូវ សម្ដែងពីអសមត្ថភាពរបស់ខ្លួន ក្នុងការរៀបចំ​ចាត់ចែងគ្រប់គ្រងគ្រោះអាក្រក់នេះ កាលពីពេលនោះទេ។

ជាការរម្លឹកឡើងវិញនៅគ្រានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អតីត​អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា និងអតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ និង​មន្រ្តីពាក់ព័ន្ធផ្សេងទៀតមួយចំនួន សុទ្ធតែជាមន្ត្រីក្នុងភារកិច្ចដែលមានតួនាទី គ្រប់គ្រងចាត់ចែងដំណើរប្រព្រឹត្តទៅ​នៃពិធីបុណ្យអំុទូក អកអំបុក សំពះព្រះខែ។ ប៉ុន្តែបើយោងតាមការលើកឡើងរបស់មន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាល​លោក ផៃ ស៊ីផាន​ ខាងលើ គេមិនបានឃើញមានចំណាក់ការ ឬវិធានការផ្លូវច្បាប់ណាមួយ ត្រូវបានប្រកាសធ្វើ​ប្រឆាំងនឹងមន្ត្រីមាន​តួនាទីទាំងប៉ុន្មាននាក់នេះ បន្ទាប់ពីព្រឹត្តិការណ៍រត់ជាន់គ្នាមានមនុស្សស្លាប់និងរបួសនោះឡើយ។ តែយ៉ាងហោចណាស់ គេបានឃើញមានលោក ហ៊ុន សែន និងភរិយា ចេញមកយំ«ថត»ដាក់ទូរទស្សន៍ នាពេល​នោះ​ដែរ។

នៅប្រទេសកូរ៉េខាងត្បូង មិនមានច្បាប់ណាកំណត់ឲ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង ក្នុងពេលមាន​ឧប្បទ្ទវហេតុ​លិចនាវានោះទេ តែសម្រាប់នាយករដ្ឋមន្រ្តីកូរ៉េខាងត្បួងលោក ឆុង ហុងវ៉ុន (Chung Hong-Won) បានដាក់​លិខិត​ចុះ​ចេញពីតំណែងជាផ្លូវការរបស់លោក កាលពីថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៤ ជុំវិញការលិចនាវាដឹកអ្នកដំណើរ១គ្រឿង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤។ នាយករដ្ឋមន្ត្រីរូបនេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា «​​ខ្ញុំជានាយក​រដ្ឋមន្ត្រី ពិតជាបានទទួលយកការទទួលខុសត្រូវ និង​ការលាលែង​ពី​តំណែង»។

ទន្ទឹមនឹងការលាលែងរបស់នាយករដ្ឋមន្រ្តីរូបនេះ មានមន្រ្តីមួយចំនួនផ្សេងទៀត រាប់ចាប់ពីគ្រូបង្រៀន នាយកសាលា មេបញ្ជាការនាវា ខ្លះបានសម្លាប់ខ្លួន ដើម្បីសម្តែងការសោកស្តាយ និងខ្លះទៀតបានសម្ដែងការសុំទោស ដល់ក្រុម​គ្រួសារជនរងគ្រោះ ខ្លះទៀតត្រូវបានដកហូតមុខតំណែង និងខ្លះកំពុងប្រឈមការផ្តន្ទាទោស ចំពោះកំហុសឆ្គង ដែលបណ្តាល​ឲ្យ​នាវា​លិច។

លោកនាយករដ្ឋមន្រ្តីកូរ៉េខាងត្បួង បានបញ្ជាក់មុនការលាចេញពីតំណែងទៀតថា៖ «ខ្ញុំសូមអភ័យទោសចំពោះ ការ​មិនអាចការពារហតុការណ៍ និងមិនអាចឆ្លើយតបឲ្យបានត្រឹមត្រូវ បន្ទាប់ពីហេតុការណ៍កើតឡើង។ (...) សម្រែក​នៃ​គ្រួសារអ្នកបាត់ខ្លួន នៅតែធ្វើឲ្យខ្ញុំដេកមិនលក់នៅពេលយប់៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...