វិបត្តិនៅឧបទ្វីបកូរ៉េ៖ អ្នកណាចំណាយច្រើនជាង ក្នុងល្បែងដ៏គ្រោះថ្នាក់នេះ
ការគម្រាមកាន់តែខ្លាំងទៅៗ របស់កូរ៉េខាងជើង បានបង្ហាញធ្មុងមកជាបន្តបន្ទាប់ តែក៏ទទួលបាននូវចម្លើយឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់ពីសំណាក់សហរដ្ឋអាមេរិកនោះដែរ។ ម្ខាងៗ បានតម្លើងកម្លាំងសព្វាវុធតែរៀងៗខ្លួន ធ្វើអោយឧបទ្វីបកូរ៉េ កំពុងក្លាយជាល្បែងដ៏គ្រោះថ្នាក់មួយ។ «ល្បែង» ដែលអ្នកចូលរួមលេង អាចនឹងមានការចំណាយខុសៗគ្នា។
ជនជាតិកូរ៉េខាងត្បូង កំពុងសម្លឹងមើលក្បួនកងទ័ពរបស់ កូរ៉េខាងជើង។
ការបង្ហាញជាសាធារណៈ នៃការហោះសាកល្បង របស់យន្ដហោះផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B-2 និងយន្ដហោះប្រដេញផ្សេង នៅក្នុងលំហមេឃរបស់ប្រទេសកូរ៉េខាត្បូង ទីក្រុងវ៉ាស៊ីនតោន ទំនងដូចជាចង់ពន្យុះបន្ថែមដាក់ប្រទេសកុម្មុយនីស ដែលកំពុងតែប្រើពាក្យសម្ដីទាំងក្ដៅក្រហាយស្រាប់។
លោកផូល ខារ៉ូល (Paul Carroll) មកពីមជ្ឈមណ្ឌលសិក្សានិងស្រាវជ្រាវ ផ្លូងស៊ែរ ហ្វាន់ (Ploughshares Fund) របស់អាមេរិក បានថ្លែងថា «មានចម្លើយទំនងដូចជា៖ យើងបង្ហាញអោយឃើញថា ពួកយើងកំពុងត្រៀមខ្លួនប្រយុទ្ធ»។
នៅថ្ងៃសៅរ៍ទី៣០ខែមិនា ទីក្រុងព្យុងយ៉ាង បានប្រកាសដាក់ប្រទេសក្នុង«ស្ថានភាពសង្គ្រាម» ទល់នឹងកូរ៉េខាងត្បូង។ ប្រទេសបងប្អូនសត្រូវទាំងពីរនេះ មិនដែលមើលមុខគ្នាចំទេ ដោយហេតុថាសង្គ្រាមកូរ៉េរវាងឆ្នាំ១៩៥០-៥៣ បានបញ្ចប់ទៅដោយ «ការឈប់បាញ់» តែមិនមែនដោយសារ «កិច្ចព្រមព្រៀង»បញ្ចប់សង្គ្រាមនោះទេ។ បន្ទាប់ពីពេលនោះមក រហូតមកដល់សព្វថ្ងៃនេះ ស្ថានភាពសន្តិភាពនៅឧបទ្វីបកូរ៉េ តែងតែរង្គោះរង្គើរជាញ៉យដង និងនៅក្នុងទម្រង់តែមួយ៖ ការគម្រាមខ្លាំងទៅៗ របស់កូរ៉េខាងជើង ហើយបន្តិចម្ដងៗ ត្រឡប់មកធម្មតាវិញ។
អាចជាការគម្រាមដូចមុន តែខុសដំណើរដើមទង
ស្ថាបនិកនៃរបបកុម្មុយនីស គីម អ៊ីល-ស៊ុង (Kim Il-Sung) និងកូនរបស់គាត់ គីម ជុង-អ៊ីល (Kim Jong-Il) ធ្លាប់លេងល្បែង ដែលបង្កអោយមានគ្រោះថ្នាក់ខាងវិស័យការទូតនេះ ជាច្រើនដងរួចមកហើយ ដូចជាបានបំផ្ទុះយន្ដហោះ ដឹកអ្នកដំណើររបស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ១៩៨៧ ឬក៏បាញ់ផ្លោងគ្រាប់ ដាក់កោះរបស់ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១០នោះជាដើម។
ខណៈដែលកូរ៉េខាងជើង បានសម្ដែងប្រតិកម្មក្ដៅក្រហាយ នៅបន្ទាប់ពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងការសម្ដែងរិទ្ធប្រចាំឆ្នាំរបស់អាមេរិក-កូរ៉េខាងត្បូងនោះ ដំណើរដើមទងនៃជម្លោះបច្ចុប្បន្ន និងអ្នកចូលរួមក្នុងវិបត្តិ មានភាពខុសប្លែកពីពេលមុនៗ។ ក្នុងអំឡុងពេលតែបួនខែចុងក្រោយនេះប៉ុណ្ណោះ ទីក្រុងព្យុងយ៉ាងបានធ្វើសម្រេច នូវការសាកល្បងបាញ់កាំជ្រួច ផ្ទុកផ្កាយរណបទៅក្នុងលំហអវកាស។ តែសម្រាប់អាមេរិក និងសម្ព័ន្ធមិត្ត វាជាការសាកល្បងកាំជ្រួច ដែលមានភ្ជាប់ក្បាលអាវុធនុយក្លេអ៊ែរទៅជាមួយ។
ដូច្នេះទាំងសងខាង សុទ្ធតែបានគិតឃើញដូចគ្នា ថាគ្រោះថ្នាក់នឹងអាចកើតមានខ្លាំង សម្រាប់ប្រទេសផងខ្លួន ប្រសិនណាជាខ្លួននៅស្ងៀម មិនហ៊ានធ្វើអ្វីនោះ។ លោកផូល ខែរ៉ូលបានបញ្ជាក់ថា «សង្គ្រាមពាក្យសម្ដី ជារឿងមួយ។ តែរឿងបាញ់កាំជ្រួច និងការសាកល្បងនុយក្លេអ៊ែរ ជារឿងមួយទៀត»។
មេដឹកនាំវ័យក្មេង និងគ្មានបទពិសោធន៍
សូមបញ្ចាក់ថា មេដឹកនាំរបស់ប្រទេសកូរ៉េទាំងពីរ ទើបនឹងឡើងមកកាន់អំណាចដូចគ្នា ដូច្នេះបទពិសោធន៍ក្នុងការដឹកនាំប្រទេស ពេលមានវិបត្តិ អាចនិយាយថា មិនមានដូចគ្នា។ តែសម្រាប់លោក ប៊្រូស គ្លីនន័រ (Bruce Klingner) មកពីមូលនិធីកេរដំណែល នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា គ្រោះថ្នាក់ដែលមកពីការ«គណនាខុស» មានកម្រិតខ្លាំងជាង នៅខាងអគ្គមគ្គុទេសវ័យក្មេង គីម ជុង អ៊ុន (Kim Jong-Un) ដែលមានអាយុមិនទាំងដល់៣០ឆ្នាំស្រួលបួលផងនេះ។
លោក គ្លីនន័របានបន្ថែមថា គីមជុងអ៊ុន មិនគ្រាន់តែសប្បាយចិត្តនឹងជោគជ័យ ក្នុងការបាញ់សាកល្បងកាំជ្រួចប៉ុណ្ណោះទេ តែមេដឹកនាំវ័យក្មេងរូបនេះ ក៏មិនដែលឃើញ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន សម្ដែងប្រតិកម្មតបតរ យ៉ាងម៉ឺងម៉ាត់ណាមួយ ប្រឆាំងនឹងការវាយប្រហារមុនៗ របស់ទីក្រុងព្យុងយ៉ាងនោះដែរ។
តែលើកនេះ ទីក្រុងសេអ៊ូល បានអះអាងថា ខ្លួននឹងវាយតបវិញ។ យន្ដហោះចម្បាំងរបស់អាមេរិក នៅក្នុងលំហមេឃ បង្ហាញថា ប្រទេសកូរ៉េខាងត្បូង អាចជឿជាក់បានលើ ការគាំទ្ររបស់សម្ព័ន្ធមិត្តរបស់ខ្លួន។ ហើយបើទីក្រុងព្យុងយ៉ាង ចង់លេងល្បែងនៅលើកនេះមែននោះ មេដឹកនាំវ័យក្មេង លោកគីម ជុង អ៊ុន ប្រាកដជាត្រូវចំណាយដើមទុន ច្រើនជាងអ្នកលេងផ្សេងទៀត ដើម្បីទប់នឹងការវាយត្រឡប់វិញខាងយោធាផង និងអាចពីខាងកម្លាំងផ្ទៃក្នុងផង។ ចំណែកវិស័យការទូតសោត គេពិបាកនឹងពន្យល់ណាស់ថា តើប្រទេសកូរ៉េខាងជើងនៅមានទីពំនាក់អ្វីទៀត បើសូម្បីតែចិន និងរ៉ូស្សី ក៏ទំនងជា«មិនចង់»យកខ្លួន ទៅកៀកនឹងប្រទេសកុម្មុយនីសទៀតដែរនោះ៕
--------------------------------------------------------
ដោយ កេសរកូល - ភ្នំពេញ ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ