ត្រាំ បញ្ជាក់​ថា​នឹង​មាន​ជំនួប​ជាមួយ គីម នៅ​ថ្ងៃ​១២មិថុនា

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានអះអាងកាលពីម្សិលម៉ិញថា ជំនួបកំពូល​រវាងរូបលោក និងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-Un) នឹងប្រព្រឹត្តិទៅដូចការគ្រោងទុក នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ ក្នុងប្រទេស​សិង្ហបូរី។
ត្រាំ បញ្ជាក់​ថា​នឹង​មាន​ជំនួប​ជាមួយ គីម នៅ​ថ្ងៃ​១២មិថុនា
ពីឆ្វេងទៅស្ដាំ៖ លោក គីម ជុង-អ៊ុន អគ្គមគុទេសន៍នៃរបបកុម្មុយនីស្ដិ៍ កូរ៉េខាងជើង និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាំមេរិក។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 02, 2018
  • ប្រធានបទ: ឧបទ្វីបកូរ៉េ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីទទួលជួប ជាមួយដៃស្ដាំលោក គីម ជុង-អ៊ុន (Kim Jong-Un) គឺលោកឧត្ដមសេនីយ៍ គីម យ៉ុង-ចុល (Kim Yong Chol) នៅសេតវិមានរួច លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បានថ្លែងអះអាង ទៅកាន់ក្រុមអ្នកយកព័ត៌មានថា ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ មានបំណងក្នុងការរំសាយ​អាវុធនុយក្លេអ៊ែរ ហើយលោកបានទស្សន៍ទាយទុកថា កិច្ចសន្ទនាជាមួយក្រុង ព្យុងយ៉ាង នឹងជា​«ដំណើរការ ដែលពោរពេញដោយភាពជោគជ័យ»។

ប្រធានាធិបតី ដែលអះអាងថា បានទទួលលិខិតរបស់លោក គីម ជុង-អ៊ុន តាមរយៈលោក គីម យ៉ុង-ចុល នោះ បានថ្លែងសន្យាទៀតថា នៅក្នុងជំនួបខាងមុខនេះ សហរដ្ឋអាមេរិក នឹងមិនដាក់កំហិត ជាថ្មីទៀត ទៅលើកូរ៉េខាងជើងនោះទេ។

លោក ត្រាំ បានថ្លែងឡើងដូច្នេះ នៅលើសួនច្បារនៃសេតវិមាន បន្ទាប់ពីបានជូនលោក គីម យ៉ុង-ចុល ឲ្យឡើងរថយន្ដរួច។ លោកថា៖ «ខ្ញុំឈប់ចង់ប្រើពាក្យ "គំនាបជាអតិបរិមា"។ ខ្ញុំឈប់ចង់ប្រើពាក្យនេះទៀត។ យើងបានយល់ពីគ្នា។ អ្នកឃើញហើយ ពីទំនាក់ទំនងរបស់យើង។»។

ប្រធានាធិបតីអាមេរិក បានទទួលជជែក ជាមួយឧត្ដមសេនីយ៍កូរ៉េខាងជើង នៅក្នុងការិយាល័យប្រធានាធិបតី (បន្ទប់ពងក្រពើ) នៃសេតវិមាន អស់រយៈពេលប្រមាណ ជា១ម៉ោង និង២០នាទី។ ជំនួបនេះ ជាព្រឹត្តិការណ៍ថ្មីមួយទៀត ក្នុងការស្វះស្វែងរកភាពធូរស្រាល រវាងប្រទេសទាំងពីរ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសជាឯកតោភាគី លប់ចោលជំនួបកំពូល កាលពីជាងមួយសប្ដាហ៍មុន។

លោក ត្រាំ បានបន្តថ្លែងថា៖ «ខ្ញុំមិនដែលនិយាយ ថាវានឹងដោះស្រាយរួចអស់ នៅក្នុងកិច្ចប្រជុំតែម្ដងនោះទេ។ យើងបានជជែក ពីជម្លោះ និងបញ្ហា ដែលមានរយៈពេល​រាប់សិបឆ្នាំ កន្លងមក។»

ប្រធានាធិបតីអាមេរិក បានថ្លែងទុកជាមុនទៀតថា៖ «នៅទីបញ្ចប់ វានឹងមានដំណោះស្រាយ ដ៏វិជ្ជមានមួយ»។

ទាក់ទងនឹងការរំសាយអាវុធនុយក្លេអ៊ែរ នៃរបបដឹកនាំកូរ៉េកុម្មុយនីស្ដិ៍វិញ លោក ដូណាល់ ត្រាំ បានអះអាងថា៖ «ខ្ញុំដឹងថា ក្រុមមេដឹកនាំកូរ៉េ ចង់ធ្វើ (ការរំសាយអាវុធនុយក្លេអ៊ែរ) វាណាស់។ ពួកគេចង់បានអ្វីផ្សេង នៅទន្ទឹមគ្នា។ ពួកគេចង់អភិវឌ្ឍន៍ខ្លួន ជាប្រទេសមួយ។ រឿងនេះ ពិតជាធ្វើទៅបាន ខ្ញុំមិនមានការ​សង្ស័យទេ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...