កូរ៉េខាងត្បូង៖ ប៉ាក ជុន-ហេ ប្រធានាធិបតីស្ត្រីថ្មី នៅចន្លោះញញួរ និងក្បាលដែកគោល
បេក្ខនារីមកពីគណបក្សអភិរក្សនិយម បានក្លាយជាស្ត្រីទីមួយ ដែលត្រូវដឹកនាំប្រទេស។ ជាប្រវត្តិសាស្ត្រដំបូងមួយ ដែល ប្រទេសកូរ៉េខាងត្បួង មានស្ត្រីជាប្រធានាធិបតី បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោត ត្រូវបានគេដឹង កាលពីថ្ងៃពុធទី១៩ធ្នូ ម្សិលម៉ិញ។ លោកស្រីបានសន្យា ថានឹងបើកសម័យកាលថ្មី នៅឧបទ្វីបកូរ៉េ ជាមួយប្រព័ន្ធនយោបាយយោគយល់មួយ ទល់នឹងទីក្រុងព្យុងយ៉ាង តែវានឹងអាចប្រទាំងប្រទើស ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន នៅក្រោយពេលដែលប្រទេសកូរ៉េខាងជើង បានបាញ់កាំជ្រួចសាកល្បងកាលពីសប្ដាហ៍មុន។
លោកស្រី ប៉ាក ជុន-ហេ ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃកូរ៉េខាងត្បូង។ រូបថត AP/ Lee Jin-man។
ជ័យជំនះរបស់លោកស្រី ប៉ាក ជុន-ហេ (Park Geun-hye) ត្រូវបានទទួលស្គាល់ជាសាធារណ ដោយគូរប្រជែងរបស់លោកស្រី មកពីគណបក្សឆ្វេងកណ្ដាលនិយម លោក ម៊ូន ចា-អ៊ីន (Moon Jae-In)។ ហើយនៅក្រោយតែមួយថ្ងៃប៉ុណ្ណោះពីជ័យជំនះនេះ លោកស្រី បានថ្លែងប្រកាសថា «ការបាញ់កាំជ្រួចចម្ងាយឆ្ងាយ របស់ប្រទេសកូរ៉េខាងជើង បង្ហាញពីភាពធ្ងន់ធ្ងរនៃស្ថានការសន្តិសុខ ដែលយើងកំពុងជួប្រទះ»។ នៅពីមុខផ្នូរសព អតីតជនផ្ដាច់ការរបស់ ប្រទេសកូរ៉េខាងត្បូង ពីឆ្នាំ១៩៦៨ មកទល់ឆ្នាំ១៩៧៩ លោកប៉ាក ឆុង-ហ៊ី (Park Chung-Hee) ដែលជាឪពុករបស់លោកស្រីនោះ ប្រធានាធិបតីស្ត្រីថ្មីរូបនេះ បានបញ្ជាក់ថា ខ្ញុំនឹងប្រកាន់ខ្ជាប់នូវកិច្ចសន្យារបស់ខ្ញុំ ដែលថានឹងបើក សម័យកាលថ្មីមួយ នៅឧបទ្វីបកូរ៉េ ដោយដាក់មូលដ្ឋានគ្រឹះលើសន្តិសុខរឹងមាំ និងវិស័យការទូតនៃការទុកចិត្តមួយ។
នៅក្នុងពេលឃោសនាបោះឆ្នោត លោកស្រីប៉ាក បានងាកចេញពី ប្រព័ន្ធនយោបាយតឹងរឹង ចំពោះប្រទេសកូរ៉េខាងជើង របស់គណបក្សលោកស្រី និងរបស់លោកប្រធានាធិបតីផុតតំណែង លោក លី មីយុង-បាក់ (Lee Myung-Bak) ដែលបានផ្អាកជំនួយមនុស្សធម៌ ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីជាការឆ្លើយតបនឹង ការវាយប្រហាររបស់កូរ៉េខាងជើង ទៅលើកោះមួយនៃកូរ៉េខាងត្បូង កាលពីឆ្នាំ២០១០។ លោកស្រី ថែមទាំងធ្លាប់បានស្នើសុំ អោយមានការជួបទល់មុខគ្នា ជាមួយនឹងមេដឹកនាំវ័យក្មេង គីម ជុង-អ៊ុន (Kim Jong-Un) របស់កូរ៉េខាងជើង ដែលទើបនឹងឡើងកាន់តំណែង បានមួយឆ្នាំ បន្ទាប់ពីមរណភាពរបស់ឪពុក ឈ្មោះ គឹម ជុង-អ៊ីល (Kim Jong-Il) នៅឆ្នាំ២០១១នោះមក។ លោកស្រីធ្លាប់ជួបមេដឹកនាំវ័យក្មេងនេះ កាលពីឆ្នាំ២០០២ ខណៈលោកស្រីត្រូវបានអញ្ជើញ ដោយលោក គឹម ជុង-អ៊ីលជាឪពុក។
អ្នកជំនាញគិតថា ក្នុងអំឡុងពេលនេះ លោកស្រីត្រូវតែងាកបញ្ឆិតទៅរក គោលនយោបាយ នៃគណបក្សលោកស្រី និងងាកតាមបំណង របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង នៅក្រោយពីការបាញ់កាំជ្រួចរបស់ប្រទេសនេះ នៅថ្ងៃទី១២ធ្នូកន្លងទៅ។ ព្រឹត្តិការណ៍នេះ បាននាំអោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ធ្វើការចោទប្រកាន់ប្រទេសកុម្មុយនីស ថាបានបាញ់សាកល្បងកាំជ្រួចបាលីស្ទីក រំលោភលើដំណោះស្រាយ របស់អង្គការសហរប្រជាជាតិ ដែលបានដាក់កំហិត នៅក្រោយពេលដែលប្រទេសនេះ បានសាកល្បងអាវុធនុយក្លេអ៊ែរ នៅឆ្នាំ២០០៦ និងឆ្នាំ២០០៩នោះ។ ដំណោះស្រាយនោះ បានហាមមិនអោយទីក្រុងព្យុងយ៉ាង អភិវឌ្ឍន៍គម្រោងកម្មវិធីបាលីស្ទីក ជាបន្តទៅទៀត។
អ្នកស្រាវជ្រាវជនជាតិកូរ៉េម្នាក់ បានបង្ហាញជំនឿថា ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកស្រីប៉ាក នៅតែប្រកាន់ជំហរមិនទុកចិត្ត ពាក់ព័ន្ធប្រទេសកូរ៉េខាងជើង។ «គេពិបាកនឹងជឿណាស់ថា លោកស្រីនឹងក្លាយជាមនុស្សទីមួយ ដែលអាចប្ដូរសភាពការណ៍អោយល្អ នៅក្នុងទំនាក់ទំនងជាមួយកូរ៉េខាងជើង បើប្រៀបនឹងជំហរនយោបាយគ្រឹះរបស់លោកស្រី ចំពោះប្រទេសនេះ និងភាពតានតឺង ដែលកើតពីការបាញ់កាំជ្រួចថ្មីៗនេះ»។ អ្នកស្រាវជ្រាវនោះ នៅតែជឿថា «លោកស្រីនឹងមិនប្រឆាំង នឹងគោលបំណងនៃរដ្ឋការ របស់លោកប្រធានាធិបតីអាមេរិក អូបាម៉ា ក្នុងការចាប់ផ្ដើមការជជែកពីភាក្សាឡើងវិញ នៅពេលដែលបញ្ហាបាញ់កាំជ្រួច បានផុតរលត់ក្នុងពេលខាងមុខ»។
លោកស្រី ប៉ាក ជុន-ហេ មានគម្រោងនឹងជួបជាមួយ ឯកអគ្គរដ្ឋទូតអាមេរិក និងចិន ប្រចាំនៅទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បត្តិ៍នេះ។ អាមេរិក និងចិន ដែលតែងតែមិនស្របគ្នា នៅចំពោះក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ជុំវិញសំនុំរឿងរបស់ទីក្រុងព្យុងយ៉ាង ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរបស់ចិន។
បើនិយាយអោយមែនទែន ការជាប់ឆ្នោតជាប្រធានាធិបតី របស់លោកស្រី ប៉ាក ជុន-ហេ បានបន្ធូរទ្រូងសហរដ្ឋអាមេរិកមិនតិចទេ ដោយហេតុថា បេក្ខជនប្រជែងរបស់លោកស្រី មកពីគណបក្សឆ្វេងកណ្ដាលនិយម លោកម៊ូន ចា-អ៊ីន មានជំហរសម្របសម្រួលច្រើនជាងលោកស្រី។
ការឡើងមកកាន់តំណែងរបស់លោកស្រី ជាប្រធានាធិបតីនេះ ប្រទេសកូរ៉េខាងជើងមិនបានសម្ដែងប្រតិកម្មអ្វីឡើយ។ អ្នកជំនាញម្នាក់ទៀត បាននិយាយថា «ទីក្រុងព្យុងយ៉ាង មិនចូលចិត្តលោកស្រីទេ។ (...) គេត្រូវការពេលវេលាបន្តិច ដើម្បីបើកអោយមានកិច្ចសន្ទនា រវាងលោកស្រី និងក្រុមមេដឹកនាំកុម្មុយនីស។ ប្រទេសកូរ៉េទាំងពីរ នឹងបន្តកណ្ដាប់ដៃដែកដាក់គ្នាម្ដងទៀត ដើម្បីធានអោយមាន ជំហររឹងមាំក្នុងការចរចារណាមួយ នៅក្នុងពេលអនាគត៕»
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ