កម្ពុជា៖ សេពសន្ធវះលើកុមារ ជាប់ទោស២ឆ្នាំ ក្នុងនោះព្យួរមួយឆ្នាំ
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: December 20, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃព្រហស្បត្តិ៍ទី២០ធ្នូនេះ ជនជាតិអង់គ្លេសម្នាក់ អាយុ៧១ឆ្នាំ ត្រូវបានកាត់អោយជាប់ទោស ចំនួន២ឆ្នាំ ក្នុងនោះមួយឆ្នាំត្រូវបានព្យួរ ពីបទរំលោភសេពសន្ធវះ ជាមួយកុមារាកម្ពុជា។ ក្រុមសកម្មជន របស់សង្គមស៊ីវីល ដែលបានតាមដានសំនុំរឿងនេះ បានបរិហាពីទម្ងន់ទោស ដែលមានកម្រិតស្រាលជាទីបំផុត និងគ្មានយុត្តិធម៌។
រូបផ្សាយ បង្ហាញពីការអនុវត្តច្បាប់ នៅកម្ពុជា ជុំវិញបទល្មើសសេពកាមជាមួយកុមារ។
ជនសង្ស័យឈ្មោះ រ៉ឺជីណាល ប្លាកីឡី (Reginald Blakeley) ដែលមកកម្ពុជាក្នុងថានះជាគ្រូបង្រៀនភាសាអង់គ្លេស អោយស្ថាប័នក្នុងស្រុកមួយនោះ ត្រូវបានអាជ្ញាធរចាប់ឃាត់ខ្លួន ពីអំឡុងខែមករាកន្លងទៅនេះ នៅផ្នែកខាងជើងនៃទីក្រុងសៀមរាប។ បុរសចំណាស់៧១ឆ្នាំរូបនេះ ត្រូវបានរកឃើញថាមានទោស ពីបទអាណាចារ ប្រព្រឹត្តិទៅលើកុមារខ្មែរប្រាំនាក់ អាយុរវាងពី៧ទៅដល់១៤ឆ្នាំ។
ចៅក្រមហុក ពៅ បាននិយាយប្រាប់ភ្នាក់ងារសាពត៌មានបារាំង អាអេហ្វប៉េ (AFP) នៅក្រោយសាវនាការថា «ជនជាប់ចោទ ត្រូវជាប់ទោសក្នុងពន្ធនាគារពីរឆ្នាំ តែសាលក្រមបានបង្គាប់ អោយមានការព្យួរទោសមួយឆ្នាំ»។ តុលាការក៏បានបង្គាប់ អោយធ្វើការផាកពិន័យ ពីជនជាប់ចោទ នូវទឹកប្រាក់ចំនួន ៥០០ដុល្លា និងសងជម្ងឺចិត្ត១៥០ដុល្លាម្នាក់ អោយទៅជនរងគ្រោះបីនាក់ ខណៈជនរងគ្រោះពីរនាក់ទៀត មិនបានទាមទារអ្វីទេ។
នាយកអង្គការសកម្មភាពដើម្បីកុមារ (APLE) លោក សំលៀង សីលា បានវាយតម្លៃពីទម្ងន់ទោស ដែលមានកម្រិតស្រាលជាទីបំផុតនេះ ហើយលោកបារម្ភថា សាលក្រមរបស់តុលាការនេះ នឹងមិនបានជួយបញ្ឈប់បទល្មើស សេពសន្ធវះលើកុមារមិនទាន់គ្រប់អាយុ នៅកម្ពុជាទេ។
ឋានសួគ៌លោកិយ៍ នៃឧក្រិដ្ឋជនល្មោភកាម
បុរស រ៉ឺជីណាល ប្លាកីឡី ដើមកំណើតអង់គ្លេសនេះ ធ្លាប់ត្រូវអាជ្ញាធរចាប់ខ្លួន នៅពេលគាត់ត្រឡប់មកអង់គ្លេសវិញ នៅឆ្នាំ២០១០ តែត្រូវបានដោះលែងវិញ ដោយខ្វះភស្តុតាង។
នៅឆ្នាំ២០០៣ ប្រទេសកម្ពុជាបានចាប់ផ្ដើមយុទ្ធនាការ កែលម្អរូបភាពរបស់ខ្លួន ដែលត្រូវបានរិះគន់ជារឿយៗថា ជាជម្រក និងបានផ្ដល់ជម្រក សម្រាប់ក្រុមឧក្រិដ្ឋជនសេពសន្ធវះ លើកុមារកម្ពុជាមិនគ្រប់អាយុ។ ចាប់ពីពេលនោះមក ជនបរទេសប្រមាណជាង១០នាក់ ត្រូវបានចាប់ដាក់ទោស ក្នុងនោះមួយចំនួន ត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារ ពីបទសេពសន្ធវះលើកុមារមិនទាន់គ្រប់អាយុ និងមួយចំនួនទៀត ត្រូវបានចាប់បញ្ជូនចេញក្រៅកម្ពុជា ដើម្បីទៅទទួលទោសនៅប្រទេសដើមរបស់ខ្លួន។
ទាក់ទងនឹងទម្ងន់ទោស ដែលតុលាការក្នុងប្រទេសបារាំង កាត់សេចក្ដីទៅលើឧក្រិដ្ឋជនល្មោភកាមទាំងនោះ ជនល្មើសនឹងត្រូវទទួលទោស មានកម្រិតពី៥ទៅ១៥ឆ្នាំ តាមបទប្រព្រឹត្តិខ្លាំងឬល្មម ហើយត្រូវបង់ប្រាក់ពិន័យ ពី៧៥ ០០០អ៊ឺរ៉ូ ដល់១៥០ ០០០អ៊ឺរ៉ូ (ប្រមាណជា ១២១ ៦០០ដុល្លា ដល់ ២៤៣ ២០០ដុល្លា។ ក្នុងករណីមានការរំលោភចាប់បង្ខំ លើអនិតិជនក្រោមអាយុកំណត់ដោយច្បាប់ ជនល្មើសនឹងជាប់ទោស ក្នុងពន្ធនាគារ ពី«២០ឆ្នាំដល់ ៣០ឆ្នាំ»។
ទម្ងន់ទោសនេះ អាចជាមូលហេតុមួយ ដែលធ្វើអោយជននិយមប្រព្រឹត្តិកាមជាមួយកុមារទាំងនោះ «ខ្លាចរអា» មិនហ៊ានប្រព្រឹត្តិក្នុងប្រទេសដើមរបស់ខ្លួន តែបានធ្វើដំណើរទៅកាន់ប្រទេសផ្សេងទៀត ដែលមានប្រព័ន្ធយុត្តិធម៌មិនរឹងមាំ ឬពុករលួយ ដើម្បីបំពេញ«ចំណង់»របស់ខ្លួន ដោយគ្រាន់តែចំណាយប្រាក់បន្ដិចបន្តួចប៉ុណ្ណោះ។ ក្នុងករណីខាងលើ តុលាការបានកាត់ទោស អោយជាប់ទោសមួយឆ្នាំ និងបង់ប្រាក់ផាកពិន័យទាំងអស់ ៩៥០ដុល្លា (ត្រូវជា៦៩០អ៊ឺរ៉ូ ឬ៥៨៥លីវប្រាក់អង់គ្លេស) វាប្រៀបបាននឹង«ឋានសួគ៌»មួយ ដែលឧក្រិដ្ឋជនត្រូវបានជាប់ពិន័យ បើប្រៀបនឹងទម្ងន់ទោសកម្រិតដោយ ក្រុមប្រទេសបស្ចឹមលោក៕
- សូមអានអត្ថបទមុនរបស់មនោរម្យព័ងអាំងហ្វូ ដែលនិយាយពីឋានសួគ៌លោកិយ៍ នៃក្រុមឧក្រិដ្ឋជន (ចុចលើទីនេះ)។
-------------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ