ភេរវកម្មនៅប៊ែរឡាំង៖ ISIS ទម្លាយវីដេអូស្បថ របស់ជនសង្ស័យ
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២៣ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 23, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីភ្នាក់ងារ «Amaq» ដែលជាឧបករណ៍ឃោសនា របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI អង់គ្លេសហៅ ISIS) បានបង្ហោះនៅល្ងាចថ្ងៃសុក្រនេះ បង្ហាញពីជនសង្ស័យជាតិទួនេស៊ី អាយុ២៤ឆ្នាំ ដែលទើបនឹងត្រូវនគរបាលអ៊ីតាលី បាញ់សម្លាប់កាលពីព្រឹកព្រហាម ថ្ងៃដដែលនេះ។
ក្នុងវីដេអូនោះ (ដាក់ជូនខាងក្រោម) ជនសង្ស័យឈ្មោះ អានីស អាមរី (Anis Amri) បានធ្វើការស្បថស្បែ បម្រើប្រមុខដឹកនាំអង្គការភេរវនិយម ឈ្មោះ អាប៊ូ បាក្រ៍ អាល់បាដាឌី (Abou Bakr al-Baghdadi) យ៉ាងស្មោះស្ម័គ្រ និងដោយឥតងាករេ។ ជនសង្ស័យ ដែលពាក់អាវរងារ ឈរថតវីដេអូនេះ នៅលើស្ពានមួយ បានថ្លែងឡើងថា ខ្លួនមានបំណងចង់សងសឹក ឲ្យបណ្ដាជនម៉ូស្លីមទាំងឡាយ ដែលបានរងគ្រោះ ព្រោះការវាយប្រហារ តាមផ្លូវអាកាស ពីសំណាក់ក្រុមសម្ព័ន្ធមិត្ត «ឈើឆ្កាង (និមិត្តសញ្ញារបស់សាសនាគ្រឹស្ទ៍)»។
ថ្ងៃខែពេលវេលា និងទីកន្លែង ដែលជននេះ បានថតវីដេអូនេះ មិនត្រូវបានបញ្ជាក់ទេ។
កាលពីព្រឹកថ្ងៃសុក្រ ប៉ុន្មានម៉ោងក្រោយការបាញ់សម្លាប់ជនសង្ស័យ ពីសំណាក់នគរបាលអ៊ីតាលី នៅក្រុងមីឡង់ (Milan - ភាគខាងជើងអ៊ីតាលី) ក្រុមរដ្ឋអ៊ីស្លាមក៏បានចេញសេក្ដីប្រកាសព័ត៌មានមួយដែរ បញ្ជាក់ថាជនដែលត្រូវបាញ់ស្លាប់នោះ ពិតជាអ្នកកាន់ចង្កូតរថយន្ដ បើកបុកចូលហ្វូងមនុស្ស នៃផ្សារាត្រីសម្រាប់បុណ្យណូអែលមួយ នៅភាគខាងលិចរដ្ឋធានីប៊ែរឡាំង កាលពីយប់ថ្ងៃចន្ទ ដែលបានធ្វើឲ្យមនុស្ស១២នាក់ស្លាប់ និង៥០នាក់រងរបួស។
» វីដេអូរបស់ក្រុមរដ្ឋអ៊ីស្លាម បង្ហាញពីការស្បថស្បែ របស់ជនសង្ស័យ៖
Vidéo d'allégeance du #terroriste #AnisAmri a daesh. Il dit avoir vengé le sang des musulmans tués par l'Occident pic.twitter.com/8WpnLKxMqT
— pat (@natypatou) 23 décembre 2016