ពលរដ្ឋហ្វីលីពីនត្រូវសុំឲ្យចេញពីផ្ទះ ក្នុងបុណ្យណូអែល
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 24, 2016
- ប្រធានបទ: គ្រោះធម្មជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខ្យល់ព្យុះសមុទ្រ និងភ្លៀង ដែលមានឈ្មោះ «Nock-Ten» និងដែលមានល្បឿន ២២២គីឡូម៉ែត្រ ក្នុងមួយម៉ោង នឹងវាយបោកបក់ នៅថ្ងៃអាទិត្យនេះ ទៅលើកោះ «Catanduanes» ដែលមានបណ្ដាជនរស់នៅ ប្រមាណជា២៥០ ០០០នាក់។ នេះជាការព្រមាន ឲ្យដឹងជាមុន របស់មជ្ឈមណ្ឌលឧត្តុនិយម របស់អាមេរិក កាលពីម្សិលម៉ិញ។
បន្ទាប់មកទៀត នៅថ្ងៃចន្ទ ខ្យល់ព្យុះនឹងបន្តដំណើររបស់ខ្លួន បោកបក់ទៅលើកោះធំ «Luçon» របស់ប្រទេសហ្វីលីពីន ដែលមានរដ្ឋធានី ម៉ានីល នៅចំកណ្ដាល។ អ្នកនាំពាក្យ ផ្នែកសន្តិសុខស៊ីវិល ប្រចាំតំបន់ «Bicol» ដែលមានកោះ «Catanduanes» បានថ្លែងឲ្យដឹងថា៖ «យើងបានជូនដំណឹង ពីការជម្លៀសពលរដ្ឋចេញ ដើម្បីបង្កគ្រោះថ្នាក់ ទៅកាន់អាជ្ញាធរមូលដ្ឋាន»។
តំបន់ «Bicol» ទាំងមូល ដែលមានពលរដ្ឋរស់នៅ ប្រមាណជា៥,៥លាននាក់ និងភាគច្រើនជាកសិករ តែងរងគ្រោះនឹងខ្យល់ព្យុះសមុទ្រជាញឹកញាប់ យ៉ាងហោច២០ដង ក្នុងមួយឆ្នាំៗ។
អ្នកទទួលខុសត្រូវមួយរូបទៀត របស់ខេត្ត «Albay» ដែលស្ថិតក្នុងតំបន់ដដែល បានអះអាងថា ពលរដ្ឋនៅក្នុងខេត្ត យ៉ាងហោច ៤០០ ០០០នាក់ នឹងត្រូវជម្លៀសចេញ ពីគេហដ្ឋានរបស់ពួកគេ។ អ្នកទទួលខុសត្រូវដដែល បានអំពាវនាវឲ្យពលរដ្ឋផ្សេងទៀត ឲ្យនៅជួបជុំជាមួយគ្រួសារ ឬជាមួយមិត្តភ័ក្រ ក្នុងអំឡុងពេលបុណ្យណូអែល។ លោកបាននិយាយថា៖ «យើងមិនមានកន្លែងគ្រប់គ្រាន់ ដើម្បីទទួលពលរដ្ឋទាំងអស់ នៅក្នុងមណ្ឌលជម្លៀសជនរងគ្រោះនោះទេ»។
ចំនួនខ្យល់ព្យុះ បានកើនឡើងយ៉ាងច្រើន និងមានកម្លាំងកាន់តែខ្លាំងឡើងៗ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមអ្នកវិទ្យាសាស្ត្រយល់ថា ការកើនឡើង នៃចំនួនខ្យល់ព្យុះនេះ បណ្ដាលមកពីការឡើងកម្ដៅ នៃភពផែនដី។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ខ្យល់ព្យុះសង្ឃរា «Haiyan» បានបក់កាត់កោះហ្វីលីពីននេះ និងបានបណ្ដាលឲ្យមនុស្ស ៧៣៥០នាក់បាត់ខ្លួន៕