សង្គមស៊ីវិល៖ «វិនាសកម្ម»ធ្ងន់ធ្ងរនៃការកាប់បំផ្លាញព្រៃឈើ កើនឡើង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 25, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការឃ្លាំមើលសិទ្ធិមនុស្ស និងធនធានធម្មជាតិនៃអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកនិងក្រៅស្រុក ដែលមានបណ្តាញរបស់ខ្លួន ទាំង២៤ខេត្ត-ក្រុងក្នុងប្រទេសកម្ពុជា បានបង្ហាញនូវផលវិបាក និងការព្រួយបារម្ភចំពោះការកាប់បំផ្លាញព្រៃឈើ និងការដឹកជញ្ជូនឈើដោយខុសច្បាប់នៅកម្ពុជា ដោយក្រុមហ៊ុនមួយចំនួន«ជ្រក»ក្រោមស្លាក សិទ្ធិទទួលបាន«ដីសម្បទាន» ពីរដ្ឋាភិបាលស្របច្បាប់ កំពុងដើរទៅរកនូវភាព«ហិនហោច» និង«វិនាសកម្ម»នៃព្រៃឈើនៅកម្ពុជា តាមរយៈការធ្វើសម្បទានដីព្រៃឈើ។
សន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅសមាគមអាដហុក ស្ដីពីវិនាសកម្មព្រៃឈើ។ (រូបថត MONOROOM.info/ O.Vary)
ធននានធម្មជាតិ - ចាប់រាប់មុនការបោះឆ្នោត រហូតមកទល់នឹងថ្ងៃនេះ ស្របពេលដែលវិបត្តិនយោបាល មិនទាន់បានដោះស្រាយបានចប់ផងនោះ មានក្រុមហ៊ុនមួយចំនួនបានយកឱកាលនេះ ពន្លឿននូវផែនការរបស់ខ្លួនក្នុងការកាប់រានយក«ដី»នឹង«ព្រៃ» ពិសេសព្រៃឈើក្នុងតំបន់ស្នូលការពារធម្មជាតិ ឧទ្យានជាតិ ដែនជម្រកសត្វព្រៃ និងតំបន់ប្រើប្រាស់ផ្សេងៗទៀតជាដើម។
ក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នៅការិយាល័យសមាគមអាដហុក រួមសហការជាមួយអង្គការចំនូនប្រាំ បានធ្វើការវាយតម្លៃទៅលើបញ្ហា«ប្រឈម» នៃភាពហិនព្រៃឈើក្នុងប្រទេសកម្ពុជា និងមូលហេតុមួយចំនួន ដែលឈានដល់ការកាប់បំផ្លាញព្រៃឈើ យ៉ាងធ្ងន់ធ្ងរចាប់ពីដើមឆ្នាំ២០១៣នេះ។
លោក ឈឹម សាវុធ អ្នកស្រាវជ្រាវធនធានធម្មជាតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា នាភាគឥសាន និងភាគឧត្តនៃប្រទេសកម្ពុជា មានការកាប់ផំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ។ លោកបន្តថា ក្រុមហ៊ុនដែលមាន«អាជ្ញាប័ណ្ណ» បាន«ខ្ចីដៃ»ប្រជាពលរដ្ឋក្នុងការកាប់ទន្ទានដី និងព្រៃ ដើម្បីលក់មកឲ្យខ្លួន។ ដែលនេះជាមូលហេតុនៃការព្រួយបារម្ភ ព្រោះអ្នកការពារ អ្នកថែរក្សានូវព្រៃឈើទាំងនោះក្នុងពេល កន្លងមកបានក្លាយជាអ្នក«បំផ្លាញ»ព្រៃឈើរបស់ខ្លួនឯងទៅវិញ។ លោកបានលើកជាឧទាហរណ៏ថា នៅឯភូមិស្រែវាល ដែលមានប្រជាជនមួយរយនាក់ ក្នុងនោះមានម៉ាស៊ីនកាត់ឈើដល់ទៅបីរយគ្រឿង និងមានអាវុធស្ទើរគ្រប់ដៃ នៅពេលចុះទៅកាប់ឈើទាំងនោះ។
អ្នកសម្របសម្រួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ក៏បានបន្ថែមថា ក្រុមហ៊ុនមួយចំនួន ដែលទទួលបាននូវដីព្រៃសម្បទាន ពីរដ្ឋាភិបាលក្នុងតំបន់នោះ គ្រាន់តែជា«លំនាំ»មួយដើម្បីឈានទៅរកការកាប់រានទន្រ្ទានព្រៃឈើ ដែលស្ថិតក្នុងតំបន់ជុំវិញនោះ។ ជាមួយគ្នានេះដែរ លោកនៅតែមានការព្រួយ ចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ ពិសេសអាជ្ញាធរមូលដ្ឋាន ក្នុងការកាប់រាន យកដី និងព្រៃឈើ ទៅលក់ឲ្យក្រុមហ៊ុន ដើម្បីតែថវិការបន្តិចបន្តួចក្នុងការចំអែតក្រពះ និងក្រួសារនោះ។ ជាមួយគ្នានេះដែរ លោកក៏បានបញ្ជាក់ពីមូលហេតុមមួយចំនួនថា ព្រោះតែខ្លាចការគំរាមកំហែង ការចាប់ខ្លួន ភាបទន់ខ្សោយនៃការយល់ដឹង ពិសេសកត្តាជីវភាព និងការរស់នៅ។ «ពួកគាត់និយាយថា បើគាត់មិនកាប់ គង់មានគេកាប់ ហើយបើមិនធ្វើនឹងមានការគម្រាមកំហែង ព្រមជាមួយនេះក៏នឹងអាចមានការចាប់ខ្លួន ហើយឲ្យពួកគាត់រស់នៅរំពឹងលើអ្វីទៀត បើដីច្រែចំការ ព្រៃឈើត្រូវបានកាប់អស់ទៅហើយនោះ»។
ជាមួយគ្នានេះលោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ក៏បានបញ្ជាក់ថា ដូចខេត្តកោះកុង ព្រៃឈើត្រូវបានកាប់យ៉ាងអាណាធិបតេយ្យ ដោយគ្មានច្បាប់។ ដីចំនួន៣៦០០០ហិកតា ត្រូវធ្វើការវិនិយោគ ប្រជាពលរដ្ឋក៏ត្រូវបានបណ្តេញចេញ និងដីចំនួន៦៩៨០ហិកតា ក៍កំពុងតែវិនិយោគឲ្យទៅក្រុមហ៊ុនក្នុងការដាំដំណាំកសិកម្ម។ លោកបន្តថា ជាមួយគ្នានេះអង្គការរបស់លោក ក៏បានដាក់របាយការណ៍ ជូនដំណឹងទៅរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ដើម្បីឲ្យមានការបញ្ឈប់ជាបន្ទាន់ តែមកទល់នឹងពេលនេះគ្មានចម្លើយតបនោះទេ។ ដំណាលគ្នានេះ លោកក៏បានដាក់ទៅតុលាការដែរ តែត្រូវបានបដិសេធមិនចាត់ការ ដោយបញ្ជាក់ថា «អង្គការសង្គមស៊ីវិល មិនមែនជាមន្រ្តីនគរបាលយុត្តិធម៌នោះទេ»។
លោកសេង សុខហេង អ្នកសម្របសម្រួលបណ្តាញកសាងសន្តិភាពសហគមទូទាំងប្រទេស បានបន្ថែមថាពីមួយអាណត្តិ ទៅមួយអាណត្តិ ការកាប់បំផ្លាញព្រៃឈើកាន់តែកើនឡើង ឯក្រុមរកស៊ីកាប់ឈើដោយខុសច្បាប់នៅតែមានឱកាស និងសេរីភាពពេញលេញក្នុងប្រទេស។ លោកបន្តរថាឈ្មួញរកស៊ីកាប់ព្រៃយកឈើ និងដីនៅកម្ពុជា មានលក្ខណៈជា«ប្រព័ន្ធ» ប្រព្រឹត្តអំពើពុករលួយ។ ម្យ៉ាងទៀតភាគច្រើន នៃអ្នកនៅពីក្រោយខ្នងនៃឈ្មួញកាប់ព្រៃឈើនោះ ជាអាជ្ញាធរមូលដ្ឋាន មន្រ្តីមានអំណាច កម្លាំងប្រដាប់អាវុធ និងមន្រ្តីយោធាជាដើម។ លោកបានបញ្ជាក់ថា បើអ្នកណាម្នាក់ហ៊ានចេញមុខការពារព្រៃឈើ នឹងប្រឈមការកំហែងពីសុវត្តិភាពផ្ទាល់ខ្លួន និងអាយុជីវិត។
ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូមិនអាចទំនាក់ទំនងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និងមន្ត្រីជំនាញដទៃទៀតរបស់រដ្ឋាភិបាល បានទេក្នុងល្ងាចនេះ។ តែកាលពីដើមឆ្នាំ២០១៣ ក្នុងថ្ងៃទី២២ ខែកុម្ភៈកន្លងមកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាលើបទបញ្ជាពីរ ស្តីពីវិធានការបង្ការទប់ស្គាត់ និងបង្ក្រាប ការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំឈើក្រញូងចេញ ក្នុងកថាខណ្ឌទីពីរបានលើកឡើងថា ករណីមានការដឹកឈើឆ្លងដែលខុសច្បាប់ ក្នុងភូមិសាស្រ្តឈរជើងរបស់អង្គភាពសមត្ថកិច្ចណាមួយ មេបញ្ជាការអង្គភាពនោះ ត្រូវមានការទទួលខុសត្រូវចំពោះមុខរដ្ឋាភិបាល។
ទោះជាយ៉ាងណាក៏ដោយ កន្លងមកគេតែងតែសង្កេតឃើញថា វិធានការច្បាប់ មិនត្រូវបានយកទៅអនុវត្តន៍ពេញលេញនោះទេ។ យោងតាមមាត្រា ១០១ នៃច្បាប់ព្រៃឈើ បានបញ្ជាក់ថា ការមិនរាយការណ៍ ឬមិនបានដាក់ពាក្យបណ្តឹង ចំពោះបទល្មើសព្រៃឈើ ដែលបានកើតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន បានទាន់ពេលវេលា។ តាមមាត្រា៩៧ នៃច្បាប់ព្រៃឈើដដែលបានបន្ថែមថា ជនដែលប្រព្រឹត្តបទល្មើសព្រៃឈើ ត្រូវជាប់ពន្ធនាគារពី៥ទៅ១០ឆ្នាំ និងរឹបអូសវត្ថុតាងទាងអស់ដាក់ជាសម្បត្តិរដ្ឋ។ មាត្រា៨៥ នៃច្បាប់ដដែលនេះ ក៏បានកំណត់ពីអាជ្ញាយុកាលចំនួន១៥ឆ្នាំ ចំពោះបទល្មើសព្រៃឈើ៕
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ