បក្សសង្គ្រោះជាតិប្រាប់ពលរដ្ឋឲ្យដេញ ហ៊ុន សែន ចេញពីដំណែង
ខណៈមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ កាន់តែខិតជិតចូលមកដល់ គណបក្សជំទាស់នេះ កំពុងតែបញ្ចុះបញ្ចូលប្រជាពលរដ្ឋតាមបណ្តាខេត្តកាន់តែច្រើនឡើងៗ និងមានភាពស្រួចស្រាលជាងលើកមុនៗ ដើម្បីបន្តទាមទារនូវអ្វី ដែលគណបក្សជំទាស់ដ៏មានប្រជាប្រិយភាពនេះ ហៅថា «ការផ្លាស់ប្តូរ និងយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត»។
លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា ពេលដង្ហែបុណ្យកឋិនទានចូលវត្តសាមគ្គីរង្សី។ (រូបថត គណបក្ស)
នយោបាយ - ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុងដំណើរចុះជួបអ្នកគាំទ្រ នៅស្រុកកៀន ស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បានធ្វើការចោទប្រកាន់រដ្ឋាភិបាលបច្ចុប្បន្នចំៗថា ជារដ្ឋាភិបាលធ្វើបាបរាស្រ្ត ហើយទៅបំរើយួនឈ្លានពានខ្មែរ ដូច្នេះចាំចាច់ត្រូវតែដូរចេញ។ ប្រធានគណបក្សជំទាស់រូបនេះបញ្ជាក់ថា៖ «បងប្អូនចង់ដូរមែនទេ? ចង់ឲ្យលោក ហ៊ុន សែន ចុះចេញពីដំណែងមែនទេ? ហើយហ៊ានធ្វើបាតុកម្មតទៀតមែនទេ? ហ៊ានទាមទារឲ្យចុះចេញ ហើយបើមិនចុះ ដេញ! ហ៊ានទេ?»។
បន្តពីការថ្លែងរបស់លោក សម រង្ស៊ី ស្រី្តវ័យ៥០ឆ្នាំផ្លាយម្នាក់ ដែលកាន់ក្បាលមេក្រូស្ទើរមិនជាប់ដៃ និងស្រែកទាំងញ័រមាត់ ស្ទើរភ្លាត់សំឡេង ថា៖ «ខ្ញុំស្អប់ណាស់ពួកកុម្មុយនិស្ត អ្នកចាញ់យកសម្លាប់ចោល កម្ពុជាក្រោម(...) អាពួកកុម្មុនិស្តនេះ វាបង្កើត វាសម្លាប់ហើយវាថតទុក វាធ្វើ៧មករា គោលការណ៍វាមានតែ៧មករា មិនដែលមានអ្វីទេ»។
ទន្ទឹមនឹងនេះបុរសវ័យ៧០ឆ្នាំផ្លាយម្នាក់ទៀត ដែលឈរក្បែរលោក សម រង្ស៊ី និងលោក កឹម សុខា ជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិ បានស្នើថា៖ «ខ្ញុំសុំលោកប្រធានដឹកនាំបាតុករទៅកាន់ផ្ទះលោក ហ៊ុន សែន តែម្តងទៅ»។ បុរសវ័យចំណាស់ដដែលនេះអះអាងថា ការដឹកនាំសព្វថ្ងៃនេះមិនត្រឹមត្រូវ និងមិនគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋនោះទេ ដូច្នេះត្រូវតែមានការផ្លាស់ប្តូរ។
ក្នុងសេចក្តីប្រកាសព័ត៌របស់គណបក្សសង្រ្គោះជាតិ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះបានបញ្ជាក់ថា គណបក្សខ្លួននឹងជួបជុំអ្នកគាំទ្រក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ដោយចាប់ផ្តើមពីថ្ងៃទី១០ធ្នូ នៅខេត្តសៀមរាប ១១ធ្នូនៅតំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ១២ធ្នូតំបន់ព្រៃឡង់ខេត្តកំពង់ធំ និងថ្ងៃទី១៥ ខែធ្នូ រៀបចំធ្វើមហាបាតុកម្មអហិង្សា នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ហើយមហាបាតុកម្មនេះ នឹងធ្វើជាបន្តបន្ទាប់រៀងរាល់ថ្ងៃអាទិត្យដោយគ្មានការកំណត់។
ជុំវិញគម្រោងមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា កត់សម្គាល់ថា វាជាសិទ្ធិសេរីភាពរបស់គណបក្សនយោបាយ នៅក្នុងប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យ តែគណបក្សនេះមិនគួរបោះបង់ការចរចា ជាមួយគណបក្សប្រជាជនកម្ពុជា ជំនួសដោយការធ្វើបាតុកម្មនោះទេ ព្រោះការចរចាអាចមានប្រសិទ្ធិភាពជាងការធ្វើបាតុកម្ម និងអាចជៀសវាងការប្រើអំពើហិង្សា នៅក្នុងការដោះស្រាយ ការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ។
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ